វេទិកាការពារជាតិ

ចិនគ្រោង​បើកវេទិកាការពារជាតិប្រចាំឆ្នាំ ដើម្បីបង្ហាញចក្ខុវិស័យសម្រាប់សន្តិសុខពិភពលោក ចំពេលភាពតានតឹងក្នុងតំបន់កំពុងឡើងកម្ដៅ


ចិនកំពុង​ត្រៀមបង្ហាញចក្ខុវិស័យរបស់ខ្លួនលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក ខណៈភាព​តានតឹងនៅអាស៊ីកំពុងឡើងកម្ដៅរាប់ចាប់ពីបញ្ហាកោះតៃវ៉ាន់ សមុទ្រ​ចិនខាងត្បូង រហូតដល់ការប្រកួតប្រជែងរវាងចិន និងអាម៉េរិក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺកម្ពុជាក៏ទទួល​បាន​ការអញ្ជើញឱ្យចូលរួមក្នុងវេទិកាដ៏សំខាន់នេះផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ទៅកាន់ទីក្រុងប៉េកាំង និងថ្លែងសុន្ទរកថាក្រោមប្រធានបទជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ។ តើចិននឹងបញ្ជូនសារអ្វីខ្លះទៅកាន់តំបន់?
វេទិកាការពារជាតិ
ដោយ

វេទិកាការពារជាតិប្រចាំឆ្នាំរបស់ចិន «Xiangshan Forum» រយៈពេល៣ថ្ងៃ នឹងបើកនៅទីក្រុង
ប៉េកាំង ប្រទេសចិនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានមន្ត្រីយោធា អ្នកការទូត និងអ្នកជំនាញរាប់រយនាក់មកពីប្រទេសរាប់សិបចូលរួម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៤ ខែកញ្ញា នេះ។ រដ្ឋមន្ត្រីការពារជាតិចិនលោក តុង ជុន (Dong Jun) ត្រូវបានរំពឹងថា នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែច្រើន និងជំរុញគំនិតពិភពលោកពហុប៉ូល ខណៈអាចលើកឡើងពីការកាត់បន្ថយឥទ្ធិពលរបស់អាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។
ជប៉ុនអាចប្រឈមនឹងការរិះគន់កាន់តែខ្លាំងខណៈភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូកំពុងឡើងកម្ដៅ។ រីឯកោះតៃវ៉ាន់ ក៏ជាបញ្ហាសំខាន់មួយផងដែរ បន្ទាប់ពីកោះនេះបានធ្វើសមយុទ្ធយោធា និងការពារបែបស៊ីវិល ដើម្បីត្រៀមទប់ទល់នឹងហានិភ័យឈ្លានពានដែលអាចកើតមាន។ វេទិកានេះធ្វើឡើង ខណៈប្រទេសអាស៊ីមួយចំនួនកំពុងចោទសួរអំពីអនាគតនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់អាម៉េរិក។ ស្ថានការណ៍នេះអាចផ្តល់ឱកាសឱ្យចិនជំរុញទស្សនៈថា ប្រទេសអាស៊ីគួរដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ឬយ៉ាងណា។ ប៉ុន្តែចិនក៏ប្រឈមនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនផងដែរ។ សកម្មភាពកាន់តែសកម្មរបស់ទីក្រុងប៉េកាំង ជាពិសេសនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យប្រទេសជាច្រើនក្នុងតំបន់មានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលយោធាដែលកំពុងកើនឡើងរបស់ចិន។
វៀតណាមដែលជាគូប្រជែងរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង នឹងបញ្ជូនរដ្ឋមន្ត្រីការពារជាតិចូលរួម ខណៈម៉ាឡេស៊ីនឹងបញ្ជូនរដ្ឋមន្ត្រីការពារជាតិរង។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ក្រោមប្រធានបទជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ។ ក្រៅពីនេះឯកឧត្តម ទៀ សីហា ក៏គ្រោងជួបពិភាក្សាជាមួយសមភាគីចិន ឡាវ វៀតណាម សិង្ហបុរី និងតំណាងប្រទេសផ្សេងៗ ដើម្បីផ្លាស់ប្តូរ
ទស្សនៈអំពីសន្តិសុខក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើក្រុមប្រទេស BRICS អាចឈានទៅដល់«ទសវត្សរ៍មាស»ដូចការរំពឹងទុករបស់មេដឹកនាំចិនដែរឬទេ?

បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS លើកទី១៨នៅប្រទេសឥណ្ឌា បានបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃអាទិត្យ កន្លងទៅ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែ…

ថាមពលអគ្គិសនី

ប្រទេសឡាវត្រូវបានគេស្គាល់ថា ជាអាគុយអគ្គិសនីរបស់អាស៊ីអាគ្នេយ៍ ដោយសារឡាវផលិត និងនាំចេញអគ្គិសនីយ៉ាងច្រើនទៅកាន់ប្រទេសជិតខាងដូចជាថៃ កម្ពុជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ