ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញយល់ឃើញថា ការបង្កលក្ខណៈងាយស្រួល និងការទាក់ទាញធនធានមនុស្សកម្ពុជា ដែលបានបញ្ចប់ការសិក្សា ឬកំពុងបំពេញការងារនៅបរទេសឱ្យត្រឡប់មកមាតុភូមិវិញ ដើម្បីផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន។ តើកម្ពុជា គួរដល់ពេលដាក់ចេញយន្តការជាក់លាក់ ដើម្បីហៅពលរដ្ឋចំណានៗទាំងនោះត្រឡប់មកជួយជាតិហើយឬនៅ?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ដើម្បីអាចសម្រេចគោលដៅយុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជា នៅឆ្នាំ២០៥០ បាន ទាមទារឱ្យកម្ពុជា ត្រូវពង្រឹងភាពខ្លាំងរបស់ខ្លួន ពិសេសលើមូលធនមនុស្សដែលមានចំណេះដឹង និងកម្លាំងពលកម្មដែលមានសមត្ថភាព។ ក្នុងន័យនេះ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វាដល់ពេលដែលរដ្ឋាភិបាលកម្ពុជា គួរដាក់ចេញនូវយន្តការជាក់លាក់ ដើម្បីលុបបំបាត់នូវផ្នត់គំនិតរបស់ក្រុមមួយចំនួន ដែលតែងគិតថា អ្នកមានឱកាសរៀននៅបរទេសត្រូវតែបន្តធ្វើការ និងរស់នៅបរទេស ឱ្យងាកមកគិតយកចំណេះជំនាញ និងសមត្ថភាពដែលបានក្រេបជញ្ជក់ពីបរទេសយកមកចាក់បញ្ចូលប្រើប្រាស់ក្នុងប្រទេសវិញ ដើម្បីជំរុញការអភិវឌ្ឍនិងកសាងប្រទេសជាតិឱ្យកាន់តែខ្លាំងក្លា។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ប្រទេសមួយដែលអាចរីកចម្រើន រឹងមាំ និងសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួនបាន គឺត្រូវពឹងផ្អែកខ្លាំងលើធនធានមនុស្ស ដែលមានសមត្ថភាពខ្លាំងពូកែ និងមានឆន្ទៈបម្រើប្រទេសជាតិពិតប្រាកដ។ ដូច្នេះអ្នកជំនាញរូបនេះយល់ថា ប្រសិនបើមានយន្តការរៀបចំការប្រមូលនូវធនធានមនុស្សដែលខ្លាំងពូកែ ដែលកំពុងសិក្សា និងបំពេញការងារនៅក្រៅប្រទេសឱ្យត្រឡប់មកក្នុងប្រទេសវិញ ដើម្បីរួមចំណែកកសាងប្រទេសជាតិ ឱ្យខ្លាំងនោះគឺពិតជាសំខាន់ណាស់។
ប៉ុន្តែបញ្ហានេះទាមទារឱ្យមានការរៀបចំយន្តការច្បាស់លាស់ មានការលើកទឹកចិត្ត និងផ្តល់តម្លៃតបស្នងឱ្យស័ក្ដិសមនឹងសមត្ថភាពរបស់ពួកគេ ទើបអាចទាញពួកគេឱ្យត្រឡប់មកវិញបាន។
ជុំវិញបញ្ហានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ដោយសារតែកត្តាបរិស្ថានសង្គម និងទីផ្សារការងាររបស់កម្ពុជា នៅមានចន្លោះខ្វះខាតមួយចំនួនបានក្លាយជាចំណែកមួយធ្វើឱ្យរាំងស្ទះដល់ផ្នត់គំនិតរបស់ធនធានមនុស្ស ដែលទៅក្រេបជញ្ជក់ចំណេះដឹងនៅបរទេសមិនទាន់ចង់ត្រឡប់មកស្រុកកំណើតវិញ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញរូបនេះយល់ថា សម្រាប់អ្នកដែលមានឆន្ទៈចង់ចូលរួមអភិវឌ្ឍសង្គមជាតិ ពិតប្រាកដ គឺមិនស្ថិតនៅលើកត្តាភូមិសាស្ត្រឡើយ ពោលគឺទោះបីជាពួកគេកំពុងរស់នៅក្រៅប្រទេស ក៏ពួកគេនៅតែអាចរួមចំណែកជួយជាតិទៅតាមជំនាញ និងលទ្ធភាពរៀងៗខ្លួនបានដែរ។
គួររំលឹកថា ជារឿយៗគេសង្កេតឃើញថា គ្រួសារដែលមានជីវភាពធូរធារនៅកម្ពុជា តែងតែបញ្ជូនកូនចៅរបស់ខ្លួនទៅសិក្សានៅបណ្តាប្រទេសជឿនលឿន ហើយភាគច្រើនបានបន្តរស់នៅ និងបំពេញការងារនៅទីនោះជាអចិន្ត្រៃយ៍។ កត្តានេះហើយ ដែលកំពុងធ្វើឱ្យកម្ពុជា ប្រឈមមុខនឹងវិបត្តិការហូរចេញនូវខួរក្បាល ឬបាត់បង់ធនធានមនុស្សកម្រិតខ្ពស់ ដែលជាកម្លាំងស្នូលក្នុងការចូលរួមចំណែកជួយកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យទាន់សម័យកាលបច្ចេកវិទ្យា៕