ទីផ្សារជី

ក្រោយផ្ទុះជម្លោះព្រំដែន វៀតណាមក្រសោបយក៦៧%នៃចំណែកទីផ្សារជីនៅកម្ពុជា ខណៈថៃសល់ត្រឹម៣%


ក្រោយផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខ្សែច្រវាក់ផ្គត់ផ្គង់ជីកសិកម្មពីប្រទេសថៃបានស្រុតចុះយ៉ាងគំហុក ខណៈប្រទេសវៀតណាមបានស្ទុះឡើងមកក្តោបក្តាប់ចំណែកទីផ្សារផ្គត់ផ្គង់ជីដ៏សំខាន់បំផុតសម្រាប់កម្ពុជារហូតដល់៦៧%នៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៦។
ទីផ្សារជី
ដោយ

ទោះបីជាការផ្លាស់ប្តូរទិសដៅនេះបានផ្តល់ផលចំណេញលើផ្នែកតម្លៃ និងថ្លៃដឹកជញ្ជូនក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានពីហានិភ័យ នៃការពឹងផ្អែកលើប្រភពផ្គត់ផ្គង់តែមួយ ដោយបានជំរុញឱ្យកម្ពុជាពង្រីកប្រភពនាំចូលឱ្យកាន់តែច្រើន និងពង្រឹងការផលិតជីក្នុងស្រុក ដើម្បីធានាស្ថិរភាពតម្លៃ និងកាត់បន្ថយសម្ពាធលើថ្លៃដើមផលិតកម្មរបស់ប្រជាកសិករ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានកត់សម្គាល់ថា ក្រោយកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ វៀតណាមបានឆក់យកឱកាសក្លាយជាប្រភពផ្គត់ផ្គង់ជីកសិកម្មដ៏ចម្បងជំនួសឱ្យទីផ្សារថៃ ដោយសារមានតម្លៃធូរថ្លៃ។ ទោះបីការនាំចូលជីវៀតណាមមានតម្លៃសមរម្យ អាចទិញក្នុងបរិមាណច្រើន និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនក៏ដោយ តែអ្នកជំនាញរូបនេះបានព្រមានថា ការផ្ញើវាសនាលើប្រភពផ្គត់ផ្គង់តែមួយខ្លាំងពេក អាចរុញឱ្យកម្ពុជាធ្លាក់ចូលក្នុងហានិភ័យភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃតម្លៃទីផ្សារ ប្រសិនបើទីផ្សារជីនៅវៀតណាមជួបការប្រែប្រួល។

ស្រដៀងគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានលើកឡើងថា កម្ពុជានៅតែបន្តពឹងផ្អែកលើការនាំចូលជីគីមី និងជីសរីរាង្គពីក្រៅប្រទេសនៅឡើយ។ លោកបានសង្កេតឃើញថា ជម្លោះព្រំដែនជាមួយថៃបានធ្វើឱ្យលំហូរជីពីថៃស្រុតចុះយ៉ាងខ្លាំង ខណៈការនាំចូលពីវៀតណាមបានស្ទុះឡើង ដើម្បីបំពេញចន្លោះខ្វះខាតក្នុងស្រុក។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកឱ្យងាកមកបោះទុនបង្កើតរោងចក្រផលិតជីក្នុងប្រទេស ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ បង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរក្សាស្ថិរភាពតម្លៃ និងទប់ទល់នឹងហានិភ័យ នៃការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជុំវិញបញ្ហានេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន១៦៣ ដែលកំពុងនាំចូលជីពីប្រភពរហូតដល់៣៤ប្រទេសនៅក្នុងតំបន់អឺរ៉ុប អាហ្វ្រិក និងប្រទេសជិតខាងជាដើម ព្រមទាំងមានក្រុមហ៊ុន និងសិប្បកម្មកែច្នៃជីក្នុងស្រុកចំនួន៣១ផងដែរ។ ឯកឧត្តមបានអះអាងថា ក្រសួងកសិកម្មនឹងបន្តយកចិត្តទុលដាក់លើបញ្ហានេះ ដោយធានាឱ្យមានការផ្គត់ផ្គង់ជីគ្រប់គ្រាន់ និងរក្សាតម្លៃក្នុងកម្រិតសមរម្យ ដើម្បីសម្រាលបន្ទុកថ្លៃដើមរបស់ប្រជាកសិករ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណែកទីផ្សារនាំចូលជីពីវៀតណាមបានកើនឡើងយ៉ាងគំហុកពី៥០%ក្នុងឆ្នាំ២០២៤ រហូតដល់៦៧%នៅ៩ខែឆ្នាំ២០២៦ ដែលមានន័យថា ជិតពីរភាគបី នៃជីកសិកម្មនៅកម្ពុជាមានប្រភពមកពីវៀតណាម។ ផ្ទុយទៅវិញចំណែកទីផ្សារជីនាំចូលពីថៃបានធ្លាក់ចុះពី២៥%មកសល់ត្រឹមតែ៣%ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ ដែលសបញ្ជាក់ឱ្យឃើញពីការប្តូរទិសដៅ នៃខ្សែច្រវាក់ផ្គត់ផ្គង់ជីនៅកម្ពុជាពីថៃទៅកាន់ប្រទេសវៀតណាម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិន និងរុស្ស៊ីនៅពង្រីកផ្លូវពាណិជ្ជកម្មតំបន់ប៉ូលខាងជើង តើអឺរ៉ុបអាចប្រកួតប្រជែងទាន់ទេ?

ផ្លូវសមុទ្រដែលធ្លាប់តែគ្របដណ្តប់ដោយទឹកកកកំពុងក្លាយជាទីតាំងប្រកួតប្រជែងពាណិជ្ជកម្មដ៏សំខាន់រវាងមហាអំណាចពិភពលោក ក្នុងនោះចិន និងរុស្ស៊ីកំពុង…

អ្នកជំនាញស្នើឱ្យទប់ស្កាត់ ឬបិទការនាំចូលសាច់មាន់ពីក្រៅប្រទេស ដើម្បីសង្គ្រោះអ្នកចិញ្ចឹមមាន់សាច់ ដែលកំពុងប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ

អ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យកសិកម្មបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យគ្រប់គ្រង និងទប់ស្កាត់ការនាំចូលសាច់មាន់ខុសច្បាប់ពីប្រទេសជិតខាងជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ