ស្ថានភាពនេះ កំពុងបង្កើតបញ្ហាដ៏គ្រោះថ្នាក់មួយនោះ គឺការផលិតកាន់តែច្រើនលើសលប់ ខណៈតម្រូវការទីផ្សារកាន់តែរួមតូច។ ប្រសិនបើសម្ពាធនេះកាន់តែខ្លាំង វាអាចមិនមែនជាបញ្ហារបស់ចិន តែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែវាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងធ្ងន់ធ្ងរ។
អត្ថបទវិភាគស៊ីជម្រៅមួយចុះផ្សាយដោយគេហទំព័រ Foreign Affairs កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានព្រមានថា សមត្ថភាពផលិតដ៏លើសលប់របស់ចិន អាចក្លាយជាហានិភ័យសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្ន ចិន ផលិតទំនិញប្រមាណ ៣០% នៃទំនិញរបស់ពិភពលោក ហើយចំណែកនេះអាចកើនដល់ ៤៥% នៅឆ្នាំ២០៣០។ ប៉ុន្តែការផលិតកំពុងកើនឡើងលឿនជាងតម្រូវការ ខណៈក្រុមហ៊ុនឧស្សាហកម្មចិន ជិត ៣០% កំពុងដំណើរការដោយខាតបង់។ សម្ពាធនេះ កំពុងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មធំៗ។ ចន្លោះឆ្នាំ២០២២ ដល់២០២៥ ការនាំចេញរថយន្តរបស់អាល្លឺម៉ង់ ទៅចិន បានធ្លាក់ចុះ ៦៦% ខណៈចិន បានក្លាយជាប្រទេសនាំចេញរថយន្តធំបំផុតរបស់ពិភពលោក។
ជាក់ស្ដែងក្នុងវិស័យរថយន្តអគ្គិសនី ចិន មានសមត្ថភាពផលិតប្រមាណ ២៥លានគ្រឿង ក្នុងមួយឆ្នាំ ខណៈតម្រូវការក្នុងស្រុកមានត្រឹមប្រមាណ ១២លានគ្រឿង និងតម្រូវការពិភពលោកមានត្រឹមប្រមាណ ២៣លានគ្រឿង។ នេះឆ្លុះបញ្ចាំងពីបញ្ហាផលិតលើសតម្រូវការ ដែលស្តែងឱ្យឃើញកាន់តែច្បាស់។ ប្រសិនបើទីផ្សារបរទេសបន្តដាក់របាំងលើទំនិញចិន ប្រទេសចិនអាចប្រឈមការថយចុះនៃការនាំចេញ ការបិទរោងចក្រ ការកើនឡើងភាពអត់ការងារធ្វើ និងសម្ពាធលើវិស័យហិរញ្ញវត្ថុ។ ផលប៉ះពាល់ក៏អាចរាលដាលទៅប្រទេស ដែលពឹងផ្អែកលើតម្រូវការរបស់ចិន ជាពិសេសប្រទេសនាំចេញវត្ថុធាតុដើម ដែលអាចរងការធ្លាក់ចុះនៃតម្លៃទំនិញ និងការនាំចេញ។
ដើម្បីកាត់បន្ថយហានិភ័យ ក្រុមអ្នកវិភាគស្នើឱ្យចិន ធ្វើកំណែទម្រង់សេដ្ឋកិច្ចឱ្យមានតុល្យភាពជាងមុន ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងជំរុញការប្រើប្រាស់ក្នុងស្រុក។ ប៉ុន្តែប្រសិនបើការផ្លាស់ប្តូរត្រូវបានពន្យារពេលយូរពេក បញ្ហាផលិតលើសតម្រូវការរបស់ចិន អាចកាន់តែធ្ងន់ធ្ងរទៅ និងប្រែក្លាយទៅជាវិបត្តិសេដ្ឋកិច្ច ដែលមិនត្រឹមតែប៉ះពាល់ដល់ប្រទេសចិននោះទេ ប៉ុន្តែជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម