តម្លៃប្រេងធ្លាក់ចុះភ្លាមៗ

អាម៉េរិក និងអ៊ីរ៉ង់ត្រូវរ៉ូវគ្នាធ្វើឱ្យកម្រើកទីផ្សារសកល ដោយតម្លៃប្រេងដាំក្បាលចុះ រីឯមាស និងភាគហ៊ុនហក់ឡើង


គ្រាន់តែកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់លេចចេញពន្លឺភ្លាម សកម្មភាពសេដ្ឋកិច្ចពិភពលោកសឹងតែគ្រប់វិស័យ ក៏បានកម្រើកឡើងប្រកបដោយភាពវិជ្ជមានភ្លាមៗផងដែរ។ ទីភ្នាក់ងារព័ត៌មាន CNA បានរាយការណ៍ថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះប្រមាណជា៤% ទៅ៥,៥% ខណៈដែលតម្លៃមាសសកលបានហក់ឡើង២,៥% ស្របពេលដែលទីផ្សារភាគហ៊ុនធំៗក៏បានងើបឡើងវិញ។ បញ្ហានេះបានរុញច្រានឱ្យធនាគារកណ្តាល នៃប្រទេសមហាអំណាចសេដ្ឋកិច្ច ត្រៀមដកការរឹតបន្តឹងលើគោលនយោបាយហិរញ្ញវត្ថុ ជាពិសេស គឺការពិចារណាលើអត្រាការប្រាក់ឡើងវិញ។
តម្លៃប្រេងធ្លាក់ចុះភ្លាមៗ
ដោយ

ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានក្លាយជាឱសថទិព្វជួយដាស់ទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោកឱ្យមានដង្ហើមឡើងវិញ។ ជាក់ស្តែងទីផ្សារភាគហ៊ុនសកលបានស្ទុះងើបឡើងយ៉ាងខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះ ដែលជាសញ្ញាដ៏ល្អសម្រាប់កាត់បន្ថយសម្ពាធអតិផរណា។

ទីផ្សារភាគហ៊ុននៅតំបន់អឺរ៉ុបបានកើនឡើង១,៧% ខណៈនៅសហរដ្ឋអាម៉េរិកបានស្ទុះឡើង១,៨%។ ដោយឡែកនៅតំបន់អាស៊ី ទីផ្សារភាគហ៊ុនជប៉ុនបានហក់ឡើងខ្ពស់រហូតដល់៥,៤% ហើយកូរ៉េខាងត្បូងហក់ឡើងដល់៥,៦%។ ស្ថិតក្នុងស្ថានភាពនេះ ធនាគារកណ្តាលរបស់ប្រទេសធំៗរួមមានសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ជប៉ុន អូស្ត្រាលី ស្វីស ស៊ុយអែត និងន័រវែស កំពុងដុតដៃដុតជើងសិក្សា និងពិចារណាឡើងវិញនូវគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ដោយឡែកសម្រាប់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថា នឹងនៅតែរក្សាអត្រាការប្រាក់ក្នុងរង្វង់៣,៥% ទៅ ៣,៧៥% ដដែលសិន ដោយលោក ខេវិន វាស់ (Kevin Warsh) ប្រធានធនាគារកណ្តាលអាម៉េរិក ដែលទើបតែត្រូវបានតែងតាំងដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ និងវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក។

ងាកមកមើលទីផ្សារថាមពលវិញតម្លៃប្រេងឆៅប្រភេទ Brent នៅក្នុងទីផ្សារអន្តរជាតិ បានធ្លាក់ចុះមកនៅត្រឹមជាង៨៣ដុល្លារក្នុងមួយបារ៉ែល មានការធ្លាក់ចុះ៤,៧% ខណៈប្រេងឆៅនៅលើទីផ្សារអាម៉េរិកបានធ្លាក់ចុះមកនៅត្រឹម៨០ដុល្លារក្នុងមួយបារ៉ែលមានការធ្លាក់ចុះ៥,៥% ដែលនេះជាដំណឹងដ៏រីករាយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ជាមួយគ្នានេះ តម្លៃមាសដែលជាទ្រព្យសម្បត្តិសុវត្ថិភាពបានកើនឡើងប្រមាណ២,៥% ដោយហក់ឡើងដល់៥,១៨៦ដុល្លារក្នុង១តម្លឹង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក និង អ៊ីរ៉ង់ យល់ព្រមលើក្របខណ្ឌកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែបន្ដចរចា

បើគ្មានអ្វីប្រែប្រួលទេ ការចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាង អាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃសុក្រ ទី …

តើមេដឹកនាំប្រទេស និងស្ថាប័នធំៗណាខ្លះបានផ្ញើសារអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់?

រលកសន្តិភាពកំពុងគ្របដណ្ដប់លើឆាកអន្តរជាតិ ដោយមេដឹកនាំកំពូលៗនៅជុំវិញពិភពលោកបានចេញមកសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ