ឡាវមានរោងចក្រវារីអគ្គិសនីជាច្រើន ហើយការនាំចេញអគ្គិសនីទៅប្រទេសជិតខាង គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ប្រទេសនេះ តែអគ្គិសនីដែលផលិតបានភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេស។ អ្នកជំនាញម្នាក់ប៉ាន់ស្មានថា ប្រហែល៨០% នៃអគ្គិសនីដែលឡាវផលិតទាំងអស់ ត្រូវបាននាំចេញ ដោយទិន្នន័យបានបង្ហាញថា នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគិតត្រឹមឆ្នាំ២០២៤ ការនាំចេញអគ្គិសនីរបស់ឡាវបានកើនឡើងជាង៣ដងពីប្រហែល១២ទៅ៣៨តេរ៉ាវ៉ាត់ម៉ោង (TWh) ក្នុងមួយឆ្នាំ។
បញ្ហាមួយទៀត គឺបណ្តាញអគ្គិសនីក្នុងស្រុកមានសភាពចាស់ទ្រុឌទ្រោម ដោតបណ្តាញចែកចាយជាច្រើនត្រូវបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយកំពុងពិបាកទប់ទល់នឹងតម្រូវការអគ្គិសនីដែលកើនឡើង។ នៅតំបន់ជនបទ ការដួលរលំដើមឈើសង្កត់លើខ្សែភ្លើង ក៏អាចធ្វើឱ្យភូមិទាំងមូលដាច់ភ្លើង ដោយសារខ្វះប្រព័ន្ធបម្រុងផងដែរ។
បន្ថែមពីនេះ ឡាវពឹងផ្អែកខ្លាំងលើវារីអគ្គិសនីដែលមានចំណែកប្រហែល៨០% នៃការផលិតអគ្គិសនី ដែលធ្វើឱ្យនៅរដូវប្រាំងចាប់ពីខែមីនា ដល់ខែសីហា ការផ្គត់ផ្គង់អគ្គិសនីអាចធ្លាក់ចុះ។ ជាលទ្ធផល នៅពេលខ្លះ ឡាវមិនត្រឹមតែពិបាកផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវនាំចូលអគ្គិសនីពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការក្នុងប្រទេសផងដែរ។ ស្ថានភាពនេះបង្ហាញពីភាពផ្ទុយគ្នាដ៏គួរឱ្យចាប់អារម្មណ៍ថា ឡាវមានអគ្គិសនីសម្រាប់លក់ទៅក្រៅប្រទេស ប៉ុន្តែប្រជាជនក្នុងស្រុកនៅតែប្រឈមការដាច់ភ្លើង និងការផ្គត់ផ្គង់អគ្គិសនីមិនទៀងទាត់៕