យោងតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀរ ពូទីន នឹងប្រព្រឹត្តទៅក្នុងរយៈពេលខ្លីត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ ជំនួបនេះត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅតាមកាលវិភាគការទូតធម្មតារវាងវិមានក្រឹមឡាំង និងក្រុងប៉េកាំង ដោយទំនងជាមិនមានការរៀបចំពិធីទទួលស្វាគមន៍ជាលក្ខណៈពិធីការធំដុំ ឬអធិកអធមខ្លាំងក្លានោះឡើយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មមាន South China Morning Post មកទល់ពេលនេះ ទាំងក្រសួងការបរទេសចិន និងវិមានក្រឹមឡាំងមិនទាន់បានចេញសេចក្តីប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទជាក់លាក់ នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។ ទោះជាយ៉ាងណា នេះនឹងក្លាយជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ពូទីន ក្នុងឆ្នាំនេះ ដែលបង្ហាញយ៉ាងច្បាស់ពីអាទិភាព នៃទំនាក់ទំនងរវាងចិន និងរុស្ស៊ី។
ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានក្លាយជាបង្អែកសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់បំផុតរបស់ទីក្រុងមូស្គូ ខណៈដែលរុស្ស៊ីកំពុងរងសម្ពាធពីទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសចិនបានដើរតួជាអ្នកជួយសម្រាលបន្ទុកទណ្ឌកម្មទាំងនោះ តាមរយៈការបង្កើនការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ព្រមទាំងការផ្គត់ផ្គង់ទំនិញប្រើប្រាស់ផ្សេងៗ។
មហាអំណាចទាំងពីរតែងតែបង្ហាញជំហររួមគ្នា ក្នុងការតស៊ូប្រឆាំងនឹងអ្វីដែលពួកគេហៅថា "ការរំលោភសណ្ដាប់ធ្នាប់ពិភពលោក" ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក។ កាលពីដើមខែឧសភានេះ លោក ពូទីន បានបញ្ជាក់ថា ប្រទេសទាំងពីរមានការឯកភាពគ្នាកម្រិតខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហើយលោកក៏មានបំណងចង់ជជែកពិភាក្សាជាមួយលោក ស៊ី ជីនពីង បន្ថែមទៀតលើបញ្ហាថាមពលនុយក្លេអ៊ែរផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស