លោក ខេស៊ី បាណេត យល់ឃើញថា សម្រាប់កម្ពុជានេះទំនងជាអត្រាពន្ធចុងក្រោយរបស់អាម៉េរិកសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកបានវាយតម្លៃថា វាមិនមែនជារឿងល្អទេ ប៉ុន្តែក៏មិនមែនជាមហន្តរាយនោះដែរ។ លោកបានពន្យល់ថា ទោះបីជាប្រទេសមួយចំនួន ដែលជាគូប្រជែងផ្នែកសម្លៀកបំពាក់ និងស្បែកជើងដូចជាប៉ាគីស្ថាន ស្រីលង្កា និងហ្គាតេម៉ាឡា រងពន្ធត្រឹម១០% ហើយហ្គាតេម៉ាឡា និងម៉ិកស៊ិក ថែមទាំងទទួលបានការលើកលែងពន្ធ MFN តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចទាក់ទាញការបញ្ជាទិញពីម៉ាកយីហោមួយចំនួនក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានជំហរប្រកួតប្រជែងរឹងមាំ។ នេះក៏ព្រោះតែគូប្រជែងសំខាន់ៗបំផុតរបស់កម្ពុជាដូចជាឥណ្ឌូនេស៊ី និងបង់ក្លាដែស ក៏ជាប់ពន្ធ ១៨%ដូចគ្នា ចំណែកឯវៀតណាមត្រូវបានរំពឹងថានឹងរងពន្ធខ្ពស់ជាងកម្ពុជា គឺរហូតដល់២០%។
គួររំលឹកថា ពន្ធថ្មី១៨%នេះ ត្រូវបានដាក់ជំនួសឱ្យពន្ធបដិការក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលរដ្ឋបាលអាម៉េរិកបានប្រកាសកាលពីខែមេសា ឆ្នាំ២០២៥ ក្នុងអត្រាខ្ពស់រហូតដល់ ៤៩% មុននឹងបញ្ចុះមកត្រឹម១៩%។ ក្រោយមកតុលាការកំពូលអាម៉េរិកបានសម្រេចលុបចោលពន្ធនេះទាំងស្រុង ដោយចាត់ទុកថាខុសច្បាប់។ ជាការឆ្លើយតបរដ្ឋបាលលោក ដូណាល់ ត្រាំ បានងាកមកប្រើប្រាស់មាត្រា៣០១ ដើម្បីស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ លទ្ធផលស៊ើបអង្កេតថ្មីបំផុតបានចោទប្រកាន់ថា កម្ពុជាប្រកួតប្រជែងមិនយុត្តិធម៌ជាមួយអាម៉េរិក តាមរយៈការផ្តល់ការលើកទឹកចិត្តវិនិយោគដល់រោងចក្រនាំចេញ ការពឹងផ្អែកខ្លាំងលើទុនវិនិយោគរបស់ចិន និងការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន។
តាមនីតិវិធីច្បាប់ ភាគីពាក់ព័ន្ធត្រូវដាក់ឯកសារជាលាយលក្ខណ៍អក្សរត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ មុននឹងឈានដល់សវនាការសាធារណៈនៅថ្ងៃទី២៥ ខែមករា ហើយពន្ធ១៨%នេះ គ្រោងនឹងចាប់ផ្តើមអនុវត្តនៅអំឡុងខែមីនា ឆ្នាំ២០២៧។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏បានបើកទូលាយសុំមតិយោបល់ឡើងវិញ ជុំវិញលទ្ធភាពផ្តល់យន្តការវាយនភណ្ឌ ដើម្បីលើកលែងពន្ធ១៨%នេះ សម្រាប់ផលិតផលសម្លៀកបំពាក់កម្ពុជាក្នុងបរិមាណកំណត់ណាមួយ ដែលប្រើប្រាស់វត្ថុធាតុដើមកប្បាសរបស់អាម៉េរិក៕