ទន្ទឹមនឹងដាក់ក្តីសង្ឃឹមនេះ អ្នកជំនាញក្នុងវិស័យអប់រំបានរំលឹក និងផ្ញើសារថា ភាសាអង់គ្លេសរួមជាមួយជំនាញបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាអាវុធយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់យុវជនក្នុងការបន្តការសិក្សា និងប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត។
យុវជន ដួង រតនមុន្នី ជាបេក្ខជនប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ទួលស្វាយព្រៃ បានបង្ហាញពីអារម្មណ៍រំភើបចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៦ នេះ ដោយរូបគេបានការធ្វើកិច្ចការប្រឡងបានយ៉ាងល្អ នឹងដាក់ក្ដីរំពឹងថា ខ្លួនអាចធ្វើបានល្អគ្រប់មុខវិញ្ញាសាប្រឡង ជាពិសេសវិញ្ញាសាភាសាអង់គ្លេស។ ផ្អែកលើសមត្ថភាពរបស់ខ្លួន យុវជនរូបនេះបានដាក់ក្តីសង្ឃឹម៦០%សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ។
ជាមួយគ្នានេះយុវតី ដារ៉ា នីតា ជាបេក្ខជនប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ទួលស្វាយព្រៃ មួយរូបដែរនោះបានលើកឡើងថា នៅក្នុងដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលមួយព្រឹកដែលមាន២មុខវិជ្ជានេះ ខ្លួនអាចធ្វើបានច្រើន ដោយយុវតីរូបនេះបានដាក់ក្ដីរំពឹងថា ខ្លួននឹងទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅឆ្នាំនេះ។
បើតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ធ្លាប់បានលើកឡើងថា ភាសាអង់គ្លេសប្រៀបដូចជាអាវុធស័ក្តិសិទ្ធិសម្រាប់សិស្សនិស្សិត ព្រោះវាអាចនាំឱ្យសិស្សទទួលបានជោគជ័យទាំងក្នុងដំណើរការសិក្សា និងជីវិតការងារ។ អ្នកជំនាញរូបនេះមើលឃើញពីតម្រូវការមុខវិជ្ជា និងជំនាញដូចជាបច្ចេកវិទ្យាឌីជីផល ជំនាញខាងបញ្ញាសប្បនិមិត្ត AI ជំនាញខាងទំនាក់ទំនង ជំនាញវិភាគ សុខាភិបាល ផ្នែកអេឡិចត្រូនិច គ្រូបង្រៀន និងខាងហិរញ្ញវត្ថុ ដែលយុវជនចាំបាច់ត្រូវចាប់រៀន ព្រោះជាតម្រូវការក្នុងសង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ដើម្បីអាចជំរុញឱ្យសិស្សនិស្សិត ចាប់យកមុខជំនាញទាំងអស់នេះបានកាន់តែច្រើន ទាមទារឱ្យរដ្ឋាភិបាល ផ្ដល់ជំនួយធនធានថវិការចាក់ចូលគ្រឹះស្ថាន អប់រំទូទាំងប្រទេស ដើម្បីគាំទ្រដល់បច្ចេកទេស និងសម្ភារៈសម្រាប់ជំនួយការសិក្សា។
គួរបញ្ជាក់ថា នៅថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនអវត្តមានជាង១,២០០នាក់ក្នុងនោះស្រីជាង៤០០នាក់។ នៅឆ្នាំនេះបេក្ខជនចុះឈ្មោះប្រឡងសរុប១៥១,២៣៨នាក់ (ស្រី៨៤,៧៣៥នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៧,៤៤៥នាក់ ស្មើនឹងជាង២៤% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន១១៣,៧៩៣នាក់ស្មើនឹងជាង៧៥%។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕
អត្ថបទ ៖ ជា ម៉ារ៉ា