អាម៉េរិក-អ៊ីរ៉ង់

តើមេដឹកនាំប្រទេស និងស្ថាប័នធំៗណាខ្លះបានផ្ញើសារអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់?


រលកសន្តិភាពកំពុងគ្របដណ្ដប់លើឆាកអន្តរជាតិ ដោយមេដឹកនាំកំពូលៗនៅជុំវិញពិភពលោកបានចេញមកសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ជាមួយគ្នានេះ បណ្ដាប្រទេសនៅតំបន់អឺរ៉ុបបានបង្ហើបសញ្ញាវិជ្ជមានថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ធូរបន្ថយ និងលើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងតេអេរ៉ង់ ជាថ្នូរនឹងអ៊ីរ៉ង់ព្រមដកថយ និងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។
អាម៉េរិក-អ៊ីរ៉ង់
ដោយ

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេបាស សារីហ្វ (Shehbaz Sharif) បានគូសបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងអស់រយៈពេលជាង៣ខែមកនេះ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃទី១៤ ខែមិថុនា។ កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការបញ្ចប់ជម្លោះភ្លាមៗ និងជាអចិន្ត្រៃយ៍ ដោយពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ សប្ដាហ៍នេះ នៅក្នុងប្រទេសស្វីស ដែលគេរំពឹងថា នឹងបើកផ្លូវឱ្យមានកិច្ចពិភាក្សាបន្ថែទៀតលើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។

ភ្លាមៗបន្ទាប់ពីរកិច្ចព្រមព្រៀងសន្តិភាពត្រូវបានប្រកាសឡើង ក្រុមប្រទេសយុទ្ធសាស្ត្រអឺរ៉ុបទាំង៤ ឬ E4 ដែលរួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយកោតសរសើរថា នេះគឺជាឱកាសមាសក្នុងការស្តារស្ថិរភាពឡើងវិញនៅតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានលំនឹងឡើងវិញ។ ក្រុមប្រទេស E4 បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីសម្រេចគោលដៅសន្តិភាពនេះ។

ងាកទៅមើលតំបន់អាស៊ីវិញលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុនបានបង្ហោះសារលើបណ្ដាញសង្គម X នៅថ្ងៃទី១៥ ខែមិថុនា ថា ប្រទេសជប៉ុនសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងនេះ ដែលវាជាជំហានដ៏មានសារៈសំខាន់បំផុត ក្នុងការទម្លុះទម្លាយស្ថានការណ៍ដ៏តានតឹង។ ទីក្រុងតូក្យូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តទៅមុខយ៉ាងរលូន ហើយសុវត្ថិភាពនៃការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នឹងត្រូវបានធានាជាដាច់ខាត។

ជាមួយគ្នានេះលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានផ្ញើសារអបអរសាទរចំពោះភាគីជម្លោះទាំងសងខាង ដោយលោកបានប្រសិទ្ធនាមកិច្ចព្រមព្រៀងនេះថា ជាជំហានដ៏ធំឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងបានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីជាអ្នកសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន កាតា និងបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដទៃទៀត។

ដោយឡែកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់ថូនី អាល់បានីស (Anthony Albanese) បានគូសបញ្ជាក់ថា ទោះបីជាការស្ដារសេដ្ឋកិច្ចឡើងវិញត្រូវចំណាយពេលយូរបន្តិចមែន ប៉ុន្តែការបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ គឺជារឿងចាំបាច់បំផុត ដើម្បីបន្ធូរបន្ថយសម្ពាធលើតម្លៃថាមពលសកល។ ស្រដៀងគ្នានេះ ក្រសួងការបរទេសកាតា ក៏បានសាទរ និងចាត់ទុកថា នេះជាការបើកផ្លូវឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។

ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះកើតឡើងចំពេលថៃដែលលោក ដូណាល់ ត្រាំ ត្រូវធ្វើដំណើរទៅចូលរួមជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំមកពីក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) និងសហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលរៀបចំឡើងនៅទីក្រុង អេវីយ៉ង់ ឡេ បាំង (Évian-les-Bains) នៃប្រទេសបារាំង ក្រោមក្រសែភ្នែកតាមដានយ៉ាងអន្ទះសារពីសំណាក់ពិភពលោកទាំងមូល៕

អត្ថបទៈ សួន ឡង់ទី. រូបភាព




អត្ថបទបន្ទាប់


អាម៉េរិក និងអ៊ីរ៉ង់ត្រូវរ៉ូវគ្នាធ្វើឱ្យកម្រើកទីផ្សារសកល ដោយតម្លៃប្រេងដាំក្បាលចុះ រីឯមាស និងភាគហ៊ុនហក់ឡើង

គ្រាន់តែកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់លេចចេញពន្លឺភ្លាម សកម្មភាពសេដ្ឋកិច្ចពិភពលោកសឹងតែគ្រប់វិស័យ ក៏បានកម្រើកឡើងប្រកបដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ