ក្រុមបាតុករបានហែក្បួនទម្លុះរនាំងចូលទៅកៀកនឹងច្រកចូលវិមានរដ្ឋាភិបាល ដើម្បីប្រឈមមុខដោយផ្ទាល់ជាមួយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងបានសម្តែងការតវ៉ាយ៉ាងចាក់ដោត ឌឺដងចំៗទៅលើនាយករដ្ឋមន្ត្រីលោក អានុទីន ឆានវីរៈគុល និងឧបនាយករដ្ឋមន្ត្រី២រូបទៀត ចំពោះការបរាជ័យ និងការក្រឡេចក្រឡុចមិនព្រមដោះស្រាយវិបត្តិដីធ្លីអាស្រ័យផល និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ។
កាសែតក្នុងស្រុកថៃ Prachatai បានរាយការណ៍ថា ក្នុងអំឡុងពេលនៃការជួបជុំគ្នារង់ចាំលទ្ធផលពីក្នុងប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក អានុទីន នៅថ្ងៃទី១១ ខែសីហា ក្រុមបាតុករថៃ បានបង្កើតព្រឹត្តិការណ៍តវ៉ានិមិត្តរូបយ៉ាងកាចសាហាវ និងចាក់ដោតជាខ្លាំង។ ពួកគេបាននាំគ្នារៀបចំក្ដារមឈូសពណ៌ខៀវ និងដាក់រូបថតលោក អានុទីន ក្នុងកម្រងផ្កាធ្វើដូចប្រារព្ធពិធីបុណ្យសព និងបានចាប់សត្វកណ្ដុរដាក់ក្នុងទ្រុង ដែលជានិមិត្តរូបឌឺដងដាក់លោក អានុទីន រួចបានដុតបំផ្លាញរូបថតឧបនាយករដ្ឋមន្ត្រី ប៉ាកន នីនប្រ៉ាផាន់ (Pakorn Nilapraphan) ដើម្បីឆ្លើយតបទៅនឹងផែនការស្នើរំលាយវិទ្យាស្ថានគ្រប់គ្រងធនាគារដីធ្លី (LBMI) នៅខែកញ្ញា ខាងមុខ។
ក្រុមបាតុករ P-Move បានមកបោះតង់ក្រាលកន្ទេលដេកតវ៉ានៅមុខវិមានរដ្ឋាភិបាលតាំងពីថ្ងៃទី៣ ខែសីហា មកម៉្លេះ។ ការអត់ធ្មត់របស់ប្រជាជនបានផ្ទុះឡើងដោយសារតែរដ្ឋាភិបាលរបស់លោក អានុទីន ហាក់គ្មានឆន្ទៈនយោបាយពិតប្រាកដ និងបានប្រើប្រាស់ការសន្យាខ្យល់ភូតភរប្រជាជនជុំវិញយន្តការបែងចែកដីធ្លី និងសិទ្ធិលំនៅឋានសាធារណៈ។ ក្រុមបាតុករនេះបានទម្លាយសារចាក់ដោតចំៗថា ទង្វើរបស់រដ្ឋាភិបាលលោក អានុទីន ដែលព្យាយាមរំលាយធនាគារដីធ្លី និងបំបាត់ចោលនូវបណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ គឺជាការក្បត់ការសន្យា និងជាការរុញច្រានប្រជាពលរដ្ឋឱ្យធ្លាក់ចូលទៅក្នុងជ្រោះ នៃភាពក្រីក្រគ្មានទីបញ្ចប់ ខណៈដែលរដ្ឋាភិបាលគិតតែពីផលប្រយោជន៍ក្រុមបក្សពួក។
ក្រុមចលនា P-Move បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងមិនដកថយសូម្បីមួយជំហាន និងមិនព្រមចុះចាញ់ជាដាច់ខាត ដោយដាក់ឱសានវាទឱ្យរដ្ឋាភិបាលលោក អានុទីន ត្រូវតែបញ្ជូនលទ្ធផល នៃការចរចាចូលក្នុងរបៀបវារៈផ្លូវការរបស់គណៈរដ្ឋមន្ត្រីជាបន្ទាន់ ដើម្បីធានាថា ធនាគារដីធ្លី និងប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ត្រូវតែបន្តមានរូបរាងជាផ្លូវការ បើពុំនោះទេ រដ្ឋាភិបាលនឹងត្រូវប្រឈមមុខនឹងរលកបាតុកម្មកាន់តែធំជាងនេះជាមិនខាន៕
អត្ថបទៈ សួន ឡង់ទី