ទីភ្នាក់ងារព័ត៌មាន CNBC និង Reuters បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ថា លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា មីស៊ីលចំនួន១,០០០គ្រាប់ត្រូវបានដំឡើង និងបែរមុខតម្រង់ទៅកាន់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់រួចរាល់ហើយ ហើយនៅមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបន្តបាញ់ចេញភ្លាមៗ ប្រសិនបើទីក្រុងតេអេរ៉ង់ ហ៊ានធ្វើសកម្មភាពដូចការគំរាមកំហែងមកលើរូបលោកមែននោះ។ លោកបានបន្ថែមថា កងទ័ពអាម៉េរិកបានទទួលបញ្ជា និងត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេល១ឆ្នាំ ដើម្បីកម្ទេចរាល់ទីតាំង និងតំបន់ទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់។
ការព្រមាននេះបានកើតឡើងបន្ទាប់ពីកាសែត Wall Street Journal និងប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ស្តីពីផែនការសម្ងាត់របស់អ៊ីរ៉ង់ ក្នុងការធ្វើឃាតលោក ដូណាល់ ត្រាំ។ ចំណែកទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា នៅក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei មានប្រជាពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានកាន់បដា ដែលមានសរសេរឃ្លាថា«យើងនឹងសម្លាប់ត្រាំ» ខណៈលោក មូចតាបា ខាមេណី (Mojtaba Khamenei) ដែលជាអ្នកស្នងតំណែងមេដឹកនាំកំពូលអ៊ីរ៉ង់ ក៏បានប្រកាសប្ដេជ្ញាសងសឹកជូនឪពុករបស់លោកផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកការទូតបានលើកឡើងថា បើទោះបីជាមានការវាយប្រហារគ្នាដោយពាក្យសម្ដីយ៉ាងខ្លាំងក្លាបែបនេះក្តី ប៉ុន្តែកិច្ចពិភាក្សាសន្តិភាពនៅតែបន្តដំណើរការ ដោយទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាកជី (Abbas Araghchi) បានធ្វើដំណើរទៅដល់ប្រទេសអូម៉ង់ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ដើម្បីបន្តការចរចាដោយមានប្រទេសអូម៉ង់ ជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដ៏កាចសាហាវនេះ។
ដោយឡែកក្រឡេកមកមើលបញ្ហានៅច្រកសមុទ្រហ័រម៉ូសឯណោះវិញ នៅថ្ងៃទី១២ ខែកក្កដា កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រយុទ្ធសាស្ត្រនេះរហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីពួកគេបានបាញ់ព្រមានទៅលើនាវា១គ្រឿងទៀត ដែលបានព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រខុសពីគន្លងផ្លូវដែលបានកំណត់។
ជាមួយគ្នានេះក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្កើនសម្ពាធសេដ្ឋកិច្ចបន្ថែមទៀតទៅលើអ៊ីរ៉ង់ ដោយបានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើបុគ្គលម្នាក់ឈ្មោះ អាលី អានសារី (Ali Ansari) ដែលជាអ្នកសម្របសម្រួលខាងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។ សហរដ្ឋអាម៉េរិកបានរកឃើញ និងចោទប្រកាន់ថា បុគ្កលរូបនេះជាអ្នកគ្រប់គ្រងបណ្ដាញទ្រព្យសម្បត្តិសកលដ៏ធំ ដែលបានផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងផលប្រយោជន៍ផ្សេងៗទៅឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី គឺលោក មូចតាបា ខាមេណី ព្រមទាំងឥស្សរជនអ៊ីរ៉ង់ដទៃទៀត។
ជុំវិញទណ្ឌកម្មថ្មីនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អារ៉ាកជី បានរិះគន់ និងតវ៉ាយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គម X ថា ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីរបស់អាម៉េរិកនេះបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់នៅតែរក្សាពាក្យសន្យារបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន មិនដូចភាគីអាម៉េរិក ដែលកំពុងតែរំលោភលើកថាខណ្ឌទី៩ នៃអនុស្សរណៈ នៃការយោគយល់គ្នានោះឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស