ទោះជាយ៉ាងណា បណ្តាអ្នកវិភាគ និងអ្នកជំនាញភូមិសាស្ត្រនយោបាយ បានផ្តល់ជាយោបល់ថា កម្ពុជា មិនត្រូវប្រញាប់ប្រញាល់នោះឡើយ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌជាដាច់ខាត រួមមាន ការដកទ័ពចេញពីតំបន់ជម្លោះ និងការកំណត់បង្គោលព្រំដែនតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពជាតិ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ សង្កេតឃើញថា តាមរយៈកិច្ចសម្របសម្រួលរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ហាក់កំពុងបង្ហាញសញ្ញាមួយទាញឱ្យមានកិច្ចចរចាស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីឈានទៅបន្ថយភាពតានតឹង។ បើតាមអ្នកជំនាញរូបនេះ ការសម្របសម្រួលនេះមិនមែនមានន័យថា ច្រកព្រំដែននៃប្រទេសទាំងពីរនឹងបើកឱ្យដំណើរការឡើងវិញនោះទេ ពោលគឺលុះត្រាតែថៃ ដកទ័ពចេញពីដីកម្ពុជា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាតម្រូវឱ្យភាគីថៃ ត្រូវតែជាអ្នកបើកច្រកព្រំដែនមុនកម្ពុជា ខណៈកាលពីកន្លងមកថៃ ខ្លួនឯងជាអ្នកបិទដោយឯកតោភាគី។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា ប្រទេសហ្វីលីពីន កំពុងខិតខំប្រឹងប្រែងជួយសម្របសម្រួលឱ្យកម្ពុជា និងថៃ ចរចារកដំណោះស្រាយល្អមួយក្នុងជម្លោះព្រំដែន ហើយតាមរយៈការសម្របសម្រួលនេះលោករំពឹងថា ច្រកព្រំដែនរវាងប្រទេសទាំងពីរអាចនឹងបើកឱ្យដំណើរការឡើងវិញ។ តែយ៉ាងណាលោកយល់ថា ប្រទេសថៃ ត្រូវតែជាអ្នកប្រកាសបើកមុន និងគួរមានកិច្ចព្រមព្រៀងមួយច្បាស់លាស់អំពីការបើកព្រំដែននេះ ខណៈកាលពីកន្លងមកថៃ តែងតែនិយាយបាតដៃខ្នងដៃ។ សម្រាប់អ្នកជំនាញរូបនេះ មុននឹងបើកច្រកព្រំដែនតម្រូវឱ្យថៃ ដកទ័ពចេញពីទឹកដីកម្ពុជា ជាមុនសិន ហើយព្រំដែនត្រូវតែកំណត់ដោយច្បាប់ដែលមានស្រាប់ និងអន្តរជាតិមិនមែនជាការប្រើកម្លាំងទ័ពនោះទេ។
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា សញ្ញានៃការបើកព្រំដែនអាចនឹងដំណើរការឆាប់ៗខាងមុខ ខណៈការបិទព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ កំពុងធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ចក្នុងតំបន់ ដែលជាហេតុធ្វើឱ្យប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ត្រូវតែយកចិត្តទុកដាក់សម្របសម្រួលលើបញ្ហានេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវដាក់លក្ខខណ្ឌជាមួយថៃ ឱ្យបានច្បាស់លាស់ដូចជាតម្រូវឱ្យថៃ ត្រូវដកទ័ពចេញពីតំបន់ជម្លោះជាដាច់ខាត ដើម្បីធានាសុវត្ថិភាព, ត្រូវចរចាលើការសម្របសម្រួលនាំទំនិញកម្ពុជា ចូលទីផ្សារថៃ ឱ្យបានងាយស្រួល ចៀសវាងការដាក់របាំងបច្ចេកទេសតឹងរ៉ឹងតែលើភាគីកម្ពុជា ហើយការបើកច្រកព្រំដែនមិនត្រូវឱ្យជាប់ពាក់ព័ន្ធ ឬទទួលស្គាល់ផែនទីដែលថៃ គូសឯកតោភាគីនោះឡើយ។
ក្រុមអ្នកជំនាញបានលើកឡើងថា ថៃ មិនអាចប្រើកម្លាំងបាយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនបានឡើយ ហើយប្រសិនបើថៃ មានឆន្ទៈចង់បញ្ចប់ជម្លោះ និងចង់ឱ្យសេដ្ឋកិច្ចតំបន់ងើបឡើងវិញ ថៃ ត្រូវតែបង្ហាញភាពស្មោះត្រង់តាមរយៈការដកទ័ព និងដោះស្រាយបញ្ហាបង្គោលព្រំដែនតាមយន្តការច្បាប់អន្តរជាតិ ឱ្យបានត្រឹមត្រូវបំផុត៕
អត្ថបទ៖ ជា ម៉ារ៉ា