កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ WEF និងជាកិច្ចប្រជុំដែលមានការអញ្ជើញជាពិសេសសម្រាប់ថ្នាក់ដឹកនាំមកពីវិស័យអាជីវកម្ម និងស្ថាប័ននានា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងការប្រែប្រួលសំខាន់ៗដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ក្នុងរយៈពេលពីរថ្ងៃ វាគ្មិនល្បីៗជាច្រើនរូប បានចូលរួមបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗ រួមមាន ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ភូមិសាស្ត្រនយោបាយក្នុងបរិបទនៃការប្រកួតប្រជែងជាសកល ការបង្កើត និងទាញយកតម្លៃពីបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការផ្លាស់ប្តូររបៀបគ្រប់គ្រង និងភាពពឹងផ្អែកគ្នាទៅវិញទៅមកក្នុងយុគសម័យ AI។
ក្នុងចំណោមប្រធានបទទាំងនេះ សន្តិសុខថាមពល បានក្លាយជាចំណុចសំខាន់មួយនៃកិច្ចពិភាក្សា ខណៈបរិបទភូមិសាស្ត្រនយោបាយកាន់តែមានភាពស្មុគស្មាញ និងកំពុងជំរុញឱ្យមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ ផ្លូវពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចជាសកល។
កិច្ចពិភាក្សាក៏បានផ្តោតលើការរៀបចំឡើងវិញនៃប្រព័ន្ធថាមពលពិភពលោក លំហូរពាណិជ្ជកម្មទំនិញ និងការវិវត្តនៃទីផ្សារទំនិញសកល។ ក្នុងឱកាសនេះ ក្នុងនាមជាធុរជនមកពីប្រទេសកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីវិស័យថាមពល ដោយផ្តោតលើនិន្នាការ បញ្ហាប្រឈម និងឱកាសដែលអាចកំណត់អនាគតនៃវិស័យថាមពល និងសន្តិសុខថាមពលអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ជំនួបពិភាក្សានេះ ក៏បានជួយពង្រឹងនូវកិច្ចចរចា ដែលមាន និងកំពុងបន្តរបស់ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) លើការសហការស្វែងរកដំណោះស្រាយ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ «សន្តិសុខថាមពលបានក្លាយជាគន្លឹះក្នុងយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ»។ អ្នកឧកញ៉ាបានបន្តថា នៅពេលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្មទូទាំងពិភពលោក វាមានសារៈសំខាន់សម្រាប់វិស័យអាជីវកម្មក្នុងការចូលរួមពិភាក្សាអំពីសមត្ថភាព និងភាពធន់នៃវិស័យថាមពល ដើម្បីអាចព្យាករណ៍ពីការផ្លាស់ប្តូរ និងសម្របខ្លួនបានកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នាននេះ ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) ក៏បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា និងបន្តវិសាលភាពដល់ថា្នក់តំបន់។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ទស្សនវិស័យ ដែលអ្នកឧកញ៉ា សៀ ឬទ្ធី ទទួលបានពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗរបស់វេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងហ្សឺណែវ ត្រូវបានក្រុមហ៊ុន វើលប្រ៊ីដ គ្រុប រំពឹងទុកថា នឹងចូលរួមចំណែកក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាពេលខាងមុខនេះផងដែរ។