ជម្លោះព្រំដែនកម្ពុជា-ថៃ

ស្នូរគ្រាប់កាំភ្លើងស្ងប់ស្ងាត់ តែជម្លោះព្រំដែនកម្ពុជា-ថៃ បន្សល់ទុករបួសសេដ្ឋកិច្ចរ៉ាំរ៉ៃ និងការរងគ្រោះរបស់ពលរដ្ឋ


សំឡេងគ្រាប់កាំភ្លើង និងផ្សែងសង្គ្រាមបានរលាយបាត់ទៅមែន ប៉ុន្តែរបួសសេដ្ឋកិច្ច និងការខូចខាតដ៏ជ្រៅមិនទាន់អាចព្យាបាលបាននៅឡើយទេ។ រយៈពេលជិត៦ខែ បន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយបានបញ្ចប់ការប៉ះទង្គិចដោយអាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រុមអ្នកជំនាញអន្តរជាតិ បានចេញមុខមកព្រមានខ្លាំងៗថា ផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមដ៏ធ្ងន់ធ្ងរកំពុងបន្តស៊ីរូងរលួយ និងអាចចំណាយពេលរាប់ឆ្នាំទម្រាំអាចស្តារឡើងវិញបាន។
ជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

យោងតាមបទវិភាគស៊ីជម្រៅមួយដែលបង្ហោះនៅលើគេហទំព័រ«វេទិកាអាស៊ីបូព៌ា» ឬ East Asia Forum បានលាតត្រដាងថា ជម្លោះព្រំដែនដែលដុតបញ្ឆេះដោយនយោបាយជាតិនិយមជ្រុលរបស់ថៃ បានបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មឆ្លងដែន ខ្សែច្រវាក់ការងារ និងដង្ហើមរស់រានមានជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងប្រទេសទាំងពីរ។

លោក វ៉ាន់ណាភុង ឌូរ៉ុងកាវេរ៉ូច (Wannaphong Durongkaveroj) សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ រ៉ាមខាំហែង ដែលជាសាកលវិទ្យាល័យរដ្ឋធំបំផុតមួយនៅប្រទេសថៃ បានលើកឡើងក្នុងន័យចាក់ដោតថា ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាសេណារីយ៉ូមួយដែលគ្មានអ្នកឈ្នះពិតប្រាកដឡើយ មានតែការខូចខាតដែលបន្តអូសបន្លាយយូរអង្វែងប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា ផលប៉ះពាល់ដ៏អាសោចបំផុត គឺបានធ្លាក់ទៅលើវិស័យកម្លាំងពលកម្ម​។

ខណៈពេលដែលប្រទេសថៃ កំពុងតែដេកដួលក្នុងវិបត្តិសង្គមមនុស្សចាស់ជរា និងអត្រាកំណើតទារកធ្លាក់ចុះជាបន្តបន្ទាប់ ទីក្រុងបាងកក គឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលករខ្មែរ ក្នុងការជំរុញវិស័យសំណង់ ភោជនីយដ្ឋាន និងឧស្សាហកម្មផលិតកម្ម។ ដូច្នេះការបិទច្រកព្រំដែន និងការរឹតបន្តឹងការធ្វើដំណើរដោយសារជម្លោះមិនខុសអីពីការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច និងឆ្នាំងបាយរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឡើយ។

ក្រឡេកមកមើលទំហំពាណិជ្ជកម្មវិញ ក៏រងការខាតបង់យ៉ាងដំណំផងដែរ។ សាស្ត្រាចារ្យរងរូបនេះបានបង្ហាញតួលេខថា ប្រទេសថៃ គឺជាដៃគូនាំចូលធំជាងគេទី៣របស់កម្ពុជា បន្ទាប់ពីចិន និងវៀតណាម។ ប៉ុន្តែក្រោយភ្លើងជម្លោះព្រំដែនផ្ទុះឡើងក្នុងឆ្នាំ២០២៥ កន្លងទៅ តួលេខនៃការនាំចូលរបស់កម្ពុជាពីប្រទេសថៃ បានដាំក្បាលចុះពីជាង៣,៤ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹមជិត៣ពាន់លានដុល្លារ ពោលគឺបាត់បង់អស់ទឹកប្រាក់រហូតដល់ទៅជិត៥០០លានដុល្លារ។

ទន្ទឹមនឹងនេះ បទវិភាគក៏បានទម្លាយការពិតដ៏ជូរចត់ថា ភាគីថៃ មិនបានចំណេញអ្វីពីល្បែងនយោបាយព្រំដែននេះឡើយ។ ជាក់ស្តែងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ដូចជា ខេត្តស្រះកែវ ស៊ីសាកេត និងសុរិន្ទ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ តំបន់ទាំងនេះមានអត្រាភាពក្រីក្រខ្ពស់ជាងមធ្យមភាគជាតិ ដល់ទៅ៣ដងទៅហើយ ហើយការបិទច្រកទ្វារសេដ្ឋកិច្ច បានរុញច្រានប្រជាជនថៃ ជិត១​លាននាក់បន្ថែមទៀតឱ្យធ្លាក់ខ្លួនចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រ។

រលកនៃវិបត្តិនេះ គឺជាមេរៀនដាស់តឿនដ៏មានតម្លៃ ដែលក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែបញ្ឈប់ការប្រើប្រាស់វោហាសាស្ត្រជាតិនិយមជ្រុល ហើយងាកមកផ្តោតលើការស្តារវិស័យការងារ និងបើកពាណិជ្ជកម្មឆ្លងដែនឡើងវិញ ដើម្បីជួយសង្គ្រោះគ្រួសារងាយរងគ្រោះ។ ដោយឡែកសម្រាប់កម្ពុជា ជម្លោះនេះ គឺជាការក្រើនរំលឹកមួយឱ្យបន្តជំរុញការទាក់ទាញការវិនិយោគបរទេស ពង្រឹងជំនាញកម្លាំងពលកម្មរបស់ខ្លួន និងពង្រីកទីផ្សារពាណិជ្ជកម្មថ្មីៗ ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតពីការពឹងផ្អែកខ្លាំងតែទៅលើប្រទេសជិតខាងណាមួយ។

របាយការណ៍វិភាគរបស់ East Asia Forum បានសន្និដ្ឋានថា នៅក្នុងសង្គ្រាម ឬជម្លោះព្រំដែន គឺមិនមានអ្នកឈ្នះពិតប្រាកដនោះឡើយ។ ខណៈពេលដែលអ្នកនយោបាយ និងក្រុមជ្រុលនិយមអាចនឹងទទួលបានចំណេញរូបភាពនយោបាយ ប៉ុន្តែបន្ទុកដ៏ធ្ងន់ធ្ងរ និងទឹកភ្នែក គឺតែងតែធ្លាក់ទៅលើស្មារបស់ប្រជាពលរដ្ឋក្រីក្រ និងសហគមន៍ខ្សត់ខ្សោយ។ វាជារឿងគួរឱ្យសោកស្តាយបំផុត ដែលសមិទ្ធផលនៃការអភិវឌ្ឍ និងសន្តិភាពដែលប្រទេសទាំងពីរបានរួមគ្នាបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ត្រូវរលាយបាត់បង់ទៅវិញភ្លាមៗ ដោយសារតែជម្លោះដែលពិតជាអាចចៀសវាងបានតាំងពីដំបូង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកកើតជំងឺមហារីកប្រព័ន្ធទឹកនោមនៅវៀតណាម កើនឡើងគួរឱ្យបារម្ភ ខណៈការជក់បារី និងពិសារគ្រឿងស្រវឹងហួសកម្រិតជាមូលហេតុចម្បង

ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការវាយលុកយ៉ាងខ្លាំងពីជំងឺមហារីកប្រព័ន្ធផ្លូវទឹកនោមដោយក្នុងមួយឆ្នាំៗបានរកឃើញករណីឆ្លងថ្មីៗរហូតដល់ទៅជាង១ម៉ឺន…

អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ៦០ថ្ងៃ រុញឱ្យតម្លៃប្រេងឆៅសកលដាំក្បាលចុះភ្លាមៗ

កិច្ចចរចាកម្រិតខ្ពស់ជុំទី១រវាងតំណាងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្រោមការសម្របសម្រួលដ៏ស្វិតស្វាញរបស់ប្រទេសកាតា និងប៉ាគីស្ថាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ