ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី បានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសាធារណៈអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទោះបីជាមានការបង្កើតគណៈកម្មការស៊ើបអង្កេតពិសេស ការរឹតបន្តឹងច្បាប់ និងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ល្បីៗជាច្រើននាក់យកទៅផ្តន្ទាទោសយ៉ាងណាក៏ដោយ ក៏ជំងឺពុករលួយនេះនៅតែបន្តស៊ីរូងក្នុងសង្គមឥណ្ឌូនេស៊ី នៅឡើយ។ ថ្លែងទៅកាន់សភាកាលពីថ្ងៃទី១៤ ខែសីហា លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ បានបញ្ជាក់ថា ឥណ្ឌូនេស៊ី មានសហគ្រាសរដ្ឋអត់ផលិតភាពច្រើនពេកហើយ ដែលស្ថាប័នទាំងនោះមិនត្រឹមតែមិនបង្កើតចំណូលជូនជាតិនោះទេ ថែមទាំងបានរាយការណ៍ពីការខាតបង់ជារៀងរាល់ឆ្នាំទៀតផង។
លោកបានគូសបញ្ជាក់ថា ផ្អែកលើការកែទម្រង់យន្តការគ្រប់គ្រងមូលនិធិទ្រព្យសម្បត្តិរដ្ឋ ដែលបានដាក់ចេញកាលពីឆ្នាំ២០២៥ ឥណ្ឌូនេស៊ី មានសហគ្រាសរដ្ឋសរុបជាង ១,០០០ស្ថាប័ន។ ប៉ុន្តែតាមផែនការថ្មីនេះ លោកនឹងកាត់ចោលរហូតដល់ ៧៥០ស្ថាប័ន ដោយរក្សាទុកត្រឹមតែ ៣០០ ទៅ ៤០០ ស្ថាប័នប៉ុណ្ណោះ ដែលជាសហគ្រាសមានប្រសិទ្ធភាពជួយសេដ្ឋកិច្ចពិតប្រាកដ ដើម្បីងាយស្រួលគ្រប់គ្រង និងបង្កើតតម្លៃបន្ថែមជូនប្រជាជន។
តាមរយៈការកាត់សហគ្រាសមិនមានផលិតភាពទាំងនេះ ឥណ្ឌូនេស៊ី រំពឹងថា នឹងអាចសន្សំថវិកាជាតិបានយ៉ាងតិចជិត ៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី អាចសន្សំថវិកាជាតិបានភ្លាមៗតាំងពីការចំណាយលើប្រាក់ខែប្រធាននាយកដ្ឋាន ការជួលអគារទំនើបៗ រថយន្តប្រណីតៗ និងកញ្ចប់ចំណាយខ្ជះខ្ជាយផ្សេងៗទៀត។
ការប្រកាសវះកាត់ប្រព័ន្ធរដ្ឋបាលលើកនេះ ត្រូវបានគេមើលឃើញថា ជាការផ្ញើសារព្រមានយ៉ាងក្តៅគគុកមួយទៅកាន់មន្ត្រីអសកម្ម និងជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់បងធំអាស៊ាន ក្នុងការបោសសម្អាតប្រព័ន្ធរដ្ឋ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យស្ទុះលឿនទៅមុខដោយឥតមានបន្ទុកសាំញ៉ាំ៕
ដោយៈ សរ សុជាតិ