ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់កំពុងកើនឡើងជាថ្មី បន្ទាប់ពីចិនបានបញ្ជូននាវាឆ្មាំសមុទ្រ និងនាវាវាស់ស្ទង់សមុទ្រចូលទៅធ្វើប្រតិបត្តិការនៅតំបន់ទឹកសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់ កាលពីដើមខែមិថុនា។ អាជ្ញាធរកោះតៃវ៉ាន់បានចោទប្រកាន់ថា នាវារបស់ចិនបានរំខានដល់កប៉ាល់ពាណិជ្ជកម្មអន្តរជាតិ ដោយសាកសួរព័ត៌មានអំពីគោលដៅធ្វើដំណើរ និងអះអាងសិទ្ធិគ្រប់គ្រងលើតំបន់សមុទ្រដែលកោះតៃវ៉ាន់ចាត់ទុកថា ជាដែនទឹករបស់ខ្លួន។
ក្រសួងការបរទេសអាម៉េរិកបានរិះគន់សកម្មភាពរបស់ចិន ដោយចាត់ទុកជាទង្វើបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ និងជាការប៉ុនប៉ងបង្កើនការដាក់សម្ពាធលើសេរីភាព នៃការធ្វើនាវាចរណ៍។ ទន្ទឹមនេះមហាអំណាច៣ផ្សេងទៀតដូចជាអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយដោយព្រមានថា សកម្មភាពរបស់ចិនអាចគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងសុវត្ថិភាពនៃការដឹកជញ្ជូនសមុទ្រអន្តរជាតិ។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបានអះអាងថា ការល្បាតនេះគឺស្របច្បាប់ និងមានភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន។ ចិនក៏អះអាងដែរថា សកម្មភាពនេះពាក់ព័ន្ធនឹងផែនការចរចាកំណត់ព្រំដែនសមុទ្ររវាងប្រទេសជប៉ុន និងហ្វីលីពីន ដែលទីក្រុងប៉េកាំង ចាត់ទុកថា បានប៉ះពាល់ដល់តំបន់ដែលខ្លួនទាមទារកាន់កាប់។
ការប្រឈមមុខដាក់គ្នាជុំថ្មីនេះបានបង្ហាញថា កោះតៃវ៉ាន់នៅតែជាចំណុចភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់បំផុតមួយនៅអាស៊ី ខណៈដែលចិនបន្តពង្រីកឥទ្ធិពល និងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ស្របពេលដែលលោកខាងលិចកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំងកាន់តែខ្លាំងឡើង៕
ដោយ: តែម សុខុម