វិស័យការពារជាតិ

មេរៀនពីសមរភូមិអ៊ីរ៉ង់! តើចិន ក្រេបជញ្ជក់បានបទពិសោធ អ្វីខ្លះពីយុទ្ធសាស្ត្រវាយបករបស់អាម៉េរិក?


ខណៈដែលជម្លោះប្រដាប់អាវុធនៅអ៊ីរ៉ង់ បានឈានចូលដល់ខែទី៣ ព្រឹត្តិការណ៍នេះបានក្លាយជាបន្ទប់ពិសោធន៍សមរភូមិដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការសិក្សាពីសមត្ថភាពឆ្លើយតបរបស់យោធាសហរដ្ឋអាម៉េរិក នៅក្រោមស្ថានភាពរងការវាយប្រហារជាក់ស្តែង។ នេះគឺជាការក្រើនរំឭកដ៏មានឥទ្ធិពលមួយថា ក្នុងសង្គ្រាមទំនើប គ្មានភាគីណាមួយអាចមើលស្រាលគូសត្រូវបានឡើយ ហើយយុទ្ធសាស្ត្រដែលធ្លាប់តែអួតអាង ក៏អាចប្រឈមនឹងការបរាជ័យប្រសិនបើខ្វះការប្រុងប្រយ័ត្ន។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន CNN បានធ្វើកិច្ចសម្ភាស ជាមួយអ្នកជំនាញយោធាជាច្រើនរូបនៅចិន និងតៃវ៉ាន់ ដើម្បីវិភាគពីការប្រយុទ្ធគ្នានៅក្នុងតំបន់ឈូងសមុទ្រពែក្សរយៈពេល២ខែចុងក្រោយនេះ។ ការសិក្សានេះធ្វើឡើងក្នុងបំណងចង់ដឹងថា តើនឹងមានអ្វីកើតឡើង ប្រសិនបើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខដាក់គ្នានាពេលអនាគត។ អ្នកជំនាញបានផ្តល់ការព្រមានថា ប្រទេសចិន អាចនឹងធ្លាក់ក្នុងហានិភ័យ ប្រសិនបើវាយតម្លៃសមត្ថភាពខ្លួនឯងខ្ពស់ពេក ខណៈដែលកងទ័ពនៅខ្វះបទពិសោធ សមរភូមិជាក់ស្តែង និងប្រកាន់ខ្ជាប់នូវទស្សនៈនិយមជ្រុលលើលទ្ធផលឈ្នះចាញ់។

លោក ហ្វ៊ូ ឆៀនសៅ (Fu Qianshao) អតីតវរសេនីយ៍ឯក នៃកងទ័ពអាកាសចិន បានលើកឡើងថា មេរៀនដ៏ធំធេងដែលកងទ័ពរំដោះប្រជាជនចិន ទទួលបានពីសង្គ្រាមនេះ គឺការមិនត្រូវមើលរំលងប្រព័ន្ធការពារខ្លួន។ លោកបានកត់សម្គាល់ពីរបៀបដែលអ៊ីរ៉ង់ អាចរកឃើញចន្លោះប្រហោង ដើម្បីវាយទម្លុះប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាម៉េរិក ដូចជា Patriot ឬ THAAD ជាដើម។ លោកបានបញ្ជាក់ប្រាប់ CNN ថា ចិន ចាំបាច់ត្រូវស្វែងរកចំណុចខ្សោយ នៃប្រព័ន្ធការពាររបស់ខ្លួនឯងឱ្យឃើញជាមុន ដើម្បីធានាបាននូវភាពរឹងមាំនៅក្នុងសង្គ្រាមនាពេលអនាគត។

ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពចិន បានពង្រឹងសមត្ថភាពវាយលុកយ៉ាងខ្លាំងក្លា ដោយការបន្ថែមមីស៊ីលលឿនជាងសំឡេង ដែលអាចគេចផុតពីការស្ទាក់ចាប់ក៏ដោយ ប៉ុន្តែលោក Fu យល់ថា ការវាយលុក និងការការពារ គឺជាផ្នែកពីរផ្សេងគ្នា។ ប្រទេសចិនត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងកំពង់ផែ ពីការវាយឆ្មក់របស់សត្រូវដែលមិនអាចដឹងមុន។

លោកបានសង្កត់ធ្ងន់ថា ក្នុងសង្គ្រាមសត្រូវក៏មានសិទ្ធិអួតអាង និងមានយុទ្ធសាស្ត្រឆ្លាតវៃដូចគ្នា។ នេះគឺជាមេរៀនដែលកងទ័ពគ្រប់រូបត្រូវរៀនសូត្រពីសង្គ្រាមនៅអ៊ីរ៉ង់ ព្រោះនៅពេលដែលយើងកំពុងសិក្សាពីសត្រូវ សត្រូវក៏កំពុងដកស្រង់បទពិសោធ ពីយើងដូចគ្នា ហើយពួកគេអាចនឹងប្រើប្រាស់មេរៀនទាំងនោះមកវាយបកយើងវិញ ក្នុងរូបភាពដែលយើងនឹកស្មានមិនដល់៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តម្លៃទុរេននៅចិន ដាំក្បាលចុះយ៉ាងគំហុកពីជាង២០ដុល្លារ មកនៅត្រឹមជាង៤ដុល្លារ ក្នុង១គីឡូក្រាម

ផ្លែទុរេន ដែលពីមុនធ្លាប់ត្រូវបានគេចាត់ទុកថា ជាផ្លែឈើប្រណីត សម្រាប់តែអ្នកមានជីវភាពធូរធារនៅក្នុងប្រទេសចិន ឥឡូវនេះកំពុងមានតម្លៃធ្លាក់ចុះជា…

តើជំនួបកំពូលជាប្រវត្តិសាស្ត្ររវាង មេដឹកនាំចិន និងអាម៉េរិក នៅសប្ដាហ៍ នេះ នឹង ផ្ដោត សំខាន់ លើ អ្វីខ្លះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅ ដល់ប្រទេសចិន នៅសប្ដាហ៍ នេះ សម្រាប់ ជំនួបកំពូលរវាងរូប លោកជាមួយ ប្រធានាធិបតីចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ