មេដឹកនាំចិនបានអះអាងជាថ្មីថា ប្រទេសចិននឹងបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់ជាជាងបង្កើនការចំណាយរបស់ប្រជាជន ទោះបីជារងសម្ពាធជាច្រើនឆ្នាំពីសហរដ្ឋអាម៉េរិក អឺរ៉ុប និងក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដែលជំរុញឱ្យប្រទេសចិន កែប្រែយ៉ាងណាក៏ដោយ។ ថ្នាក់ដឹកនាំកំពូល នៃបក្សកុម្មុយនីស្តចិន ក៏បានបញ្ជាក់ដែរថា យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តរក្សានៅដដែលដោយផ្តោតលើការគាំទ្រតាមគោលដៅ គឺមិនមែនដាក់ចេញកញ្ចប់វិធានការជំរុញការប្រើប្រាស់ទ្រង់ទ្រាយធំនោះឡើយ។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មចិន បានច្រានចោលការចោទប្រកាន់របស់លោកខាងលិចដែលថា ចិនមានផលិតកម្មលើសតម្រូវការខ្លាំងហួសហេតុ ដោយចាត់ទុកវាជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ និងខ្វះមូលដ្ឋាន។ ការប្រកាសជំហរនេះធ្វើឡើង ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងជួបពិភាក្សាគ្នានៅចុងឆ្នាំនេះ ខណៈសហភាពអឺរ៉ុប ក៏បានកំណត់យកខែតុលា ធ្វើជាឱសានវាទឱ្យចិន ដោះស្រាយជម្លោះពាណិជ្ជកម្មផងដែរ។
សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានអះអាងថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនបានធ្វើឱ្យទំនិញចិនតម្លៃថោកៗហូរចូលទីផ្សារពិភពលោក បង្កសម្ពាធលើឧស្សាហកម្មក្នុងប្រទេសផ្សេងៗ។ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា គំរូសេដ្ឋកិច្ចរបស់ខ្លួនជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងផ្តល់
អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកវិភាគមើលឃើញថា ជំហរចុងក្រោយនេះបង្ហាញថា ចិនកំពុងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការទប់ទល់សម្ពាធពីលោកខាងលិច ហើយមានបំណងការពារគោលនយោបាយសេដ្ឋកិច្ចស្នូលរបស់ខ្លួន ដោយមិនចង់ធ្វើសម្បទានធំៗនៅលើតុចរចាឡើយ៕
ដោយ: តែម សុខុម