នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងមនុស្សយន្តពិភពលោក ដែលចិន ធ្វើជាម្ចាស់ផ្ទះកាលពីខែសីហា ក្រុមអ្នកស្រាវជ្រាវ និងវិស្វករបច្ចេកវិទ្យាចិនបានបញ្ចេញសមត្ថភាពមនុស្សយន្តយ៉ាងរស់រវើក ទាំងការលោត វាយតប់ និងការរាំ ដែលសមត្ថភាពនេះបានចោទជាសញ្ញាសួរយ៉ាងធំដល់អ្នកសង្កេតការណ៍អន្តរជាតិ។ ភ្លាមៗក្រោយបញ្ចប់ព្រឹត្តិការណ៍នេះកាសែតផ្លូវការរបស់កងទ័ពប្រជាជនចិន PLA Daily បានចេញផ្សាយអត្ថបទមួយដោយអំពាវនាវឱ្យក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកវិទ្យាពន្លឿនការផ្ទេរបច្ចេកវិទ្យាចុងក្រោយបង្អស់ពីមន្ទីរពិសោធន៍ទៅកាន់ទីលានហ្វឹកហ្វឺនយោធា ដើម្បីបង្កើតកងពលប្រយុទ្ធមនុស្សយន្តឱ្យបានឆាប់រហ័ស។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា ស្ថាប័នការពារជាតិកំពូលរបស់ចិន កំពុងជំរុញការស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្ត្រយ៉ាងសកម្ម ក្នុងការដាក់ពង្រាយកម្លាំងយោធាមនុស្សយន្តក្នុងប្រតិបត្តិការជាក់ស្តែង។ បច្ចុប្បន្នស្ថាប័នយោធាចិនត្រូវបានគេជឿថា កំពុងធ្វើតេស្តយ៉ាងស្ទាត់ជំនាញលើសមត្ថភាព និងប្រសិទ្ធភាពប្រយុទ្ធរបស់មនុស្សយន្ត ដើម្បីឆ្លើយតបនឹងតម្រូវការសមរភូមិនាពេលអនាគត។ ជាមួយគ្នានេះកងទ័ពចិន ក៏បានបន្សាំកម្លាំងរួចជាស្រេចនូវឆ្កែយន្ត និងដ្រូនគ្មានមនុស្សបើកក្នុងបេសកកម្មស៊ើបការណ៍ ស្វែងរកទីតាំង ល្បាតការពារមូលដ្ឋាន សម្អាតឧបសគ្គក្នុងអគារ និងការដឹកជញ្ជូនស្បៀងអាហារ ឬយុទ្ធភណ្ឌជាដើម។
ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មអាវុធមនុស្សយន្តក្នុងវិស័យការពារជាតិនេះលោកស្រី ជូ មីនជូ (Juo-Min Chou) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខតៃវ៉ាន់បានកត់សម្គាល់ថា កងទ័ពរំដោះប្រជាជនចិន ពិតជាកំពុងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ នៃកម្មវិធីនេះពិតប្រាកដមែន។
ជាមួយគ្នានេះលោក ម៉ាលខូល ដាវីស (Malcolm Davis) អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានលើកឡើងថា បច្ចុប្បន្នមិនទាន់មានប្រទេសណាមួយ សូម្បីតែចិន ដែលបានដាក់បញ្ជូលមនុស្សយន្តឱ្យចូលប្រយុទ្ធក្នុងសមរភូមិជាក់ស្តែងនៅឡើយទេ ប៉ុន្តែលោកបានព្យាករថា នៅក្នុងរង្វង់ពី ៥ទៅ១០ឆ្នាំខាងមុខ វានឹងក្លាយជារឿងពិតជាក់ជាមិនខាន៕
ដោយៈ សរ សុជាតិ