យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ទួយ ទ្រី របស់វៀតណាម ហេតុការណ៍លិចទូកទេសចរណ៍ល្បឿនលឿនបណ្តាលឱ្យភ្ញៀវទេសចរជនជាតិឥណ្ឌា១៥នាក់ស្លាប់បានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី១១ ខែកក្កដា។ ទូកទេសចរណ៍ល្បឿនលឿននោះបានដឹកភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន៣២នាក់ព្រមទាំងនាវិក៣នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាមម្នាក់បានក្រឡាប់លិចនៅកណ្ដាលសមុទ្រនៅចន្លោះកោះម៉ៃរូតង៉យ និងកំពង់ផែអន្តរជាតិអានថយ ដែលមានចម្ងាយប្រហែល៤០០ម៉ែត្រពីច្រាំង បន្ទាប់ពីត្រូវរលក និងខ្យល់វាយបោកបក់ខ្លាំង។
ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរ និងក្រុមសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការយ៉ាងសកម្ម ដោយបានរកឃើញមនុស្សទាំង ៣៦នាក់នៅលើទូក។ ក្នុងនោះមនុស្សចំនួន២១នាក់ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ខណៈ១៥នាក់ផ្សេងទៀតបានបាត់បង់ជីវិត ដែលជនរងគ្រោះស្លាប់ទាំងអស់សុទ្ធតែជាភ្ញៀវទេសចរជនជាតិឥណ្ឌា។ ភ្លាមៗនោះនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង (Le Minh Hung) បានចេញបទបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញករណីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រកោះត្រល់ នៃខេត្តគៀនយ៉ាងនេះ។
នៅក្នុងសេចក្ដីណែនាំបន្ទាន់មួយចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូក (Pham Gia Tuc) ក្នុងនាមនាយករដ្ឋមន្ត្រីបានបញ្ជាថា ក្រសួងនគរបាលជាតិវៀតណាមត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងត្រូវចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះស្ថាប័ន ឬបុគ្គលណា ដែលមានការធ្វេសប្រហែស បណ្តោយឱ្យមានកំហុសឆ្គងកើតឡើងរហូតបង្កជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស