Bitcoin បានហក់ឡើងថ្លៃជាង២% ឈានដល់ជាង៨០,៥០០ដុល្លារអាម៉េរិកក្នុង១កាក់ដោយសាររំហូរទុនថ្មីចូលទៅក្នុងមូលនិធិ Bitcoin ETF នៅសហរដ្ឋអាម៉េរិក និងការកើនឡើងចំណាប់អារម្មណ៍របស់វិនិយោគិនលើទ្រព្យសកម្ម ដែលមានហានិភ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ ការហក់ឡើងថ្លៃនេះកើតមានឡើង បន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃខ្លាំងបំផុតក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះចាប់តាំងពីឆ្នាំ២០២៣ មក។
តម្រូវការពីស្ថាប័នវិនិយោគធំៗក៏កំពុងត្រឡប់មកវិញដែរ ដោយមូលនិធិ Bitcoin ETF នៅសហរដ្ឋអាម៉េរិកទទួលបានទុនចូលប្រមាណជិត២ពាន់លានដុល្លារ កាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំមុន។ រូបិយប័ណ្ណគ្រីបតូធំៗផ្សេងទៀត ក៏កំពុងឡើងថ្លៃផងដែរ។ ជាក់ស្ដែង គ្រីបតូ Ether បានហក់ឡើងថ្លៃដល់ប្រមាណ២,៤៩៨ដុល្លារ ខណៈគ្រីបតូ XRP បានហក់ឡើងថ្លៃប្រមាណ៥០% ក្នុងរយៈពេលមួយសប្តាហ៍នេះ។
អ្នកវិភាគមួយចំនួនជឿថា ការកើនឡើងនៃទុនចូល Bitcoin ETF សកម្មភាពជួញដូរ និងតម្រូវការគ្រីបតូ Stablecoin អាចជាសញ្ញាបង្ហាញថា សម្ទុះឡើងថ្លៃរបស់ Bitcoin អាចមានភាពរឹងមាំជាងការងើបឡើងបណ្តោះអាសន្ន។ ដូចនេះសំណួរនៅពេលនេះលែងផ្ដោតថា តើ Bitcoin អាចហក់ឡើងថ្លៃលើស ៨០,០០០ដុល្លារក្នុងមួយកាក់ ឬក៏អត់ទៀតហើយ ប៉ុន្តែគឺផ្ដោតថា តើវាអាចរក្សាតម្លៃនៅលើកម្រិតនេះបានយូរប៉ុណ្ណា?
ដោយ: តែម សុខុម