សហគ្រិន​ឆ្នើម

ឆ្នាំ​២០១៩ ខ្មែរ​ពីររូប​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​អាយុ​ក្រោម​​៣០ របស់​ទស្សនាវដ្ដី Forbes


រៀងរាល់ឆ្នាំ​ ទស្សនាវដ្ដី​សេដ្ឋកិច្ច​ដ៏ល្បី​របស់​ពិភពលោក គឺទស្សនាវដ្ដី Forbes ផ្សាយ​នូវ​បញ្ជី​សហគ្រិន​ឆ្នើម​អាយុក្រោម ៣០ឆ្នាំ មកពីទូទាំង​តំបន់​អាស៊ី។ ឆ្នាំ​នេះ ជ័យលាភី​ដែល​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​វ័យ​ក្រោម ៣០ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ចម្រាញ់​ពី​បេក្ខជន​ជាង ២០០០នាក់ ដែលជ្រើសរើស​និងស្រាវជ្រាវ​ដោយ​ក្រុម​អ្នកសារព័ត៌មាន និង​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ដែលមាន​បទពិសោធន៍ខ្ពស់។
លោក Richard Yim (ឆ្វេង) និង លោក Siv Monirath ជា​សហគ្រិន​ខ្មែរ ដែល​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​វ័យ​ក្រោម ៣០ឆ្នាំ ប្រចាំ​អាស៊ី សម្រាប់​ឆ្នាំ​២០១៩ របស់​ទស្សនាវដ្ដី Forbes។
ដោយ

ឆ្នាំ​២០១៩នេះ សហគ្រិន​ឆ្នើម​ ៣០០នាក់ តំណាង​ឲ្យ ២៣ប្រទេស​និងដែនដី នៅក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ត្រូវ​បាន​ជ្រើសរើស។ ក្នុង​ចំណោម​ ៣០០នាក់នេះ ក៏មាន​សហគ្រិន​ឆ្នើម​ខ្មែរពីរនាក់ដែរ។

១) លោក ស៊ីវ មុនីរ័ត្ន (Siv Monirath) អាយុ ២៩ឆ្នាំ,​ ស្ថាបនិក អង្គការ Teach For Cambodia 

លោក ស៊ីវ មុនីរ័ត្ន ជាខ្មែរ​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅរស់នៅសហរដ្ឋ​អាមេរិក បាន​សិក្សា​និង​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែកវិទ្យាសាស្ត្រ​អប់រំ ពីសកលវិទ្យាល័យ​នៅស្រុក​អាមេរិក។ លោកធ្លាប់​បង្រៀន​សិស្ស​នៅ​ស្រុកអាមេរិក និង​ធ្លាប់​បម្រើ​ការងារ​នៅ​អង្គការ Teach For American ជាច្រើន​ឆ្នាំ។ 

ដោយមានការតាំងចិត្ត​ជួយ​ដល់​វិស័យ​អប់រំ​នៅស្រុកកំណើតរបស់​ខ្លួន លោក មុនីរ័ត្ន បានវិលត្រឡប់​មក​មាតុភូមិ​វិញ និង​បាន​បង្កើត​អង្គការ Teach For Cambodia ដែល​បាន​ចុះ​បញ្ជី​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល កាលពីឆ្នាំ​២០១៥។ 

យោងតាម​គេហទំព័រ Teach For Cambodia បេសកកម្ម​អង្គការនេះ គឺ​ ដោះស្រាយ​បញ្ហា​វិសមភាព​អប់រំ ដោយ​កេណ្ឌ​អ្នកដឹកនាំ​នាពេលអនាគត​ដែល​ពូកែៗ​បំផុត ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ 

Teach For Cambodia ជ្រើសរើស​និស្សិត​ឆ្នើមៗ​ដែល​ទើប​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ និង​បុគ្គលិក​សិក្សា​ក្មេងៗ លើ​គ្រប់​មុខវិជ្ជា​និងជំនាញ ឲ្យប្ដេជ្ញាចិត្ត​ធ្វើ​ជា​គ្រូ​បង្រៀន​រយៈពេល ២ឆ្នាំ តាមរយៈ​កម្មវិធី Teach For Cambodia Fellowship នៅតាមសាលារៀនដែលត្រូវការគ្រូ បន្ទាប់មក ផ្ដល់​ការគាំទ្រ​និង​អភិវឌ្ឍ​ពួកគេ​ឲ្យក្លាយ​ជា​អ្នកដឹកនាំ​និង​អ្នកតស៊ូ​មតិ​ជំរុញ​សមភាព​អប់រំ។ 

លោក មុនីរ័ត្ន សព្វថ្ងៃ ជាស្ថាបនិកផង និងជា​ CEO ផង​ របស់​អង្គការ Teach For Cambodia។ លោក​ឲ្យ​ដឹង​ថា គ្រាន់តែ​ឆ្នាំ​២០១៨​តែមួយ អង្គការ​របស់​លោក​បាន​ជួយ​ដល់សិស្សានុសិស្ស​ជាង ៥,៥០០នាក់។ 

២) លោក រិច្ឆាត យឹម (Richard Yim) អាយុ ២៥ឆ្នាំ ជាស្ថាបនិក Demine Robotics 

សហគ្រិន​វ័យ ២៥ឆ្នាំ រិច្ឆាត យឹម បាន​បង្កើត​សហគ្រាស​សង្គម Demine Roboticsឡើង ជាមួយនឹង​ទស្សនវិស័យ​ជួយ​ដល់​ប្រជាជន​កម្ពុជា កុំ​ឲ្យ​ជួប​វាសនា​អកុសល​ដូច​ម្ដាយ​មីង​របស់​លោក ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពីជាង ១០ឆ្នាំមុន បន្ទាប់ពីបាន​ជាន់​លើ​គ្រាប់​មីន។ 

ក្រុមហ៊ុន Demine Robotics របស់​លោក រិច្ឆាត យឹម បាន​ច្នៃប្រឌិត​បង្កើត​ម៉ាស៊ីន​ដោះមីន ឈ្មោះ ជីវិត (Jevit) ដែល​អាច​ជួយ​បម្រើ​ដល់​ការងារ​ដោះមីន​ពីចម្ងាយ​ដោយ​សុវត្ថិភាព។ បើ​តាម​គេហ​ទំព័ររបស់​ខ្លួន ក្រុមហ៊ុន Demine Robotics មាន​ទស្សនវិស័យ​ផ្ដល់​នូវ​ដំណោះស្រាយ​គ្រឿង​យន្ត ដើម្បី​ជួយសង្គ្រោះ​ដី អវៈយវៈ និងជីវិត​មនុស្ស ឲ្យរួចផុតពី​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះដ៏​កាច​សាហាវ។ 

សម្រាប់ឆ្នាំ​២០១៩នេះ លោក ស៊ីវ មុនីវ័ត្ន និង​លោក រិច្ឆាត យឹម ត្រូវ​បាន​ផ្ដល់​កិត្តិយស​ជ្រើសរើស​ជា​សហគ្រិន​ឆ្នើម​អាយុ​ក្រោម ៣០ឆ្នាំ ប្រចាំ​តំបន់​អាស៊ី ស្ថិតក្រោម​ប្រភេទជា សហគ្រិន​សង្គម៕




អត្ថបទបន្ទាប់


កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម

ប្រទេស​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម ដែល​កំពុងតែ​គំរាម​កំហែង​ដល់​…

ហាងកាហ្វេម៉ាកអង់គ្លេស Costa បិទទ្វារពីទីផ្សារកម្ពុជាស្ងាត់ៗ !

ហាងកាហ្វេ Costa ដែលជាម៉ាកល្បីមួយក្នុងចំណោមម៉ាកហាងកាហ្វេ អន្តរជាតិល្បីៗជាច្រើនរបស់ពិភពលោកនោះ បានសម្រេចដកខ្លួនចេញពីទីផ្សារកម្ពុជាយ៉ាងស្ងាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ