ទីភ្នាក់ងារព័ត៌មាន Euronews បានផ្សាយថា លោកឧត្តមសេនីយ៍ទោ ម៉ូហាមម៉ាត់ ហ្សាហ្វ៉ា អាសាឌី (Mohammad Jafar Asadi) មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា អ៊ីរ៉ង់ មិនទាន់បង្ហាញសក្ដានុពលយោធាទាំងអស់នោះទេ និងបានត្រៀមខ្លួនយ៉ាងមោះមុតសម្រាប់គ្រប់ស្ថានការណ៍ រួមទាំងការប្រឈមមុខដោយផ្ទាល់ជាមួយអាម៉េរិក និងណាតូ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា កងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ មិនទាន់បានបញ្ចេញសន្លឹកបៀរធំៗអស់នៅឡើយទេ ពោលគឺពួកគេនៅមានសមត្ថភាព និងជម្រើសជាច្រើនទៀតដែលមិនទាន់បង្ហាញ តែបើសិនចាំបាច់ខ្លួននឹងប្រើវា។
ការចេញមកអះអាងបែបនេះធ្វើឡើងនៅមួយបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ក្រុមអ្នកចរចាអ៊ីរ៉ង់នឹងបញ្ឈប់ការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាម៉េរិក តាមរយៈអ្នកសម្របសម្រួល ហើយខ្លួនឹងបិទច្រកសមុទ្រហ័រម៉ូសទាំងស្រុងផងដែរ។ ទោះជាយ៉ាងណានៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការចរចាជាមួយទីក្រុងតេអេរ៉ង់។ លោកបានបញ្ជាក់ថា ការពិភាក្សានៅពេលនេះ អាចនឹងគ្របដណ្តប់លើបញ្ហាកម្មវិធីនុយក្លេអ៊ែ ដែលកាលពីមុន អ៊ីរ៉ង់ មិនចង់លើកយកមកជជែកឡើយ។ ប្រមុខការទូតអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ការចរចាមិនប្រាកដថានឹងទទួលបានជោគជ័យ ឬឈានដល់កិច្ចព្រមព្រៀងដែលភាគីទាំងសងខាងទទួលយកបាននោះទេ។
ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការចរចាជាមួយទីក្រុងតេអេរ៉ង់ នៅតែបន្តដំណើរការយ៉ាងរលូន បើទោះជាភាគីអ៊ីរ៉ង់ អះអាងផ្ទុយពីនេះក៏ដោយ។ បន្ថែមលើនេះ លោក ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ដោយទាត់ចោលព័ត៌មាននានា ដែលថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានបញ្ឈប់ការចរចា និងបានចាត់ទុកព័ត៌មានទាំងនោះថា ជាព័ត៌មានក្លែងក្លាយ៕
អត្ថបទៈ សួន ឡង់ទី