យោងតាមការចុះផ្សាយរបស់គេហទំព័រ Asian Speech កាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក ប្រាវីត បានសរសេរសារនៅលើបណ្តាញសង្គមបង្ហាញការសោកស្តាយ និងហួសចិត្ត បន្ទាប់ពីកងទ័ពអាកាសថៃបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 លើទឹកដីខ្លួនឯង ដើម្បីបង្អួតសាច់ដុំយោធាឱ្យគេមើលមកថា ខ្លួនឯងខ្លាំង។ លោកបានចាត់ទុកទង្វើនេះថា ជាការខ្ជះខ្ជាយថវិកាជាតិ ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
អ្នកកាសែតជើងចាស់រូបនេះ បានវាយប្រហាររដ្ឋាភិបាលលោក អានុទីន ចំៗថា នៅពេលដែលមិនអាចគ្រប់គ្រងសេដ្ឋកិច្ចក្នុងស្រុកបានល្អ និងគ្មានសមត្ថភាពដោះស្រាយបញ្ហាសារធាតុពុលហូរឆ្លងព្រំដែនចូលដងទន្លេ ប៉ះពាល់ពលរដ្ឋនៅភាគខាងជើង នាយករដ្ឋមន្ត្រីថៃ បែរជាព្យាយាមបង្វែរការចាប់អារម្មណ៍តាមរយៈយុទ្ធសាស្ត្រជាតិនិយមជ្រុល ដើម្បីផ្គាប់ចិត្តមហាជន និងឱ្យភ្លេចពីភាពអសមត្ថភាពរបស់ខ្លួន។
ការរិះគន់នេះកើតឡើងស្របពេលដែលក្តីបារម្ភអំពីការបំពុលទឹកទន្លេឆ្លងព្រំដែននៅភាគខាងជើងប្រទេសថៃជាប់ព្រំដែនមីយ៉ាន់ម៉ាកំពុងកើនឡើងខ្លាំង ជាពិសេសនៅទន្លេកុក និងទន្លេសៃ ក្នុងខេត្តឈៀងរ៉ៃ។
កន្លងមក និងរហូតមកដល់ពេលនេះរដ្ឋាភិបាលលោក អានុទីន បានរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ ជុំវិញបញ្ហាបំពុលទឹកទន្លេដោយសារធាតុអាសេនិក ដ៏គ្រោះថ្នាក់ ដែលត្រូវបានគេផ្សារភ្ជាប់ទៅនឹងសកម្មភាពជីកយករ៉ែនៅតំបន់ព្រំដែនប្រទេសជិតខាង។ បញ្ហានេះបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងលើការផ្គត់ផ្គង់ទឹកស្អាត វិស័យកសិកម្ម និងសុខភាពសាធារណៈ។
ការបំពុលនេះបានជះឥទ្ធិពលដល់សហគមន៍ជាច្រើននៅភាគខាងជើងប្រទេសថៃដោយពលរដ្ឋទាមទារឱ្យមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការគំរាមកំហែងដល់បរិស្ថាន និងការពារជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ការរិះគន់ខ្លាំងៗរបស់លោក ប្រាវីត រ៉ូចាណាភ្រឹក បានបង្ហាញពីភាពផ្ទុយគ្នារវាងការលេងសន្លឹកបៀយោធា និងជាតិនិយមជ្រុលរបស់រដ្ឋាភិបាលលោក អានុទីន ជាមួយនឹងបញ្ហាសេដ្ឋកិច្ច និងបរិស្ថានដ៏រសើប ដែលនៅតែជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រទេសថៃមកទល់ពេលនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស