យោងតាមគោលនយោបាយថ្មី ដែលត្រូវបានដាក់ចេញដោយការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ាឡេស៊ីត្រូវបានដាក់បញ្ចូលក្នុងចំណោមប្រទេសចំនួន៥ ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើការនាំចេញ និងការប្រើប្រាស់បន្ទះឈីប AI កម្រិតខ្ពស់ និងម៉ាស៊ីនមេរបស់អាម៉េរិក។ ក្រៅពីម៉ាឡេស៊ី ប្រទេសចំនួន៤ ផ្សេងទៀតរួមមានសិង្ហបុរី ឥណ្ឌូណេស៊ី ប្រេស៊ីល និងថៃ ក៏ស្ថិតក្នុងបញ្ជីគោលដៅរឹតបន្តឹងរបស់ការិយាល័យឧស្សាហកម្ម និងសន្តិសុខអាម៉េរិកផងដែរ។
នៅក្រោមបទប្បញ្ញត្តិថ្មីនេះ រាល់ការនាំចេញ ឬការផ្ទេរបន្តនូវបន្ទះឈីប AI កម្រិតខ្ពស់ និងម៉ាស៊ីនមេទៅកាន់ប្រទេសម៉ាឡេស៊ី តម្រូវឱ្យមានអាជ្ញាបណ្ណអនុញ្ញាតពីសហរដ្ឋអាម៉េរិកជាមុនសិន។ អ្វីដែលកាន់តែតឹងរ៉ឹងនោះ គឺលក្ខខណ្ឌនេះត្រូវបានអនុវត្តជាទូទៅ សូម្បីតែអ្នកបញ្ជាទិញជាក្រុមហ៊ុនក្នុងស្រុករបស់ម៉ាឡេស៊ីផ្ទាល់ក៏ដោយ។
ក្រុមអ្នកវិភាគបានព្រមានថា ការសម្រេចបែបនេះអាចធ្វើឱ្យម៉ាឡេស៊ីរងផលប៉ះពាល់ខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាពិសេសលើការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ លំហូរវិនិយោគបច្ចេកវិទ្យា និងក្ដីស្រមៃក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌល AI ដ៏សំខាន់មួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។
គួរជម្រាបថា តាមស្ថិតិរបស់អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី បច្ចុប្បន្នម៉ាឡេស៊ីកំពុងកាន់កាប់ចំណែកទីផ្សារសកលប្រមាណ១៣% លើផ្នែកដំឡើង សាកល្បង និងវេចខ្ចប់បន្ទះឈីប ព្រមទាំងកាន់កាប់ប្រមាណ៧% នៃពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិក និងបន្ទះឈីបនៅទូទាំងពិភពលោក។ ដូច្នេះ ក្រោមសម្ពាធ នៃបទប្បញ្ញត្តិថ្មីនេះ ម៉ាឡេស៊ីនឹងត្រូវប្រឈមមុខនឹងឧបសគ្គធំ ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងពង្រីកសក្តានុពលរបស់ខ្លួនឈានទៅរកការរចនាបន្ទះឈីប និងការវេចខ្ចប់កម្រិតខ្ពស់បន្ថែមទៀត៕
ដោយៈ សរ សុជាតិ