បំណុលអាម៉េរិក

អាម៉េរិកធ្លាក់ក្នុងវិបត្តិបំណុលកាន់តែជ្រៅ ដោយត្រឹម១សប្តាហ៍បានខ្ចីបុលថ្មីរហូតដល់៧៤៣ពាន់លានដុល្លារ


បំណុលរដ្ឋាភិបាលអាម៉េរិកកំពុងកើនឡើងលឿនគួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍​ប៉ុណ្ណោះ ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្កើនការខ្ចីប្រាក់ថ្មីរហូតដល់ទៅ៧៤៣ពាន់លានដុល្លារ ខណៈក្នុងឆ្នាំសារពើពន្ធ២០២៦ រដ្ឋាភិបាល​អាម៉េរិកបានខ្ចីប្រាក់ជាមធ្យម១៥៥ពាន់លានដុល្លារក្នុងមួយខែ ហើយបច្ចុប្បន្នត្រូវ​បង់ការប្រាក់លើបំណុលរហូតដល់ទៅ២៤ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ឬ ជាង១,២ទ្រីលានដុល្លារក្នុងមួយឆ្នាំ។ ទិន្នន័យនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងថា បំណុលជាតិអាម៉េរិកកំពុងក្លាយជាបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយ។
បំណុលអាម៉េរិក
ដោយ

ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានប្រកាសថា នៅក្នុង​រយៈពេល១សប្តាហ៍​មក​នេះ រដ្ឋាភិបាល​អាម៉េរិកបានបង្កើនការខ្ចីប្រាក់ថ្មីសរុបប្រមាណ៧៤៣ពាន់លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋាភិបាល ដើម្បី​បំពេញ​តម្រូវការថវិកា និងបន្តផ្តល់ហិរញ្ញប្បទានដល់ការចំណាយ​ផ្សេងៗរបស់រដ្ឋាភិបាល។ ទន្ទឹមនេះទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ​អាម៉េរិកបានបង្ហាញថា ចាប់តាំងពីចាប់ដើមឆ្នាំសារពើពន្ធ២០២៦ រដ្ឋាភិបាលអាម៉េរិកបានខ្ចីប្រាក់ជាមធ្យមប្រមាណ១៥៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីបំពេញឱនភាពថវិកា ដែលកំពុងកើនឡើងជាបន្តបន្ទាប់។

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺការចំណាយលើការប្រាក់បំណុលជាតិបានកើនឡើងដល់ប្រមាណ២៤ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ឬជាង១,២ទ្រីលានដុល្លារក្នុងមួយឆ្នាំ ដែលធ្វើឱ្យការប្រាក់បំណុលក្លាយជាចំណាយដ៏ធំបំផុតមួយរបស់រដ្ឋាភិបាលអាម៉េរិក។

ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា អត្រាការប្រាក់ដែលនៅតែខ្ពស់ និងការបន្តខ្ចីប្រាក់ក្នុងទំហំធំ អាចបង្កើនសម្ពាធលើហិរញ្ញវត្ថុសាធារណៈរបស់សហរដ្ឋអាម៉េរិក។ ទោះបីទីផ្សារហិរញ្ញវត្ថុនៅតែមានទំនុកចិត្តលើមូលបត្ររដ្ឋាភិបាលអាម៉េរិកយ៉ាងណាក៏ដោយ ​ក៏ការកើនឡើងឥតឈប់ឈរនៃបំណុលជាតិ និង​ការចំណាយលើការប្រាក់កំពុងក្លាយជាប្រធានបទ ដែល​ក្រុម​អ្នកជំនាញ​​សេដ្ឋកិច្ច និងអ្នកបង្កើតគោលនយោបាយ​ព្រួយបារម្ភ និងតាមដានយ៉ាងយកចិត្ត​ទុកដាក់បំផុត។

គិតមក​​ទល់​ពេលនេះបំណុលជាតិរបស់​សហរដ្ឋអាម៉េរិកបាន​កើន​លើស៣៧ទ្រីលានដុល្លារ ហើយការខ្ចីប្រាក់បន្ថែមជាបន្តបន្ទាប់ត្រូវបានគេរំពឹងថា នឹងនៅតែបន្ត​កើតមានដរាបណារដ្ឋាភិបាលនៅមានឱនភាពថវិកាខ្ពស់ និងតម្រូវការចំណាយសាធារណៈនៅតែកើនឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមនឹងសាងសង់សាលារៀន ដែលមានអគារស្នាក់នៅតាមបណ្តោយព្រំដែនជាប់ជាមួយកម្ពុជា ចិន និងឡាវ

វៀតណាម ដែលមានព្រំដែនគោកជាប់នឹងប្រទេសកម្ពុជា ឡាវ និងចិន កំពុងដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការសាងសង់សាលាបណ្តុះបណ្តាលលក្ខណៈអន្តេវាសិកដ្…

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យស៊ើបអង្កេតជុំវិញករណីលិចទូកទេសចរណ៍នៅកោះត្រល់ បណ្តាលឱ្យជនជាតិឥណ្ឌា១៥នាក់ស្លាប់

គ្រោះថ្នាក់ក្រឡាប់ទូកទេសចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅតំបន់កោះត្រល់ ឬកោះភូគុក ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែកក្កដា ដោយបានសម្លាប់ភ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ