យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ លោកស្រី ដេស្ទ្រី ដាម៉ាយ៉ាន់ទី (Destry Damayanti) អនុប្រធានជាន់ខ្ពស់ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលឥណ្ឌូនេស៊ី ស្តីទីភ្លាមៗ បន្ទាប់ពីប្រធានាធិបតី ប្រ៉ាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានទទួលយកពាក្យសុំលាលែងពីតំណែងរបស់លោក វ៉ាជីយ៉ូ។ ការដើរចេញពីតំណែងយ៉ាងតក់ក្រហល់នេះកើតឡើងចំពេលធនាគារកណ្តាលរងសម្ពាធនយោបាយយ៉ាងខ្លាំងក្នុងការគាំទ្ររបៀបវារៈសេដ្ឋកិច្ចរបស់លោក Prabowo ខណៈប្រាក់រូពី បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ។ កាន់តែធ្ងន់ធ្ងរ គឺបន្ទាប់ពីសភាឥណ្ឌូនេស៊ី បានអនុម័តច្បាប់ថ្មីមួយ ដែលផ្តល់អំណាចដល់សមាជិកសភាក្នុងការចេញអនុសាសន៍មានគតិយុត្ត បង្ខំលើនិយតករហិរញ្ញវត្ថុ និងធនាគារកណ្តាល។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះប្រាក់រូពី បានធ្លាក់ចុះបន្ថែម០,៣៦% រហូតដល់១៨,០០០រូពីក្នុង១ដុល្លារ ខណៈសូចនាករភាគហ៊ុនសំខាន់ៗជួបការប្រែប្រួលឡើងចុះយ៉ាងច្របូកច្របល់។ គួររំលឹកថា លោក វ៉ាជីយ៉ូ ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលក្នុងឆ្នាំ២០១៨ និងបានបន្តអាណត្តិទី២ ក្នុងឆ្នាំ២០២៣។ តាមនីតិវិធី ការតែងតាំងប្រធានថ្មី ត្រូវធ្វើឡើងដោយប្រធានាធិបតី និងរដ្ឋសភា ប៉ុន្តែប្រធានាធិបតី មិនទាន់បានដាក់ស្នើឈ្មោះបេក្ខភាពថ្មីនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី