យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យនយោបាយ និងស្ថានភាពប្រទេសហ្វីលីពីន ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ WR Advisory Group បានចាត់ថ្នាក់ប្រទេសហ្វីលីពីនចូលក្នុងក្រុមប្រទេស ដែលមានហានិភ័យខ្ពស់ ហើយអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ ប្រសិនបើគ្មានដំណោះស្រាយទាន់ពេលវេលា ដើម្បីរំសាយបញ្ហានយោបាយ និងសេដ្ឋកិច្ច។ លោក រ៉ូប៊ីន ម៉ាយឃើល ហ្គាហ្សា (Robin Michael Garcia) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន WR Advisory Group បានគូសបញ្ជាក់ថា ហ្វីលីពីនកំពុងក្លាយជាដែនដី ដែលមានហានិភ័យខ្ពស់សម្រាប់បរិយាកាសធុរកិច្ច។
ផ្អែកតាមរបាយការណ៍ខាងលើ បញ្ហាសេដ្ឋកិច្ចដែលកំពុងគំរាមកំហែងដល់ប្រទេសហ្វីលីពីនខ្លាំងជាងគេ គឺបំណុលរដ្ឋ ដែលបានកើនឡើងដល់ជិត៣០០ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមដំណាច់ខែមិថុនា។ ទន្ទឹមគ្នានេះ កំណើនសេដ្ឋកិច្ចបានទម្លាក់ល្បឿនមកនៅត្រឹម២,៣%ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ ខណៈដែលលំហូរវិនិយោគផ្ទាល់ពីបរទេសបានស្រុតចុះយ៉ាងគំហុករហូតដល់ជាង៣៣%។
អ្នកជំនាញបានព្រមានថា កត្តាអវិជ្ជមានដែលកំពុងទាញទម្លាក់សេដ្ឋកិច្ចហ្វីលីពីន ពិបាកស្តារ ឬបង្វែរស្ថានការណ៍ឱ្យត្រឡប់មករកភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លីណាស់។ ក្រៅពីសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពប្រេះឆាក្នុងសមរភូមិនយោបាយរវាងប្រធានាធិបតី និងអនុប្រធានាធិបតី ក៏ជាប្រភពបង្កឱ្យមានវិបត្តិនេះផងដែរ។ ជម្លោះនយោបាយផ្ទៃក្នុងនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ដំណើរការកសាង និងអនុម័តគោលនយោបាយជាតិ ជាពិសេសលើវិស័យស្នូលដូចជាថាមពល រ៉ែ និងធនាគារ ដែលជាវិស័យត្រូវការជាចាំបាច់នូវស្ថិរភាពនយោបាយ និងភាពស៊ីសង្វាក់គ្នានៃច្បាប់ ដើម្បីដំណើរការទៅមុខបាន៕