ទន្ទឹមនឹងការចាក់បញ្ចាំងភាពយន្តនេះ ក្រុមអ្នកជំនាញ និងអង្គការសង្គមស៊ីវិលបានជំរុញឱ្យកម្ពុជាបន្តបង្ហាញអតីតកាលដ៏ឈឺចាប់នេះ ដោយចាត់ទុកថា វាជាកញ្ចក់ឆ្លុះបញ្ចាំងពីទុក្ខវេទនារបស់ប្រជាជនខ្មែរ មិនមែនជាការញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដទៃនោះទេ។ នៅចំពោះមុខប្រតិកម្ម និងការប្រឆាំងពីភាគីថៃតើភាពយន្តសោកនាដកម្មភ្នំខ្មោចមានសារៈសំខាន់កម្រិតណាក្នុងការទម្លាយការពិត និងការឈឺចាប់ដែលពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់?
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាម្ចាស់ស្នាដើមដើម «ភ្នំដងរែកទីពុំអាចភ្លេច» ដែលត្រូវបានផលិតកម្មភាពយន្ត អិលឌី អិនធើថេនមេន ខូអិលធីឌី ដកស្រង់ទៅផលិតជាខ្សែរភាពយន្ត «សោកនាដកម្មភ្នំខ្មោច» បានលើកឡើងថា សោកនាដកម្មភ្នំដងរែកក្នុងខែមិថុនា ឆ្នាំ១៩៧៩ មិនមែនជារឿងប្រឌិត ឬទើបតែបង្កើតឡើងសម្រាប់ផលិតភាពយន្តនោះទេ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយ ដែលមានការកត់ត្រាក្នុងរបាយការណ៍សារព័ត៌មានអន្តរជាតិ និងឯកសាររបស់អង្គការសហប្រជាជាតិ។
ជាក់ស្ដែង អ្នកឧកញ៉ា និងក្រុមគ្រួសារជាជនរងគ្រោះ និងជាអ្នករស់រានមានជីវិតពីសោកនាដកម្មនេះដោយផ្ទាល់ ហើយតួអង្គសំខាន់ៗក្នុងភាពយន្ត គឺតំណាងឱ្យរូបលោក និងសមាជិកគ្រួសារ ជាពិសេសលោក ក៏បានចូលរួមវិនិយោគគាំទ្រការផលិតភាពយន្តនេះផងដែរ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កត់ធ្ងន់ថា លោកមិនបានសរសេរសៀវភៅនេះ ដើម្បីឱ្យប្រជាជនកម្ពុជាស្អប់ប្រជាជនថៃឡើយ ប៉ុន្តែការគោរពប្រជាជនថៃសព្វថ្ងៃ ក៏មិនមានន័យថា យើងត្រូវបំភ្លេច ឬបដិសេធនូវទុក្ខវេទនាដែលជនភៀសខ្លួនកម្ពុជាបានឆ្លងកាត់ក្នុងអតីតកាលនោះដែរ។
ជុំវិញបញ្ហានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ការដែលភាគីថៃចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះខ្សែភាពយន្តប្រវត្តិសាស្ត្រ«សោកនាដកម្មភ្នំខ្មោច»ដែលឆ្លុះបញ្ចាំងពីសកម្មភាពសម្លាប់រង្គាលលើពលរដ្ឋខ្មែរ គឺដោយសារតែថៃខ្លួនឯងកំពុងភ័យខ្លាចក្រែងការពិតត្រូវបានបកអាក្រាត។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាដាច់ខាតមិនត្រូវរាថយចំពោះការបង្ហាញប្រវត្តិសាស្ត្រពិតនេះឡើយ ព្រោះភាពយន្តនេះគ្មានចេតនារើសអើងជាតិសាសន៍ណាមួយឡើយ ផ្ទុយទៅវិញភាគីថៃទៅវិញទេ ដែលតែងតែបណ្តុះគំនិតអវិជ្ជមាន និងមើលងាយមើលថោកមកលើកម្ពុជាតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបណ្ឌិត យង់ ពៅ បានរំលឹកជាថ្មីថា ប្រទេសថៃធ្លាប់បានឈ្លានពានមកលើកម្ពុជាយ៉ាងកម្រោលរហូតដល់ពីរលើកក្នុងប្រវត្តិសាស្ត្រសង្គ្រាម ដែលបានបំផ្លិចបំផ្លាញ និងបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រៅដល់ទំនាក់ទំនងទូត នៃប្រទេសទាំងពីរ ខណៈដែលការចាក់បញ្ចាំងភាពយន្តនេះ គ្រាន់តែជាការបង្ហាញពី សច្ចធម៌នៃប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាប៉ុណ្ណោះ។
ស្រដៀងគ្នានេះដែរលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ថា ជាវិញ្ញាបនបត្រប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបង្ហាញយ៉ាងច្បាស់ពីភាពអសីលធម៌ និងការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោឃៅរបស់ភាគីថៃមកលើប្រទេសជិតខាង ជាពិសេសគឺកម្ពុជា។ ទោះបីជាថៃតែងតែបំពងសំឡេងប្រកាសខ្លួនថា ជាប្រទេសគោរពសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ប៉ុន្តែភាពយន្តនេះបានទម្លាយឱ្យឃើញពីកំហុសឆ្គង និងការរំលោភបំពានច្បាប់អន្តរជាតិរបស់ថៃតាំងពីអតីតកាល។
លោក រស់ សុដ្ឋា បានអះអាងថា ទោះបីជាថៃចេញមុខគំរាមកំហែង និងព្យាយាមដាក់សម្ពាធយ៉ាងណាក៏ដោយ កម្ពុជាមិនត្រូវផ្អាកការចាក់បញ្ចាំងជាដាច់ខាត ព្រោះវាជាការពិតប្រវត្តិសាស្ត្រ ដែលកម្ពុជាមានសិទ្ធិពេញលេញក្នុងការបង្ហាញដល់កូនចៅជំនាន់ក្រោយឱ្យបានដឹង។
ទោះជាយ៉ាងណាឆ្លើយតបទៅនឹងការព្រួយបារម្ភជុំវិញការបង្កើតភាពតានតឹង លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture និងជាអ្នកដឹកនាំរឿង «សោកនាដកម្មភ្នំខ្មោច» បានបកស្រាយបំភ្លឺនៅលើបណ្តាញសង្គមហ្វេសបុកកាលពីពេលថ្មីៗថា ការផលិតរឿងនេះឡើង គឺពុំមានទិសដៅញុះញង់ ឬបង្កការស្អប់ខ្ពើមជាតិសាសន៍នោះទេ ពីព្រោះនៅក្នុងសាច់រឿងក៏បានបង្ហាញពីទឹកចិត្តសប្បុរស និងភាពមានមនុស្សធម៌របស់អ្នកភូមិថៃ ដែលធ្លាប់បានចែករំលែកអាហារ និងទឹកផឹកដល់ជនភៀសសឹកខ្មែរផងដែរ។
លោកបានបញ្ជាក់បន្ថែមថា សាក្សីរស់ និងជនរងគ្រោះដែលនៅរស់រានមានជីវិតពីហេតុការណ៍នោះ គឺជាភស្តុតាងដ៏រស់រវើកបញ្ជាក់ថា សោកនាដកម្មនេះ គឺជារឿងពិតក្នុងប្រវត្តិសាស្ត្រមិនមែនជាការនិពន្ធប្រឌិតឡើងតាមការនឹកឃើញនោះឡើយ។
យ៉ាងណាមិញអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តប្រវត្តិសាស្ត្រមួយនេះនឹងក្លាយជាមេរៀន និងជាឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ប្រវត្តិសាស្ត្រដោយផ្អែកលើភស្តុតាងច្បាស់លាស់ យល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃសន្តិភាព និងចូលរួមការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ទោះជាយ៉ាងណា អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ក្នុងករណីមានការវាយតម្លៃ និងការពិចារណាយ៉ាងហ្មត់ចត់លើហេតុផលគួរឱ្យទុកចិត្តថា ការពន្យារពេលចាក់បញ្ចាំងភាពយន្តនេះអាចជួយកាត់បន្ថយភាពតានតឹង បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាទ្វេភាគី និងរួមចំណែកដល់ស្ថិរភាពសន្តិភាពរយៈពេលវែង លោក ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រចំពោះការសម្រេចចិត្តពន្យារពេលនោះផងដែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា