ក្រោយតម្រូវការអគ្គិសនីបន្តកើនឡើង វៀតណាម កំពុងស្វែងរកប្រភពថាមពលបន្ថែម ដើម្បីធានាស្ថិរភាពការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និង Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់វៀតណាម បានកើនឡើងយ៉ាងខ្លាំងដល់ទៅប្រមាណ ២២៤% ចាប់តាំងពីថ្ងៃទី១ ខែតុលា មក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យតាមដានចរាចរណ៍កប៉ាល់ដែលសារព័ត៌មាន Bloomberg ប្រមូលបាន។ ការកើនឡើងយ៉ាងខ្លាំងនេះកើតឡើងចំពេលដែលភ្លៀងធ្លាក់តិចបណ្តាលឱ្យរំហូរទឹកចូលអាងស្តុកទឹកវារីអគ្គិសនីថយចុះ ខណៈកំណើនសេដ្ឋកិច្ច និងសកម្មភាពឧស្សាហកម្ម ក៏ជំរុញឱ្យតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងខ្លាំង។
បច្ចុប្បន្នរំហូរទឹកចូលអាងស្តុកទឹកវារីអគ្គិសនីរបស់វៀតណាម មានត្រឹមប្រមាណ៨០%ប៉ុណ្ណោះ បើធៀបនឹងកម្រិតមធ្យមរយៈពេលវែង។ ចំណែកឯការប្រើប្រាស់អគ្គិសនីត្រូវបានព្យាករថា នឹងកើនឡើងជាង១០%ក្នុងឆ្នាំ២០២៦ នេះ ដែលកាន់តែបង្កើនសម្ពាធលើប្រព័ន្ធផ្គត់ផ្គង់ថាមពល។
ទន្ទឹមនេះនៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ប្រធានាធិបតីវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ។ ក្នុងនោះលោក ពូទីន បានបង្ហាញឆន្ទៈចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យថាមពលជាមួយវៀតណាម។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័ន ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែ ខណៈវៀតណាមកំពុងពិចារណាស្តារកម្មវិធីថាមពលនុយក្លេអ៊ែស៊ីវិលឡើងវិញ។
ទោះជាយ៉ាងណាការពឹងផ្អែកលើឧស្ម័នធម្មជាតិរាវ (LNG) អាចនឹងថយចុះនៅចុងឆ្នាំនេះនៅពេលរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម “ក្វាង ត្រាច់ ទី១” ដែលមានសមត្ថភាពផលិតអគ្គិសនី១,៤ជីហ្គាវ៉ាត់ ចាប់ផ្តើមដំណើរការជាផ្លូវការសម្រាប់ការផ្គត់ផ្គង់ពាណិជ្ជកម្ម។ សរុបមកការបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) និងការពង្រឹងទំនាក់ទំនងថាមពលជាមួយរុស្ស៊ីបានបង្ហាញថា វៀតណាមកំពុងប្រញាប់ពង្រីកប្រភពផ្គត់ផ្គង់ថាមពល ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ និងតម្រូវការអគ្គិសនី ដែលកំពុងកើនឡើង៕
ដោយ: តែម សុខុម