ផែនការកំណត់ឱ្យរដ្ឋកាន់កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗនេះ គឺជាផ្នែកមួយនៃកម្មវិធីរៀបចំរចនាសម្ព័ន្ធដើមទុនរដ្ឋរបស់វៀតណាម សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ គ្របដណ្តប់លើសហគ្រាសចំនួន ២១ ដែលគ្រប់គ្រងដោយរដ្ឋ ឬមានការគាំទ្រពីរដ្ឋ។ យោងតាមផែនការនេះ រដ្ឋាភិបាលវៀតណាម នឹងរក្សាភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗចំនួន៣ រួមមាន ធនាគារ BIDV ធនាគារ Vietcom bank និងធនាគារ Vietin Bank។ ចំណែកឯធនាគារ Agri bank នឹងបន្តស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋទាំងស្រុង។ ក្នុងវិស័យថាមពល វៀតណាមនឹងបន្តកាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុនអគ្គិសនីវៀតណាម និងក្រុមហ៊ុន PetroVietnam ហើយរដ្ឋវៀតណាម ក៏នឹងរក្សាកម្មសិទ្ធិទាំងស្រុងលើសាជីវកម្មផ្លូវល្បឿនលឿនផងដែរ។
ផ្ទុយទៅវិញភាគហ៊ុនផ្ទាល់របស់រដ្ឋនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងកើនឡើងពីជាង៣៩%ទៅដល់ជាង៨៦% នៅឆ្នាំ២០៣០។ ចំណែកឯភាគហ៊ុននៅក្នុងក្រុមហ៊ុនកៅស៊ូវៀតណាម នឹងត្រូវកាត់បន្ថយពីជាង៩៦% មកនៅត្រឹម៧៥%។
ផែនការនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាព កែលម្អអភិបាលកិច្ច និងប្រើប្រាស់ដើមទុនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈវៀតណាម បន្តរក្សាការគ្រប់គ្រងរបស់រដ្ឋលើវិស័យ ដែលចាត់ទុកថា មាន
សារៈសំខាន់ជាយុទ្ធសាស្ត្រ។ ទិន្នន័យបានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៥ វៀតណាម មានសហគ្រាសរដ្ឋសរុបចំនួន៦៩៥ ក្នុងនោះ៤៩៧ ជាសហគ្រាសដែលរដ្ឋកាន់កាប់ទាំងស្រុង៕
ដោយ: តែម សុខុម