ទន្ទឹមនឹងបង្ហាញការគាំទ្រវិធានការអន្តរាគមន៍នេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជឿជាក់ថា ជំនួយនេះអាចសម្រួលការចំណាយ និងជួយជំរុញអំណាចទិញបានមួយកម្រិត ប៉ុន្តែរដ្ឋគួរតែពង្រីកឆ័ត្រគាំពារនេះទៅដល់ក្រុមអាជីវកម្មតូចតាច និងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរងផលប៉ះពាល់ ព្រមទាំងធានាឱ្យបាននូវតម្លាភាពដាច់ខាតក្នុងការចែករំលែកថវិកានេះ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលមានបណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យប្រមាណ៤លាន៦សែននាក់នៅទូទាំងប្រទេស ដើម្បីសម្រាលបន្ទុកជីវភាពពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ ក្នុងនោះគ្រួសារនៅរាជធានីភ្នំពេញនឹងទទួលបានប្រាក់ឧបត្ថម្ភ៦ម៉ឺនរៀលក្នុងមួយគ្រួសារបូកបន្ថែម៥ពាន់រៀលសម្រាប់សមាជិកម្នាក់ៗ រីឯគ្រួសារនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញនឹងទទួលបាន៤ម៉ឺន៨ពាន់រៀលក្នុងមួយគ្រួសារ ខណៈគ្រួសារនៅជនបទទទួលបាន៤ម៉ឺនរៀលក្នុងមួយគ្រួសារ និង៥ពាន់រៀលបន្ថែមសម្រាប់សមាជិកម្នាក់ៗ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ គឺជាយន្តការមួយដែលអាចជួយសម្រាលបន្ទុកជីវភាព និងការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ថ្វីត្បិតតែទឹកប្រាក់ផ្តល់ជូនម្នាក់ៗមើលទៅមិនច្រើនក៏ពិតមែន ប៉ុន្តែបើបូកសរុបសម្រាប់ពលរដ្ឋរាប់លាននាក់ វាគឺជាកញ្ចប់ថវិការំញោចសេដ្ឋកិច្ចដ៏ធំមួយ។
ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ថា រដ្ឋគួរតែពិចារណាលើការបន្ធូរបន្ថយពន្ធ និងផ្តល់ការឧបត្ថម្ភធនដល់ក្រុម ដែលរងផលប៉ះពាល់ដោយផ្ទាល់ដូចជាកសិករ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកប្រកបអាជីវកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ការផ្ដល់ជំនួយថវិកាដល់គ្រួសារដែលរងផលប៉ះពាល់អាចជួយដោះស្រាយបញ្ហាចំពោះមុខបានមួយកម្រិតតាមរយៈការជួយទ្រទ្រង់អំណាចចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយសម្ពាធផ្នែកបំណុល។ លោកបណ្ឌិតបានបន្តថា ការរក្សាអំណាចទិញរបស់ប្រជាពលរដ្ឋ ក៏ជាផ្នែកមួយដែលអាចជួយបញ្ចូលចរន្តថវិកាទៅក្នុងសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ ប៉ុន្តែដោយសារវិបត្តិថ្លៃប្រេងលើទីផ្សារសកលអាចអូសបន្លាយពេលយូរ លោកបណ្ឌិតយល់ថា រដ្ឋគួរតែបន្ថែមវិធានការអន្តរាគមន៍លើថ្លៃដើមទីផ្សារលក់រាយ និងបង្កើនការប្រើប្រាស់ប្រភពថាមពលជំនួសវែងឆ្ងាយទៅអនាគត។
ដោយឡែកក្នុងមុំតម្លាភាព និងប្រសិទ្ធភាពវិញលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ និងការស្រាវជ្រាវហាក់សម្តែងការព្រួយបារម្ភចំពោះយន្តការបែងចែកថវិកា ដោយលោកបានស្នើឱ្យមានការតាមដានយ៉ាងម៉ឺងម៉ាត់ ជៀសវាងការកិបកេង និងត្រូវមានរបាយការណ៍ច្បាស់លាស់ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើតម្លៃប្រេងនៅតែបន្តហក់ឡើង វានឹងរុញច្រានផលប៉ះពាល់ដល់គ្រួសារមានជីវភាពមធ្យម និងពលរដ្ឋទូទៅ ដែលទាមទារឱ្យមានគោលនយោបាយគាំពារជាទូទៅ មិនមែនផ្តោតតែលើក្រុមក្រីក្រមួយមុខនោះឡើយ។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺជាកិច្ចអន្តរាគមន៍សង្គមដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលសេដ្ឋកិច្ចសកល និងបង្កើនភាពធន់ នៃជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះប្រមាណ៤,៦លាននាក់នៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា