បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC និង Reuters រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានអះអាងថា ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងប្រឆាំងនឹងអ៊ីរ៉ង់ អាម៉េរិកនឹងប្រកាសដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ។ តែយ៉ាងណាលោក បេសសេន មិនទាន់បានបង្ហើបឈ្មោះធនាគារដែលជាគោលដៅដាក់ទណ្ឌកម្មនោះនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា អាម៉េរិកនឹងប្រកាសជាផ្លូវការនៅថ្ងៃចន្ទ។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទើបតែបានដាក់ទណ្ឌកម្មលើសាខាធនាគារមួយនៅប្រទេសអេហ្ស៊ីប ដែលមានប្រតិបត្តិការនៅទីក្រុងឌូបៃ ក្រោមបទចោទប្រកាន់ថា បានសម្របសម្រួលប្រតិបត្តិការហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់រហូតដល់១,៨ពាន់លានដុល្លារជូនដល់ប្រទេសអ៊ីរ៉ង់។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រៅពីធនាគារនៅអេហ្ស៊ីប ស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនទៀតរាប់ចាប់ពីធនាគារធំបំផុតរបស់តួកគី រហូតដល់ធនាគារមួយចំនួននៅចិន និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីខ្មៅនៃតាមដានរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក។
បច្ចុប្បន្នក្រៅពីវិធានការយោធា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសង្គ្រាមសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់លើទីក្រុងតេអេរ៉ង់ ដើម្បីបំបាក់ស្មារតី និងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដែលទ្រទ្រង់ដល់សកម្មភាពយោធារបស់ប្រទេសនេះ៕
ដោយៈ សរ សុជាតិ