សន្តិសុខស្បៀង

ចិន បញ្ចេញយុទ្ធសាស្ត្រពង្រឹងសន្តិសុខស្បៀងទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងផែនការ៥ឆ្នាំ


ប្រទេសចិន កំពុងបោះជំហានយ៉ាងរឹងមាំក្នុងបេសកកម្មពង្រឹងសន្តិសុខស្បៀងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ តាមរយៈការលើកកម្ពស់សមត្ថភាពសម្របសម្រួល និងសក្ដានុពលនៃខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលចាប់តាំងពីការផលិត ការប្រមូលទិញ ការស្តុកទុក ការកែច្នៃ រហូតដល់ការចែកចាយនៅលើទីផ្សារ។ យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងគោលបំណងបង្កើតប្រព័ន្ធចរាចរណ៍គ្រាប់ធញ្ញជាតិបែបទំនើប ជាមួយនឹងប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
សន្តិសុខស្បៀង
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times លោក លីវ ហួនស៊ីន (Liu Huanxin) ប្រធានរដ្ឋបាលស្បៀងអាហារ និងទុនបម្រុងយុទ្ធសាស្ត្រជាតិចិន បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ចិននឹងផ្តោតលើមុំយុទ្ធសាស្ត្រសំខាន់ៗរួមមាន ការសម្របសម្រួលចរន្តទិញ-លក់ ការរក្សាស្ថិរភាពថ្លៃលើទីផ្សារ ការពង្រឹងជង្រុកទុនបម្រុងជាតិ ព្រមទាំងការកែលម្អគុណភាព និងភាពធន់នៃឧស្សាហកម្មគ្រាប់ធញ្ញជាតិទាំងមូល។
តាមការប៉ាន់ស្មាន ទំហំពាណិជ្ជកម្មនៃឧស្សាហកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំរបស់ចិននឹងមានតម្លៃហក់ឡើងលើស៤,៥ទ្រីលានយន់ ឬប្រមាណជិត៦៦៧ពាន់លានដុល្លារនៅក្នុងអំឡុងពេល នៃការអនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំលើកទី១៥ ឆ្នាំ២០២៦-២០៣០ ខណៈដែលប្រទេសនេះកំពុងបង្កើនល្បឿនក្នុងការឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារ ដែលមានគុណភាពខ្ពស់ មានអាហារូបត្ថម្ភ និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជន។
ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រគ្រប់គ្រងទីផ្សារ រដ្ឋាភិបាលចិននឹងបើកផ្លូវ និងលើកទឹកចិត្តឱ្យសហគ្រាសឯកជនកាន់តែច្រើនចូលរួមក្នុងអាជីវកម្មគ្រាប់ធញ្ញជាតិ រៀបចំការប្រមូលទិញ និងស្តុកទុកតាមគោលនយោបាយច្បាស់លាស់ ពង្រឹងវេទិកាជួញដូរឌីជីថល និងរក្សាទិសដៅទីផ្សារឱ្យមានសណ្តាប់ធ្នាប់ខ្ពស់។ ជាមួយគ្នានេះ ចិនក៏នឹងបន្តកែលម្អរចនាសម្ព័ន្ធចែកចាយទុនបម្រុងតាមតំបន់ ព្រមទាំងពង្រីកសមត្ថភាពឃ្លាំងស្តុកប្រកបដោយស្តង់ដាទំនើប និងធ្វើបច្ចុប្បន្នភាពឃ្លាំងស្តុកចាស់ៗផងដែរ។
គួររំលឹកថា វិស័យឧស្សាហកម្មគ្រាប់ធញ្ញជាតិរបស់ចិន បានស្ទុះកើនឡើងយ៉ាងរហ័សដោយបានកើនឡើងពីជាង៤៤៨ពាន់លានដុល្លារក្នុងផែនការ៥ឆ្នាំលើកទី១៣ឆ្នាំ២០១៦-២០២០ រហូតដល់ជាង៥៩៧ពាន់លានដុល្លារនៅចុងបញ្ចប់នៃផែនការ៥ឆ្នាំលើកទី១៤ ឆ្នាំ២០២១-២០២៥។ ជាមួយគ្នានេះ ចិន បានរក្សាទិន្នផលគ្រាប់ធញ្ញជាតិលើសពី៦៥០លានតោនក្នុងមួយឆ្នាំ ជាលំដាប់ចាប់តាំងពីឆ្នាំ២០១៥ ដោយបានកើនលើស៧០០លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៤ និងហក់ឡើងដល់៧១៥លានតោនក្នុងឆ្នាំ២០២៥។ បច្ចុប្បន្នប្រទេសចិន មានសហគ្រាសកែច្នៃគ្រាប់ធញ្ញជាតិប្រមាណ២៤,០០០ទីតាំង ដែលធានាបាននូវសមត្ថភាពពេញលេញក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកដោយគ្មានការខ្វះខាតឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើប្រទេសនៅអាស៊ានណាខ្លះ ដែលកំពុងចរចា និងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប?

បន្ទាប់ពីសិង្ហបុរី និងវៀតណាម ហ្វីលីពីន បានក្លាយជាសមាជិកអាស៊ានថ្មីមួយទៀត ដែលឈានដល់ការសម្រេចបានកិច្ចព្រមជាមូលដ្ឋានលើកិច្ចព្រៀងពាណិជ្ជកម្មសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ