អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើផែនទីបង្ហាញផ្លូវ៦០ថ្ងៃ រុញឱ្យតម្លៃប្រេងឆៅសកលដាំក្បាលចុះភ្លាមៗ

អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ៦០ថ្ងៃ រុញឱ្យតម្លៃប្រេងឆៅសកលដាំក្បាលចុះភ្លាមៗ


កិច្ចចរចាកម្រិតខ្ពស់ជុំទី១រវាងតំណាងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្រោមការសម្របសម្រួលដ៏ស្វិតស្វាញរបស់ប្រទេសកាតា និងប៉ាគីស្ថាននៅប្រទេសស្វីស បានបិទបញ្ចប់ជាមួយលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ទោះបីជាជំនួបកំពូលនេះបានធ្វើឡើងចំពេលមានការរំខានដោយភាពតានតឹងយោធាយ៉ាងខ្លាំង ក្រោយអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រម៉ូសឡើងវិញ ហើយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ព្រមានវាយប្រហារបកវិញក៏ដោយ ប៉ុន្តែលទ្ធផលចុងក្រោយបានបង្ហាញពីពន្លឺសន្តិភាព និងមានវឌ្ឍនភាពល្អប្រសើរហួសពីការរំពឹងទុក។
អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើផែនទីបង្ហាញផ្លូវ៦០ថ្ងៃ រុញឱ្យតម្លៃប្រេងឆៅសកលដាំក្បាលចុះភ្លាមៗ
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសកាតា និងប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការទូតដ៏សំខាន់បានបង្ហាញថា អាម៉េរិក និងអ៊ីរ៉ង់បានឈានដល់ការឯកភាពគ្នាលើផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រមួយ ដើម្បីបើកផ្លូវឆ្ពោះទៅរកការចុះកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយក្នុងរយៈពេល៦០ថ្ងៃខាងមុខ។ ជាមួយគ្នានេះ កិច្ចចរចាបច្ចេកទេសលម្អិត នឹងត្រូវបន្តធ្វើឡើងពេញមួយសប្តាហ៍នេះ ក្រោមការគ្រប់គ្រងសម្របសម្រួលផ្ទាល់ពីភាគីកាតា។

ផ្លែផ្កាជាប្រវត្តិសាស្ត្រ នៃការចរចាជុំទី១នេះរួមមានចំណុចគន្លឹះសំខាន់ៗ ដែលមិនធ្លាប់មាន ពោលគឺភាគីទាំងពីរបានព្រមព្រៀងគ្នាលើយន្តការបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងបានសម្រេចចិត្តបើកខ្សែទូរសព្ទទំនាក់ទំនងផ្ទាល់រវាងយោធា និងយោធា ដើម្បីធានាសន្តិសុខ សុវត្ថិភាព ក៏ដូចជាបញ្ចៀសការប៉ះទង្គិចជាយថាហេតុសម្រាប់ការឆ្លងកាត់របស់នាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូស។

ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងបឋមនេះត្រូវបានលាតត្រដាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាជី (Abbas Araqchi) បានបង្ហោះសារនៅលើបណ្ដាញសង្គមថា ទីក្រុងតេអេរ៉ង់ ទទួលបានការលើកលែងទណ្ឌកម្មមួយចំនួនសម្រាប់ការនាំចេញប្រេងឆៅ និងផលិតផលគីមីឥន្ធនៈ រួមទាំងទទួលបានការដោះលែងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលធ្លាប់ត្រូវបានបង្កកកន្លងមក ដែលនេះជាកាតាលីករដ៏សំខាន់សម្រាប់ចាប់ផ្តើមផែនការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញ។

របត់ការទូតដ៏វិជ្ជមាននេះបានអង្រួនទីផ្សារថាមពលសកលភ្លាមៗ ដោយវាបានជួយកាត់បន្ថយការព្រួយបារម្ភអំពីវិបត្តិខ្វះខាតការផ្គត់ផ្គង់ប្រេង។ ជាលទ្ធផលតម្លៃប្រេងឆៅប្រភេទ Brent នៅក្នុងទីផ្សារអន្តរជាតិបានដាំក្បាលចុះជាង១ដុល្លារ ឬស្មើនឹងជាង១% ដោយធ្លាក់មកនៅត្រឹមជាង៧៩ដុល្លារក្នុង១បារ៉ែល។ ដោយឡែក ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក រក្សាតម្លៃនៅត្រឹមជាង៧៦ដុល្លារក្នុង១បារ៉ែលមានការកើនឡើងបន្តិចបន្តួច។

លោកស្រី ស៊ូហ្គាន់ដា សាចដេវ៉ា (Sugandha Sachdeva) ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចមួយ ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានផ្តល់ការវិភាគស៊ីជម្រៅថា ការធ្លាក់ចុះនៃតម្លៃប្រេងនៅលើទីផ្សារសកលនេះ គឺជារលកឆ្លុះបញ្ចាំងដោយផ្ទាល់ពីវឌ្ឍនភាព នៃការទម្លាយភាពទាល់ច្រកផ្នែកការទូតរវាងវ៉ាស៊ីនតោន និងតេអេរ៉ង់។ វាបានបង្កើតជាក្តីសង្ឃឹម និងទំនុកចិត្តសាជាថ្មីដល់ក្រុមវិនិយោគិនថា ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងលើប្រទេសអ៊ីរ៉ង់ នឹងត្រូវបន្ធូរបន្ថយជាស្ថាពរនៅពេលឆាប់ៗខាងមុខ ដែលអាចជួយសម្រាលបន្ទុកសម្ពាធអតិផរណា និងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកទាំងមូលផងដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ស្នូរគ្រាប់កាំភ្លើងស្ងប់ស្ងាត់ តែជម្លោះព្រំដែនកម្ពុជា-ថៃ បន្សល់ទុករបួសសេដ្ឋកិច្ចរ៉ាំរ៉ៃ និងការរងគ្រោះរបស់ពលរដ្ឋ

សំឡេងគ្រាប់កាំភ្លើង និងផ្សែងសង្គ្រាមបានរលាយបាត់ទៅមែន ប៉ុន្តែរបួសសេដ្ឋកិច្ច និងការខូចខាតដ៏ជ្រៅមិនទាន់អាចព្យាបាលបាននៅឡើយទេ។ រយៈពេលជិត៦ខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ