កត្តានេះបានជំរុញឱ្យម៉ាកយីហោល្បីៗរបស់ថៃ ដូចជាស្ថានីយប្រេងឥន្ធនៈ PTT ហាងកាហ្វេអាម៉ាហ្សូន និងហាងលក់ទំនិញ 7-Eleven ជាដើម ត្រូវបានអ្នករកស៊ីនៅកម្ពុជា ទម្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការចោទជាសំណួរថា តើការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ អាចបាត់ពីទីផ្សារកម្ពុជា ទេ?
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ នៅក្នុងទីផ្សារកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈម្ចាស់អាជីវកម្មមួយចំនួនបានសម្រេចចិត្តទម្លាក់ស្លាកចេញ និងរុះរើរចនាសម្ព័ន្ធ ហើយងាកមកធ្វើអាជីវកម្មជាមួយស្លាកយីហោផ្សេងជំនួសវិញ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ គួរតែពិចារណារុះរើអាជីវកម្មរបស់ខ្លួន ព្រោះការរង់ចាំពេលវេលានឹងធ្វើឱ្យពួកគេខាតបង់កាន់តែច្រើន។ បើតាមលោកឧកញ៉ា តែ តាំងប៉ ការធ្វើពហិការរបស់ពលរដ្ឋខ្មែរប្រឆាំងសកម្មភាពអមនុស្សធម៌របស់យោធាថៃ នឹងធ្វើឱ្យអាជីវកម្ម និងផលិតផលថៃបាត់វត្តមានកាន់តែច្រើនក្នុងទីផ្សារកម្ពុជានាពេលពេលខាងមុខ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រសង្គម និងជាអ្នកតាមដានហេតុការសង្គមផងនោះសង្កេតឃើញថា សកម្មភាពឈ្លានពាន និងការបំពានកិច្ចព្រមព្រៀងរបស់យោធាថៃ បានដុតកំហឹងពលរដ្ឋខ្មែរ និងបានធ្វើឱ្យកើតមានការធ្វើពហិការលើផលិតផលថៃនៅក្នុងទីផ្សារកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកមានធនធាននៅកម្ពុជាគួរតែពិចារណាឈប់ធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ ហើយងាកមកគាំទ្រផលិផលក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបុព្វហេតុជាតិ និងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា មកទល់ពេលនេះ មានអាជីវកម្ម និងផលិតផលថៃ មួយចំនួនក្នុងទីផ្សារកម្ពុជាបានចាប់ផ្តើមទម្លាក់ស្លាកយីហោ ឬបាត់បង់វត្តមានជាបន្តបន្ទាប់ ដោយសាររលកនៃការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារជម្លោះព្រំដែន។ ជាក់ស្ដែងម៉ាកយីហោល្បីៗរបស់ថៃ ដូចជាស្ថានីយប្រេងឥន្ធនៈ PTT ហាងកាហ្វេអាម៉ាហ្សូន និងហាងលក់ទំនិញ 7-Eleven ជាដើម កំពុងជួបការរង្គោះរង្គើ និងឈានទៅរកការបាត់វត្តមានជាបណ្តើរៗ។ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នេះអាចជាសញ្ញាព្រមានមួយចំពោះអនាគតនៃអាជីវកម្មថៃ នៅកម្ពុជា ប្រសិនបើស្ថានភាពទំនាក់ទំនង និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុកនៅតែបន្តធ្លាក់ចុះ៕
អត្ថបទ៖ បូ ដូឡា