កម្ពុជា-វៀតណាម

កម្ពុជា-វៀតណាម ឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ខណៈចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦


ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានដល់កម្រិតថ្មីមួយទៀត ដោយផ្តោតលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល និងការអប់រំ។ ក្នុងឱកាសនេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦ ផងដែរ។
កម្ពុជា-វៀតណាម ឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ខណៈចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦
ដោយ

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍គណៈប្រតិភូវៀតណាម និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ សម្តេចធិបតីក៏បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចវៀតណាម ដែលសម្រេចបាន ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងសម្រេចបាននូវកំណើនក្នុងរង្វង់២ខ្ទង់ និងឈានទៅសម្រេចបាននូវទិសដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានវឌ្ឍនភាពបន្ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងយុវជននៃប្រទេសទាំងពីរ រៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន យុវជន និងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ចំណែកបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចធិបតីបានជម្រាបជូននាយករដ្ឋមន្ត្រីវៀតណាមអំពីការវិវត្តថ្មីៗ និងបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦ ដែលគ្របដណ្តប់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តស្វាយរៀង, កិច្ចសហប្រតិបត្តិការអប់រំសម្រាប់ឆ្នាំ២០២៦-២០៣០, ការអភិរក្ស និងផ្សព្វផ្សាយស្តូបមិត្តភាពកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការសន្តិសុខ, ការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងការសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី។

ការឯកភាព និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទាំងនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបង្កើតឱកាសបន្ថែមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរនាពេលអនាគត។




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតសូកូឡាដំបូងគេនៅកម្ពុជា គ្រោងវិនិយោគដាំកាកាវលើផ្ទៃដី ១០០ហិកតា

ក្រុមហ៊ុន WAT Chocolate ដែលជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលផលិតសូកូឡាពីគ្រាប់កាកាវក្នុងស្រុកតាមស្តង់ដារ «Bean-to-Bar» គ្រោងចាប់ផ្តើមគម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ