វិស័យការពារជាតិ

របាយការណ៍មួយបង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះដោយសារគ្រាប់បែកចង្កោម ខណៈថៃ ជាប្រទេសប្រើប្រាស់គ្រាប់បែកប្រភេទនេះ


របាយការណ៍សកលមួយ ដែលរៀបចំឡើងដោយបណ្ដាញក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានទម្លាយទិន្នន័យដ៏រន្ធត់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ គ្រាប់បែកចង្កោមបានផ្តាច់ជីវិត និងបង្កពិការភាពដល់មនុស្សយ៉ាងហោចណាស់១,០៦៣នាក់នៅលើពិភពលោក។ តួលេខដ៏គួរឱ្យព្រួយបារម្ភនេះបានបង្ហាញថា កម្ពុជា នៅតែបន្តស្ថិតក្នុងបញ្ជី នៃប្រទេសដែលរងគ្រោះធ្ងន់ធ្ងរពីអាវុធប្រល័យនេះ ខណៈប្រទេសជិតខាងថៃ ត្រូវបានកត់ត្រាជាផ្លូវការថា ជាប្រទេសបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារលើកម្ពុជា និងមីយ៉ាន់ម៉ា។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ដែលទើបចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង១,០៦៣នាក់ ដែលមានទាំងពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ជាប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដោយក្នុងនោះមានកុមារយ៉ាងហោចណាស់៣៤នាក់ផងដែរ។ ការរងគ្រោះរហូតធ្វើឱ្យមានការពិការភាព និងបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោមបានកើតឡើងនៅក្នុងប្រទេសចំនួន៩ រួមមាន អាហ្វហ្គានីស្ថាន កម្ពុជា អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។ របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះឆ្ងាយ ដោយសារមានករណីជាច្រើនមិនត្រូវបានរាយការណ៍ ខណៈកំណត់ត្រាខ្ពស់បំផុតត្រូវបានគេកត់ត្រាកាលពីឆ្នាំ២០២២ ដែលមានជនរងគ្រោះរហូតដល់១,១៧២នាក់ក្នុងអំឡុងពេលនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន។
គួររំលឹកថា អនុសញ្ញា ស្តីពី គ្រាប់បែកចង្កោម ដែលបានចូលជាធរមានក្នុងឆ្នាំ២០១០ បានហាមឃាត់ដាច់ខាតនូវការប្រើប្រាស់ ការផលិត ការផ្ទេរ និងការប្រមូលស្តុកទុកអាវុធប្រភេទនេះ ដោយមានរដ្ឋភាគីចូលរួមចំនួន១១២ប្រទេស និងហត្ថលេខីចំនួន ១២ប្រទេស។ ទោះជាយ៉ាងណា អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមបានអះអាងថា គ្រាប់បែកចង្កោមនៅតែត្រូវបានយកទៅប្រើប្រាស់ក្នុងសមរភូមិដោយប្រទេសមួយចំនួនដូចជា ថៃ អ៊ីរ៉ង់ មីយ៉ាន់ម៉ា រុស្ស៊ី អ៊ុយក្រែន និងម៉ាលី ដែលប្រទេសទាំងនេះភាគច្រើនមិនទាន់ជាភាគី នៃអនុសញ្ញាហាមឃាត់នេះឡើយ។
ផ្អែកតាមរបាយការណ៍ប្រវត្តិសាស្ត្ររបស់អង្គការនេះ ប្រទេសថៃ ធ្លាប់បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ប្រហារចូលយ៉ាងធ្ងន់ធ្ងរលើទឹកដីកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធតាមព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីខែកុម្ភៈ ឆ្នាំ២០១១ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា រងគ្រោះយ៉ាងអាណោចអាធ័ម និងបន្សល់ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើទឹកដីខ្មែរ។ បន្ថែមលើនេះកាលពីឆ្នាំ២០២៥ កន្លងទៅ ភាគីថៃ ក៏បានប្រើប្រាស់គ្រាប់បែកប្រភេទនេះវាយប្រហារលើកម្ពុជា និងមីយ៉ាន់ម៉ា ផងដែរ។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១១ ក្រោមការដាក់សម្ពាធពីអន្តរជាតិ និងការបង្ហាញភស្តុតាងដែលមិនអាចប្រកែកបានតំណាងរដ្ឋាភិបាល និងកងទ័ពថៃ បានទទួលស្គាល់ជាផ្លូវការចំពោះមុខអង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោមថា ខ្លួនពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមប្រហារលើទឹកដីកម្ពុជា ពិតប្រាកដមែន។ ព្រឹត្តិការណ៍នាពេលនោះបានធ្វើឱ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជុំវិញពិភពលោកចេញមុខប្រកាសថ្កោលទោសប្រទេសថៃយ៉ាងធ្ងន់ធ្ងរ ចំពោះការប្រើប្រាស់អាវុធហាមឃាត់ ដែលបង្កគ្រោះថ្នាក់បំផ្លិចបំផ្លាញដល់ជីវិតមនុស្សជាតិយ៉ាងធ្ងន់ធ្ងរនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ចិន ត្រូវ​បានគេសង្ស័យថា កំពុងអភិវឌ្ឍមនុស្សយន្តមានរូបរាងដូចមនុស្ស ដើម្បីបម្រើឱ្យវិស័យ​យោធា

ចិន ត្រូវបានគេសង្ស័យថា កំពុងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍមនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស ដើម្បីបម្រើឱ្យវិស័យយោធា។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ