មេធំដ៏អាថ៌កំបាំង

មេធំដ៏អាថ៌កំបាំងនៅពីក្រោយបណ្ដាញក្រឧក្រិដ្ឋ.ជនឆ.បោក និងលាងលុយកខ្វក់របស់លោក ចេន ហ្ស៊ី ត្រូវបានលាតត្រដាង! តើពួកគេជានរណា?


នៅពីក្រោយ​​បណ្តាញឧក្រិដ្ឋជនឆបោកអន្តរជាតិ ដ៏ធំមួយ មិនមែនមានតែមនុស្សម្នាក់នោះទេ ប៉ុន្តែវាជារចនាសម្ព័ន្ធចាក់ស្រេះដ៏ស្មុគស្មាញមួយ ដែលមានសមាសភាពរាប់ចាប់ពីនាយកប្រតិបត្តិ អ្នកជំនួញ និង​សហការីជិតស្និទ្ធដែលបានគប់គិតគ្នាបង្កើត និងដំណើរការប្រតិបត្តិការឆបោកឆ្លងដែនព្រមទាំង​លាងលុយកខ្វក់ក្នុងទំហំដ៏ធំសម្បើម។
មេធំដ៏អាថ៌កំបាំង
ដោយ

ពេលនេះការស៊ើបអង្កេតថ្មីមួយបានលាតត្រដាងពីសមាសភាព និងតួនាទីរបស់បុគ្គលសំខាន់ៗនៅពីក្រោយអាណាចក្រជំនួញរបស់លោក ចេន ហ្ស៊ី ដែលត្រូវបានអាជ្ញាធរអាម៉េរិក ចោទប្រកាន់ថា មេខ្លោងបណ្តាញឧក្រិដ្ឋជនឆបោក និងលាងលុយកខ្វក់ទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times កាលពីថ្ងៃទី១១ ខែសីហា។ តើបុគ្គលសំខាន់ៗនៅពីក្រោយបណ្តាញនេះជានរណា ហើយមានតួនាទីអ្វីខ្លះ?
ការស៊ើបអង្កេតថ្មីមួយបានលាតត្រដាងពីសមាសភាព និងតួនាទីរបស់បុគ្គលសំខាន់ៗដែលជាមនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនខ្នាតយក្ស Prince Holding Group ដែលអាជ្ញាធរអាម៉េរិក ចោទប្រកាន់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបណ្តាញឧក្រិដ្ឋជនឆបោកអន្តរជាតិដ៏ធំមួយ។ អាណាចក្រជំនួញរបស់អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី បានពង្រីកខ្លួនទៅក្នុងវិស័យសំខាន់ៗជាច្រើនរួមមានវិស័យអចលនទ្រព្យ ធនាគារ និងអាជីវកម្មផ្សេងៗទៀត។ ប៉ុន្តែក្រោយមក អាជ្ញាធរអាម៉េរិក បានចោទប្រកាន់ថា ក្រុមហ៊ុនយក្ស Prince Holding Group ត្រូវបានប្រើប្រាស់ជាខែលបិទបាំងសម្រាប់បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ និងការលាងលុយកខ្វក់ក្នុងទំហំច្រើនពាន់លានដុល្លារអាម៉េរិក។
បុគ្គលសំខាន់ៗនៅពីក្រោយអាណាចក្រជំនួញរបស់លោក ចេន ហ្ស៊ី រួមមាន ឈ្មោះ ឈិន សុខលី (Chen Sokly), សុង ហ័រជុន (Xiong Huajun), តៃ អាន (Dai An) និង ហ៊ូ ស៊ាវវ៉ី (Hu Xiaowei) ដែលត្រូវបានដាក់ទណ្ឌកម្ម ឬរងការចោទប្រកាន់ពីអាជ្ញាធរអាម៉េរិកថា ជាឥស្សរជនជាន់ខ្ពស់ដែលមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ និងលាងលុយកខ្វក់ជាប់ពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី។ ក្នុងចំណោមនោះឈ្មោះ ហ៊ូ ស៊ាវវ៉ី ត្រូវបានអាជ្ញាធរអាម៉េរិកកំណត់មុខសញ្ញាថា ជាអនុប្រធានរបស់លោក ចេន ហ្ស៊ី ខណៈឈ្មោះ ឈិន សុខលី (Chen Sokly) ត្រូវបានកំណត់មុខសញ្ញាថាជាបុគ្គលដែលមានតួនាទីជាអ្នកអនុវត្តន៍ និងដោះស្រាយបញ្ហាសម្រាប់បណ្ដាញឧក្រិដ្ឋជននេះ។
ការស៊ើបអង្កេត ក៏បានលាតត្រដាងពីវិធីសាស្ត្រ ដែលបណ្ដាញឧក្រិដ្ឋជននេះជ្រើសរើសជនជាតិសិង្ហបុរីមួយចំនួនឱ្យធ្វើជាជំនួយការផ្ទាល់ខ្លួន និងធ្វើជានាយកក្រុមហ៊ុន។ មនុស្សមួយចំនួនត្រូវបានផ្តល់លាភសក្ការៈយ៉ាងសម្បើម ដោយផ្ដល់ជីវភាពរស់នៅយ៉ាងហ៊ឺរហាបែបអភិជនរួមមានការធ្វើដំណើរតាមយន្តហោះឯកជន និងការប្រើប្រាស់រថយន្តប្រណីតៗ ខណៈដែលពួកគេកំពុងធ្វើការឱ្យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយបណ្តាញឆបោក និងលាងលុយកខ្វក់។
ក្នុងចំណោមបុគ្គលសំខាន់ៗម្នាក់ទៀតគឺឈ្មោះ អេលែន យ៉េវ (Alan Yeo) ដែលត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ថា បានដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតីតអ្នកឧកញ៉ា Chen Zhi។ ការស៊ើបអង្កេតលាតត្រដាងថា បុគ្គលរូបនេះបានរងការចោទប្រកាន់ថា បានជួយសម្របសម្រួលការផ្ទេរប្រាក់ គ្រប់គ្រងគណនីធនាគារ និងលាក់បាំងសកម្មភាពហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prince Group។ ទំនាក់ទំនងសំខាន់មួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលអាជ្ញាធរអាម៉េរិកចោទប្រកាន់ថា បានក្លាយជាវេទិកា ឬ Platform ដ៏សំខាន់មួយសម្រាប់ការលាងលុយកខ្វក់របស់បណ្តាញឧក្រិដ្ឋជនផ្សេងៗ។
តាមការចោទប្រកាន់ វេទិកា ឬ Platform នេះបានអនុញ្ញាតឱ្យឧក្រិដ្ឋជនផ្ទេរ ឬបញ្ជូនប្រាក់ដែលទទួលបានពីការឆបោកដោយបន្លំធ្វើជាប្រតិបត្តិការវិនិយោគ ឬប្រតិបត្តិការហិរញ្ញវត្ថុស្របច្បាប់។ អាជ្ញាធរក៏បានតាមដានរំហូរសាច់ប្រាក់តាមរយៈបណ្តាញក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កោះតៃវ៉ាន់ និងប្រទេសផ្សេងៗទៀតផងដែរ។ តួយ៉ាងរដ្ឋអាជ្ញាកោះតៃវ៉ាន់ បានចោទប្រកាន់ថា ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអតីតអ្នកឧកញ៉ា Chen Zhi ត្រូវបានប្រើប្រាស់ដើម្បីផ្ទេរប្រាក់ដែលបានពីបទល្មើស និងទិញអចលនទ្រព្យប្រណីតៗដែលមានតម្លៃប្រមាណ១៥០លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណា បុគ្គលមួយចំនួនដែលត្រូវបានភ្នាក់ងារស៊ើបអង្កេតសួរចម្លើយបានបដិសេធថា ពួកគេមិនបានដឹងអំពីសកម្មភាពខុសច្បាប់នោះទេ។ ពួកគេ ក៏អះអាងដែរថា ពួកគេបានកាត់ផ្តាច់ទំនាក់ទំនងជាមួយបណ្តាញឧក្រិដ្ឋជនឆបោកនេះ បន្ទាប់ពីអាជ្ញាធរអន្តរជាតិដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី ក្រុមហ៊ុន Prince Group និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផ្ទុះបាតុកម្មដ៏ក្តៅគគុកនៅមុខវិមានរដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការសន្យាខ្យល់របស់លោក អានុទីន ជុំវិញវិបត្តិដីធ្លី

ស្ថានការណ៍នយោបាយ និងសង្គមនៅប្រទេសថៃ មានភាពវឹកវរយ៉ាងខ្លាំង ដោយនៅថ្ងៃទី១១ ខែសីហា ក្រុមចលនាប្រជាជនដើម្បីសង្គមយុត្តិធម៌ ឬ P-Move បានប្រមូលផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ