សីតុណ្ហភាព

សីតុណ្ហភាពនៅទីក្រុងធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងហក់ឡើងដល់កម្រិតគ្រោះថ្នាក់នៅប៉ុន្មានឆ្នាំខាងមុខ ខណៈទីក្រុងបាងកកនឹងរងគ្រោះយូរជាងគេ


បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងប្រែក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ តាមការព្យាករណ៍ដ៏គួរឱ្យព្រួយបារម្ភ សីតុណ្ហភាពនៅតាមបណ្តាទីក្រុងធំៗក្នុងតំបន់នេះ អាចនឹងហក់ឡើងជិត៤ អង្សាសេបន្ថែមទៀតនៅត្រឹមឆ្នាំ២០៥០។ ក្នុងចំណោមទីក្រុង ដែលរងគ្រោះខ្លាំងជាងគេ ទីក្រុងបាងកកត្រូវបានគេមើលឃើញថា ជាចំណុចក្ដៅបំផុត ដែលនឹងត្រូវស៊ូទ្រាំនឹងរលកកម្ដៅក្នុងរយៈពេលវែងជាងគេបំផុត។
សីតុណ្ហភាព
ដោយ

របាយការណ៍ថ្មីពីមជ្ឈមណ្ឌលថាមពលអាស៊ានបានគូសបញ្ជាក់ពីសេណារីយ៉ូដ៏អាក្រក់នៃកំណើនកម្ដៅ ដែលនឹងជះឥទ្ធិពលដល់ការរស់នៅ សុខភាពសាធារណៈ និងសន្តិសុខថាមពលក្នុងតំបន់។
កំណើនកម្ដៅសកលកំពុងវាយលុកតំបន់អាស៊ីអាគ្នេយ៍យ៉ាងចាស់ដៃ ដោយក្នុងនោះមជ្ឈមណ្ឌលថាមពលអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បានចេញសេចក្តីព្រមានអំពីនិន្នាការកើនឡើងនៃសីតុណ្ហភាពជាលំដាប់។ តាមទិន្នន័យវិភាគគេរំពឹងថា សីតុណ្ហភាពមធ្យមនៅក្នុងតំបន់នឹងហក់ឡើងដល់៣៤អង្សាសេនៅមុនឆ្នាំ២០៣០ មុនបន្តឡើងដល់៣៥អង្សាសេនៅមុនឆ្នាំ២០៤០ និងឈានដល់កម្រិតអាសន្ន៣៦អង្សាសេនៅត្រឹមឆ្នាំ២០៥០។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ទីក្រុងទាំងអស់ក្នុងតំបន់ នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីបាតុភូតកម្ដៅ ដែលធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ជាងកម្រិតធម្មតា។ ទីក្រុងដែលស្ថិតក្នុងតំបន់គ្រោះថ្នាក់បំផុតរួមមានបាងកករបស់ថៃ, ហ្សាកាតារបស់ឥណ្ឌូនេស៊ី, ម៉ានីលរបស់ហ្វីលីពីន, ហូជីមិញរបស់វៀតណាម, កូឡាឡាំពួររបស់ម៉ាឡេស៊ី និងសិង្ហបុរី។
ក្នុងចំណោមនោះ ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលងាយរងគ្រោះបំផុត ទាំងកម្រិតកម្ដៅ និងរយៈពេលនៃភាពធ្ងន់ធ្ងរ។ តាមការព្យាករណ៍ដ៏គួរឱ្យតក់ស្លុត នៅត្រឹមឆ្នាំ២០៥០ ទីក្រុងបាងកកអាចនឹងជួបប្រទះស្ថានភាពកម្ដៅកម្រិតធ្ងន់រហូតដល់ទៅ១២០ថ្ងៃក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត៣ ដង បើធៀបនឹងបច្ចុប្បន្ន ដែលមានត្រឹមតែប្រមាណ៤៥ថ្ងៃប៉ុណ្ណោះ។
ការកើនឡើងកម្ដៅយ៉ាងគំហុកនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងរុញច្រានឱ្យមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ការត្រជាក់កាន់តែខ្ពស់ ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនី និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងតំបន់ទាំងមូលផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


WHO អះអាងថា មេរោគ Hantavirus មិនឆ្លងរីករាលដាលសាហាវដូចកូវីដ-១៩ នោះទេ

អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសជាច្រើនកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃមេរោគ Hantavirus បន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ