ដ្រូនអត្តឃាតអនាមិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែ បារ៉ាកា របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជារោងចក្រនុយក្លេអ៊ែតែមួយគត់ក្នុងពិភពអារ៉ាប់។ ទោះជាយ៉ាងណា អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់ថា មិនមានអ្នករងរបួស និងមិនមានការលេចធ្លាយសារធាតុវិទ្យុសកម្មនោះទេ។ ក្រសួងការពារជាតិ អេមីរ៉ាតអារ៉ាប់រួម បានអះអាងថា ដ្រូនអត្តឃាតចំនួន៣គ្រឿងបានហោះចូលពីតំបន់ព្រំដែនភាគខាងលិចជាប់អារ៉ាប៊ីសាអូឌីត ដោយសមត្ថកិច្ចបាញ់ទម្លាក់ដ្រូនបាន២គ្រឿង ខណៈដ្រូនមួយគ្រឿងទៀតបានវាយប្រហារចំគោលដៅបង្កការឆេះនៅប្រព័ន្ធម៉ាស៊ីនភ្លើងខាងក្រៅរោងចក្រ។ បច្ចុប្បន្នអាជ្ញាធររបស់ប្រទេសនេះកំពុងស៊ើបអង្កេតរកប្រភពនៃការវាយប្រហារនេះ។
ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក អាន់វ៉ា ហ្គាហ្គេស (Anwar Gargash) បានចាត់ទុកហេតុការណ៍នេះ គឺជាការបង្កហេតុដ៏គ្រោះថ្នាក់ មិនថាធ្វើឡើងដោយប្រទេសណា ឬ ក្រុមភ្នាក់ងារតំណាងណាមួយនោះទេ។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត ក៏បានប្រកាសដែរថា ខ្លួនបានស្ទាក់បាញ់ដ្រូនអត្តឃាតចំនួន៣គ្រឿងដែលចូលមកពីដែនអាកាសអ៊ីរ៉ាក់ និងព្រមានថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។
ស្ថានការណ៍កាន់តែតានតឹង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ តាមបណ្តាញទំនាក់ទំនងសង្គម Truth Social ថា ពេលវេលារបស់អ៊ីរ៉ង់កាន់តែខើចជិតអស់ហើយ។ ពួកគេត្រូវតែចាត់វិធានការដោះស្រាយឱ្យបានលឿន បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងមិនមានអ្វីនៅសល់ឡើយ។ ទោះជាយ៉ាងណាលោក ត្រាំ មិនបានបញ្ជាក់លម្អិតថា នឹងចាត់វិធានការបែបណានោះឡើយ ប្រសិនបើអ៊ីរ៉ង់ មិនព្រមទទួលយកលក្ខខណ្ឌរបស់អាម៉េរិក។ ឆ្លើយតនឹងការព្រមាននេះ អ៊ីរ៉ង់បានអះអាងថា កងកម្លាំងយោធារបស់ខ្លួនបានត្រៀមរួចហើយ ដើម្បីវាយបក ខណៈការទូតក៏នៅបន្តដំណើរការ។
គួររំឭកថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក ពួតដៃជាមួយអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មុនឈានទៅរកបទឈប់បាញ់បណ្តោះអាសន្នកាលពីអំឡុងខែមេសា។ តែភាគីទាំងពីរនៅតែមានភាពខ្វែងគំនិត ជាពិសេសជុំវិញកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក អេកសៀស (Axio) ក៏បានរាយការណ៍ដែរថា លោក ត្រាំ គ្រោងជួបក្រុមប្រឹក្សាសន្តិសុខជាតិ នៅសប្តាហ៍នេះ ដើម្បីពិភាក្សាជម្រើសសម្រាប់ចំណាត់ការយោធាថ្មីវាយប្រហារប្រទេសប្រអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល ក៏កំពុងសម្របសម្រួលជាមួយអាម៉េរិក អំពីលទ្ធភាពបើកការវាយប្រហារឡើងវិញផងដែរ៕
ដោយ: តែម សុខុម