យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា តម្លៃអង្ករនាំចេញរបស់វៀតណាម បានបន្តហក់ឡើងក្នុងខែកក្កដា ដោយអង្ករក្រអូបលំដាប់ខ្ពស់របស់វៀតណាម កំពុងលក់បានថ្លៃជាងអង្ករស្រដៀងគ្នាពីប្រទេសថៃ និងឥណ្ឌា។ ទោះជាយ៉ាងណា ទីផ្សារអង្ករពិភពលោកនៅតែស្ថិតក្រោមសម្ពាធ។ ក្រុមប្រឹក្សាធញ្ញជាតិ អន្តរជាតិ បានព្យាករថា ផលិតកម្មអង្ករទូទាំងពិភពលោកក្នុងរដូវកាល ២០២៦-២០២៧ នឹងកើនដល់៥៤៥លានតោនលើសតម្រូវការប្រើប្រាស់៥៤៣លានតោន ដែលអាចបន្តដាក់សម្ពាធលើតម្លៃអង្ករ។
លើសពីនេះក្រុមអ្នកជំនាញ ក៏ព្រមានដែរថា បាតុភូតធម្មជាតិ អែលនីណូ អាចបង្កគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍នៅឆមាសទី២ និងជះផលប៉ះពាល់ដល់ការផលិតអង្កររបស់ប្រទេសជាច្រើន។ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៦ វៀតណាម បាននាំចេញអង្ករជាង៥លានតោនក្នុងទំហំទឹកប្រាក់ជាង២,៣ពាន់លានដុល្លារអាម៉េរិក។ បើទោះបីបរិមាណនាំចេញកើនឡើង២,៥%ក៏ដោយ ប៉ុន្តែតម្លៃនាំចេញសរុបបានធ្លាក់ចុះ៩,២% ដោយសារតម្លៃអង្ករជាមធ្យមទាបជាងឆ្នាំមុន។
ប្រទេសហ្វីលីពីន នៅតែជាទីផ្សារធំបំផុតសម្រាប់អង្ករវៀតណាម ដោយនាំចូលរហូតដល់ជាង២,៣លានតោន ខណៈចិន ឈរនៅលំដាប់ទី២ ជាមួយការនាំចូលជាង៩១៥តោន។ ទន្ទឹមនេះ ក្រសួងកសិកម្មអាម៉េរិក បានដំឡើងការព្យាករការនាំចេញអង្កររបស់វៀតណាមក្នុងឆ្នាំនេះឈានដល់ជាង៨លានតោន ដោយសារតម្រូវការបន្តកើនឡើងពីទីផ្សារដែលមានស្រាប់។
ក្រុមអ្នកជំនាញលើកឡើងថា ដើម្បីរក្សាភាពប្រកួតប្រជែង វៀតណាមត្រូវបន្តលើកកម្ពស់គុណភាពអង្ករ ពង្រឹងម៉ាកយីហោ ពង្រីកទីផ្សារថ្មីៗ និងអនុវត្តតាមស្តង់ដារពាណិជ្ជកម្មអន្តរជាតិកាន់តែតឹងរ៉ឹង ខណៈការប្រកួតប្រជែងលើទីផ្សារពិភពលោកកំពុងកើនឡើងជាបន្តបន្ទាប់៕