ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំតែមួយគត់នៅកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិមួយនេះ បានទាក់ទាញអ្នករត់ប្រណាំងជាតិ និងអន្តរជាតិជាង ៦,០០០ នាក់ ឱ្យមកជួបជុំគ្នានៅលើទឹកដីនៃតំបន់បេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរស្មារតីអំណត់ធន់ បេតិកភណ្ឌវប្បធម៌ និងការរួមចំណែកជំរុញវិស័យទេសចរណ៍កីឡាដល់សេដ្ឋកិច្ចមូលដ្ឋាន។
ចំនួនអ្នកចុះឈ្មោះចូលរួមសរុបបានកើនឡើងពីប្រមាណ ៤,៥០០ នាក់ ក្នុងឆ្នាំ២០២៥ រហូតដល់ជាង ៦,៥០០ នាក់ ក្នុងឆ្នាំ២០២៦ នេះ ដែលស្តែងឱ្យឃើញពីការទាក់ទាញកាន់តែខ្លាំងឡើងនៃព្រឹត្តិការណ៍នេះទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកនៃ ហ្វតតេ គ្រុប ព្រមទាំងដៃគូអាជីវកម្ម និងដៃគូធនាគារ (Bancassurance) ដែលបានចូលរួមរត់ប្រណាំងលើគ្រប់វិញ្ញាសាចម្ងាយ ចាប់ពី ៣ គីឡូម៉ែត្រ រហូតដល់ ៤២ គីឡូម៉ែត្រ។
ការឧបត្ថម្ភគាំទ្រជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងស្របគ្នានឹងឱកាសនៃពិធីអបអរសាទរខួប ២៧ ឆ្នាំ (១៩៩៩–២០២៦) របស់ក្រុមហ៊ុន ហ្វតតេ ក្រោមប្រធានបទ៖ «ខែលការពារ និងជានិមិត្តរូបនៃធានារ៉ាប់រងជាទីទុកចិត្ត រយៈពេល ២៧ ឆ្នាំ នៅកម្ពុជា»។
ដំណើររួមគ្នានៃភាពធន់ ភាពរឹងមាំ និងទំនុកចិត្ត
កីឡារត់ប្រណាំងម៉ារ៉ាតុង គឺជាការតេស្តសាកល្បងពិតប្រាកដនៃភាពធន់ វិន័យ និងគោលបំណងច្បាស់លាស់ — ដែលគុណតម្លៃទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីដំណើរ ២៧ ឆ្នាំរបស់ ហ្វតតេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអរូបិយនៃភាពធន់ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ដូចគ្នានឹងអ្នករត់ប្រណាំងម៉ារ៉ាតុងដែលពុះពារបោះជំហានទៅមុខបន្តិចម្តងៗឆ្លងកាត់រាល់បញ្ហាប្រឈមដើម្បីឈានទៅដល់ទីព្រ័ត្រ ហ្វតតេ បានចំណាយពេលជិតបីទសវត្សរ៍ក្នុងការឈរជើងយ៉ាងរឹងមាំនៅក្បែរគ្រួសារកម្ពុជា ម្ចាស់សហគ្រាស និងស្ថាប័ននានា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់ចាប់យកក្តីស្រមៃ និងគោលដៅរបស់ខ្លួនប្រកបដោយភាពប្រាកដប្រជា។
ក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរនេះ លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃ ហ្វតតេ គ្រុប បានគូសបញ្ជាក់ពីការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងស្មារតីនៃកីឡាម៉ារ៉ាតុង និងសមិទ្ធផលប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ ហ្វតតេ៖
«កាលពីយើងបានចាប់ផ្តើមបោះជំហានដំបូងក្នុងឆ្នាំ១៩៩៩ គោលគំនិតនៃការកសាងសំណាញ់សុវត្ថិភាព និងការការពារហិរញ្ញវត្ថុនៅកម្ពុជាគឺស្ទើរតែមិនទាន់មាននៅឡើយ។ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ យើងបានកសាងសមិទ្ធផលប្រវត្តិសាស្ត្រដែលផ្អែកលើគ្រឹះនៃទំនុកចិត្ត និងភាពធន់ដ៏រឹងមាំមិនអាចរំកិលបាន។ ការឧបត្ថម្ភគាំទ្រ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ មិនមែនគ្រាន់តែជាកិច្ចសហការដៃគូប៉ុណ្ណោះទេ ប៉ុន្តែវាជាការអបអរសាទរមោទនភាពជាតិ និងភាពអំណត់ធន់។ ដូចគ្នានឹងព្រឹត្តិការណ៍ម៉ារ៉ាតុងនេះដែលបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅលើទឹកដីប្រវត្តិសាស្ត្រខ្មែរ ហ្វតតេ នៅតែបន្តប្តេជ្ញាចិត្តដើរតួជាកម្លាំងចលករដ៏រឹងមាំនៅពីក្រោយភាពរីកលូតលាស់សេដ្ឋកិច្ចយូរអង្វែង និងវិបុលភាពរួមគ្នារបស់កម្ពុជា»។
បន្ថែមលើចក្ខុវិស័យនេះ លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖
«អស់រយៈពេល ២៧ ឆ្នាំមកនេះ បេសកកម្មរបស់ ហ្វតតេ គឺលាតសន្ធឹងហួសពីបណ្ណសន្យារ៉ាប់រង។ យើងផ្តោតលើការកសាងសង្គមជាតិមួយដែលមានភាពធន់ សុខភាពល្អ និងការរីកចម្រើន។ ការឧបត្ថម្ភគាំទ្រ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណរបស់យើងក្នុងនាមជាខែលការពារហិរញ្ញវត្ថុរបស់ជាតិ។ ដូចគ្នានឹងអ្នករត់ប្រណាំងដែលពឹងផ្អែកលើភាពអំណត់ធន់ដើម្បីឆ្លងកាត់ទីព្រ័ត្រ ប្រជាជនកម្ពុជាតែងតែទុកចិត្តលើ ហ្វតតេ ក្នុងការការពារសមិទ្ធផលរបស់ពួកគាត់ និងជួយជ្រោមជ្រែងក្តីស្រមៃសម្រាប់ថ្ងៃអនាគត»។
ការជំរុញវិស័យសុខាភិបាល ទេសចរណ៍ និងកំណើនសេដ្ឋកិច្ច
ព្រឹត្តិការណ៍នេះត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Forbes ថាជា «គោលដៅម៉ារ៉ាតុងទាំង១២ ក្នុងលោក ដែលគួរតែធ្វើដំណើរទៅកម្ពុជាសម្រាប់ឆ្នាំ២០២៦» និងត្រូវបានដាក់បញ្ចូលក្នុងការបោះពុម្ពផ្សាយរបស់ AIMS World Running ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ បានពង្រឹងទីតាំងរបស់កម្ពុជាយ៉ាងរឹងមាំនៅលើផែនទីទេសចរណ៍កីឡាសកល។
តាមរយៈការជួបជុំរបស់អ្នកចូលរួម និងក្រុមហគ្រួសារជាង ៦,០០០ នាក់ ព្រឹត្តិការណ៍នេះបានផ្តល់ជាកម្លាំងជំរុញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក៖
-ការលើកកម្ពស់សុខភាព និងសុខុមាលភាព៖ ជំរុញរៀបចំរបៀបរស់នៅដែលមានសកម្មភាព រាងកាយមាំមួន និងពង្រឹងការផ្សារភ្ជាប់គ្នានៅក្នុងសហគមន៍។
-ការបង្កើនចលនាទេសចរណ៍ក្នុងស្រុក៖ ការបំពេញបន្ថែមភ្ញៀវនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មដឹកជញ្ជូន និងអាជីវកម្មខ្នាតតូចទូទាំងខេត្តសៀមរាប។
-ការបង្ហាញមោទនភាពជាតិ៖ ការរំលេចនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ប្រាសាទបុរាណ និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជាជូនដល់ភ្ញៀវទេសចរអន្តរជាតិ និងស្ថាប័នសារព័ត៌មានជុំវិញពិភពលោក។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បានគូសបញ្ជាក់ពីផលវិជ្ជមានតាមរយៈកត្តាធនធានមនុស្សជាស្នូល៖
«ការបានឃើញអ្នករត់ប្រណាំងជាង ៦,០០០ នាក់ បោះជំហាននៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ គឺស្ដែងឱ្យឃើញពីថាមពលដ៏រស់រវើក និងការយកចិត្តទុកដាក់លើសុខភាពរបស់ប្រទេសជាតិយើង។ ក្នុងនាមជាក្រុមហ៊ុនដែលកសាងឡើងដោយផ្អែកលើទេពកោសល្យ និងសមត្ថភាពធនធានមនុស្សក្នុងស្រុក ហ្វតតេ មានមោទនភាពយ៉ាងក្រៃលែងក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាន ជំរុញអាជីវកម្មក្នុងខេត្ត និងផ្តល់សិទ្ធិអំណាចដល់ប្រជាជនឱ្យបោះជំហានទៅមុខប្រកបដោយភាពជឿជាក់»។
ការការពាររាល់ជំហាននៃអនាគតរបស់កម្ពុជា
សម្លឹងទៅកាន់ភាពរីកចម្រើនរបស់អ្នកជំនាន់ក្រោយ លោក ព្រូ ស៊ីថន អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានរំលេចពីបំណងប្រាថ្នាក្នុងការធ្វើឱ្យដំណោះស្រាយគាំពារកាន់តែមានភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការរបស់គ្រប់គ្រួសារកម្ពុជា៖
«អស់រយៈពេល ២៧ ឆ្នាំកន្លងមកនេះ ហ្វតតេ បានរួមចំណែកការពារការរីកចម្រើនរបស់ប្រជាជន ក្រុមគ្រួសារ និងអាជីវកម្មនានានៅកម្ពុជា។ នៅពេលដែលយើងចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មី ការប្តេជ្ញាចិត្តរបស់យើង គឺច្បាស់លាស់បំផុត រួមមាន៖ ជួយប្រជាជនក្នុងការការពារ (Protect) អ្វីដែលសំខាន់ ជម្នះ និងតស៊ូអំណត់ (Persist) រាល់ភាពមិនប្រាកដប្រជា និងឈានទៅរកវិបុលភាព (Prosper) ប្រកបដោយភាពជឿជាក់។ ក្នុងរយៈពេល ២៧ ឆ្នាំខាងមុខទៀត បំណងប្រាថ្នារបស់យើងគឺចង់ឃើញគ្រប់បុគ្គល និងគ្រប់គ្រួសារនៅកម្ពុជា ទទួលបានការការពារយ៉ាងហោចណាស់ មួយផលិតផលពី ហ្វតតេ ។ នៅពេលដែលប្រជាជនគិតដល់ធានារ៉ាប់រង និងសុវត្ថិភាពហិរញ្ញវត្ថុ យើងចង់ឱ្យ ហ្វតតេ ជាឈ្មោះដំបូងគេដែលពួកគាត់ស្គាល់ ទុកចិត្ត និងនឹកឃើញមុនគេ — ក្នុងគ្រប់ដំណាក់កាលនៃជីវិត»។