 
      របាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយថ្មីៗនេះបានបង្ហាញថាទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនវិជ្ជមាន ដែលមានទឹកប្រាក់ ១១.៧១៤លានដុល្លារអាមេរិក កើនឡើង១៨ភាគរយ ខណៈដែលទំហំទឹកប្រាក់នៃការនាំចូលវិញមាន១១.៨៥៣ លានដុល្លារ បានធ្លាក់ចុះជាង ១១ភាគរយ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានការកើនឡើងនាពេលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាពិសេសគឺការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិតែម្តង។ ដោយឡែក ចំពោះការនាំចូលវិញក៏ឃើញមានសញ្ញាល្អដែរ នេះបើតាមការអង្កេតផ្ទាល់នៅតាមមាត់ច្រកព្រំដែន និងនៅតាមកំពង់ផែ គឺនៅតែមានសកម្មភាពជាធម្មតាដោយគ្មានការរាំងស្ទះនោះឡើយ។
ឯកឧត្តម បញ្ជាក់ថា ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិនៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ ពុំមានសញ្ញានៃការបន្ទុចបង្អាក់ឡើយ ដែលជាក់ស្តែងការនាំចេញត្រូវបានកើនឡើង និងបើនិយាយពីទិដ្ឋភាពជាក់ស្តែងការធ្វើពាណិជ្ជកម្មក្នុងស្រុកក៏នៅតែដំណើរការជាធម្មតា ដោយតម្លៃទំនិញនៅតាមទីផ្សារ និងតម្លៃប្រេងសាំងជាដើម គឺនៅរក្សាបានស្ថិរភាពល្អ។
របាយការណ៍ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា និញដែលមានកំណើននាំចេញខ្ពស់ មានដូចជា អង្ករ បានកើនឡើង ២៣ភាគរយ កង់កើនឡើង ១៧ភាគរយ គ្រឿងអគ្គិសនី កើន ២២ភាគរយ ផលិតផលកសិកម្មផ្សេងទៀតក៏កើនឡើងដែរ និងមាស កើនឡើងយ៉ាងគំហុករហូតដល់ជាង ៧០០ភាគរយ។ បើគិតក្នុងរយៈពេល៨ខែ ដំបូងឆ្នាំ២០២០នេះ ការនាំចេញមាស មានទឹកប្រាក់សរុបចំនួន ២.២២០ លានដុល្លារ។
ទោះយ៉ាងណា ចំពោះការនាំចូលទំនិញពីក្រៅប្រទេសវិញ ឯកឧត្តម ប៉ែន សុវិជាតិ នៅតែអះអាងថា ជាការកត់សម្គាល់ការនាំចូលមានការធ្លាក់ចុះនាពេលនេះ ដោយសារតែមានការបន្ទុចបង្អាក់ពីប្រទេសអ្នកផ្គត់ផ្គង់។ម្យ៉ាងវិញទៀត ប្រភពផលិតកម្មផ្គត់ផ្គង់ក្នុងស្រុកអាចឆ្លើយតបនឹងតម្រូវការបានមួយចំនួនធំ ដែលជាហេតុធ្វើឲ្យការនាំចូលមានការថមថយខ្លះ ខណៈដែលការនាំចូលធំមកកម្ពុជាភាគច្រើនគឺជាសម្ភារសំណង់៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              