យោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក ឡូរ៉ង់ នុយនេ (Laurent Nunez) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វិធានការសន្តិសុខកម្រិតខ្ពស់ រួមទាំងការរៀបចំរថពាសដែក និងរថយន្តបាញ់ទឹកនឹងត្រូវពង្រឹងទ្វេដង។ លោកបានព្រមានចំៗថា ថ្ងៃទី៣១ ខែតុលា អាចជាថ្ងៃមានហានិភ័យខ្ពស់បំផុត ដែលក្រុមបង្កចលាចល នឹងបង្កើតភាពវឹកវរនៅតាមទីសាធារណៈ។ ជាមួយគ្នានេះកងប៉ូលិស និងកងអាវុធហត្ថប្រមាណ៧ម៉ឺននាក់នឹងត្រូវដាក់ពង្រាយបន្ថែមលើកម្លាំងដែលមានស្រាប់ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានហៅថា ជាវិធានការការពារសន្តិសុខ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់។
តាមទិន្នន័យផ្លូវការរបស់ក្រសួងមហាផ្ទៃបារាំង បាតុកម្មកាលពីសប្តាហ៍មុន មានប្រជាជនចូលរួមប្រហែល៤១ម៉ឺននាក់នៅទូទាំងប្រទេស ប៉ុន្តែក្រុមសហជីពបានអះអាងថា ចំនួនពិតប្រាកដអាចច្រើនជាងនេះទ្វេដង។ សកម្មភាពបង្ក្រាបកាលពីសប្តាហ៍មុន បានឈានដល់ការចាប់ខ្លួនមនុស្សរហូតដល់ជាង២,៧០០នាក់។
ទោះជាយ៉ាងណា ក្រុមចលនាអាវកាក់ពណ៌លឿង និងសហជីពសិស្ស-និស្សិត នៅតែប្រកាសអំពាវនាវឱ្យមានការបះបោរតវ៉ាមួយរលកទៀតនៅថ្ងៃសៅរ៍ ស្អែកនេះ។ លោក នុយនេ បានព្រមានកុំឱ្យអ្នកតវ៉ាឆ្លៀតឱកាសយកថ្ងៃបុណ្យ Halloween ធ្វើជាលេសពាក់ម៉ាស់បិទមុខ ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ និងបង្កភាពចលាចល ដោយលោកបានគូសបញ្ជាក់ថា ការតវ៉ាត្រូវបានអនុញ្ញាត ប៉ុន្តែដាច់ខាតមិនឱ្យធ្វើនៅចំកណ្តាលបេះដូង នៃទីក្រុងនោះទេ។
ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការប្រើប្រាស់កម្លាំងលើសលប់របស់អាជ្ញាធរបារាំង ទៅលើក្រុមបាតុករវ័យក្មេង និងសិស្ស-និស្សិត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២៨ ខែតុលា អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ចំនួន៤រូបបានរិះគន់ថា ការចាប់ខ្លួន និងឃុំខ្លួនមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអនីតិជន គឺជាទង្វើមិនសមាមាត្រនឹងស្ថានការណ៍ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី៕