បច្ចេកវិទ្យា AI

ម៉ាឡេស៊ីចាក់ដីលុបសមុទ្របង្កើតកោះដ៏ធំមួយ ដើម្បីទាក់ទាញការវិនិយោគលើបច្ចេកវិទ្យា AI និងបន្ទះឈីប


តើអាចទៅរួចទេដែលប្រទេសមួយចាក់ដីលុបសមុទ្រ ដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយ ប្រជែងនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យាល្បីៗរបស់ពិភពលោក? ម៉ាឡេស៊ីកំពុងធ្វើរឿងនេះនៅរដ្ឋប៉េណាង ដោយសាងសង់កោះ Silicon Island ដែលយកលំនាំតាមភាពជោគជ័យរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យា ស៊ីលីខុន វ៉ាឡេ ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក ដើម្បីទាក់ទាញការវិនិយោគលើបច្ចេកវិទ្យា AI និងឧស្សាហកម្មបន្ទះឈីប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៨ ខែតុលា នេះ។
បច្ចេកវិទ្យា AI
ដោយ

ដើម្បីសម្រេចមហិច្ឆតាបច្ចេកវិទ្យា AI និងបន្ទះឈីប ម៉ាឡេស៊ីដែលជាសមាជិកមួយរបស់អាស៊ានកំពុង​សម្រុកចាក់​ដីលុបសមុទ្រ​សាងសង់កោះ Silicon Island ដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីដ៏ធំសម្បើមនៅភាគខាងត្បូងរដ្ឋប៉េណាងលើផ្ទៃដីប្រមាណ៩៣០ហិកតា។ នៅពេលសាងសង់បញ្ចប់ជាស្ថាពរ គម្រោងនេះត្រូវបានរំពឹងថា នឹងទាក់ទាញការវិនិយោគប្រមាណ១៧ពាន់លានដុល្លារអាម៉េរិក បង្កើតការងារប្រមាណ២២០,០០០កន្លែងនៅត្រឹមឆ្នាំ២០៥០ និងអាចរួមចំណែកប្រមាណ២៧០ពាន់លានដុល្លារដល់សេដ្ឋកិច្ចម៉ាឡេស៊ី។

ហេតុអ្វីម៉ាឡេស៊ីត្រូវសាងសង់កោះថ្មី​បែប​នេះ​? ព្រោះរដ្ឋប៉េណាងបានក្លាយជាមជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបញ្ហាធំ គឺកំពុងខ្វះដីសម្រាប់ពង្រីកឧស្សាហកម្ម។ ក្រុមហ៊ុនធំៗដូចជា Intel, AMD និង ASE Technology ជាដើមបានពង្រីកប្រតិបត្តិការនៅទីនោះរួចហើយ។
ពេល​នេះ ម៉ាឡេស៊ីចង់ឈានពីការផ្គុំ និងធ្វើតេស្តបន្ទះឈីបទៅកាន់វិស័យដែលមានតម្លៃខ្ពស់ជាងនេះ ដូចជាការរចនាបន្ទះឈីប ការវេចខ្ចប់បន្ទះឈីបបែបទំនើប និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង AI។

គម្រោងសាងសង់កោះ Silicon Island ក៏នឹងមានឧទ្យានបច្ចេកវិទ្យាបៃតងដ៏ធំមួយទំហំប្រមាណ២៨០
ហិកតា​ផងដែរ ដោយដំណាក់កាលដំបូងគ្រោងនឹងប្រើថាមពលកកើតឡើងវិញរួមជាមួយលំនៅឋាន សណ្ឋាគារ ការិយាល័យ ឧទ្យាន និងប្រព័ន្ធរថភ្លើងធុនស្រាល។​ ការចាក់ដី​លុបសមុទ្របង្កើតកោះនេះបានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចាក់ដីរួចប្រមាណ១៦៨ហិកតា។ ចំណាយលើការចាក់ដី និងហេដ្ឋារចនាសម្ព័ន្ធសរុបត្រូវបានប៉ាន់ប្រមាណថាមានទំហំ៣,៥ពាន់លានដុល្លារ។

ប្រតិបត្តិការឧស្សាហកម្មដំបូងត្រូវបានគ្រោងចាប់ផ្តើមនៅឆ្នាំ២០២៩។ ម៉ាឡេស៊ី កំពុងដាក់ការរំពឹងខ្ពស់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI នឹងជំរុញតម្រូវការបន្ទះឈីបកាន់តែខ្លាំង ហើយ​កោះ Silicon Island អាចក្លាយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញសេដ្ឋកិច្ចបច្ចេកវិទ្យារបស់រដ្ឋប៉េណាង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហុងកុង និងសិង្ហបុរីកំពុងប្រជែងគ្នាដណ្តើមតំណែងជាមជ្ឈមណ្ឌលជួញដូរមាសនៅតំបន់អាស៊ី

រវាងទីក្រុងហុងកុង និងសិង្ហបុរី តើទីក្រុងមួយណានឹងក្លាយជាមជ្ឈមណ្ឌលជួញដូរមាសសកលដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីនាពេលអនាគត? យោងតាមការចុះផ្សាយរ…

បើការធ្លាក់ចុះរបស់វិស័យទេសចរណ៍បន្តអូសបន្លាយ តើនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ?

វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៦ បានជួបប្រទះនូវរលកធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងកំហុក ដោយសារកត្តារាំងស្ទះនៃការធ្វើដំណើរ ការតភ្ជាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ