តំណងភ្ជាប់ (Link) ឬ File ឯកសារ ដែលសង្ស័យថា ជាប្រភេទមេរោគ កំពុងរាលដាលនៅក្នុងប្រព័ន្ធតេឡក្រាម ភាគច្រើននៅផ្នែកខាងចុង (Extension)របស់វា មានឈ្មោះដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi និង .scr ជាដើម។ ឯកសារទាំងនេះ អាចផ្ទុកមេរោគ ដែលត្រូវបានក្រុមចោរអេឡិចត្រូនិកប្រើប្រាស់ដើម្បីដំឡើងលើទូរសព្ទ ឬកុំព្យូទ័ររបស់ជនរងគ្រោះ ហើយលួចយកព័ត៌មានសម្ងាត់ និងគ្រប់គ្រងគណនីឌីជីថលរបស់ពួកគេ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា បច្ចុប្បន្នកំពុងមានការកើនឡើងនៃសារ Telegram ដែលបន្លំជាឯកសារអាជីវកម្ម ឯកសារសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុ ដោយដាក់ឈ្មោះទាក់ទាញដូចជា Business Plan.exe, Important Documents.exe, View Privately.exe, តារាងប្រាក់ខែ.exe, ឯកសារ៦.zip និង Latest National News.exe ជាដើម ដើម្បីបោកបញ្ឆោតឱ្យអ្នកប្រើប្រាស់ចុចបើក។ ក្រសួងបានណែនាំឱ្យមានការប្រុងប្រយ័ត្ន ទោះបីជាសារនោះត្រូវបានផ្ញើពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយក និងកំពុងប្រើប្រាស់សម្រាប់បន្តចែកចាយមេរោគ។
ដើម្បីការពារគណនី និងឧបករណ៍របស់ខ្លួន ក្រសួងបានផ្ដល់អនុសាសន៍ដូចខាងក្រោម៖
- បើកមុខងារ Two-Step Verification សម្រាប់គណនី Telegram និងពិនិត្យ Active Sessions ជាប្រចាំ។
- ពិនិត្យឈ្មោះឯកសារ និងផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុចបើក។
- ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើថា សារនោះពិតជាត្រូវបានផ្ញើដោយពួកគេ មុនពេលចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់។
- ប្រសិនបើមានការសង្ស័យ សូមលុបសារ និងឯកសារភ្ជាប់នោះភ្លាម ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ ឬមធ្យោបាយផ្សេង ដើម្បីជូនដំណឹងថាគណនី Telegram របស់ពួកគេអាចត្រូវបានលួចចូល។
- ដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធីការពារមេរោគ (Antivirus) ជាប្រចាំ។
ក្នុងករណីដែលលោកអ្នកបានចុចលើតំណភ្ជាប់ ឬឯកសារគួរឱ្យសង្ស័យរួចហើយ ក្រសួងណែនាំឱ្យអនុវត្តវិធានការបន្ទាន់ដូចជា៖
- កុំបញ្ចូលព័ត៌មានសម្ងាត់ ឬពាក្យសម្ងាត់ណាមួយ។
- ផ្ដាច់ឧបករណ៍ចេញពីការភ្ជាប់អ៊ីនធឺណិតភ្លាមៗ។
- ពិនិត្យ Active Sessions និងលុប (Terminate) រាល់ Session ដែលមិនស្គាល់។
-បើកមុខងារ Two-Step Verification ប្រសិនបើមិនទាន់បានបើក។
- លុបតំណភ្ជាប់ ឬឯកសារដែលគួរឱ្យសង្ស័យចេញពីទូរសព្ទ ឬកុំព្យូទ័រ និងធ្វើការស្កេនឧបករណ៍ដោយកម្មវិធីការពារមេរោគ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងកុំចុចបើកតំណភ្ជាប់ ឬឯកសារណាមួយដែលមិនច្បាស់ប្រភព ដើម្បីការពារគណនី និងទិន្នន័យផ្ទាល់ខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។