ក្រោយដឹងពីហេតុការណ៍នេះភ្លាម ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ក៏បានចាត់វិធានការរឹតបន្ដឹងការនាំចូលស្ពៃទាំងនេះ ពីប្រទេសចិន ខណៈដែលកន្លងមកស្ពៃចិន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីផលិតគីមឈី ឬស្ពៃជ្រក់នៅក្នុងប្រទេសកូរ៉េ។
ប្រទេសចិនបានបើកការត្រួតពិនិត្យនៅនឹងកន្លែង និងការត្រួតពិនិត្យតាមទីផ្សារ បន្ទាប់ពីមានការបង្ហោះវីដេអូ ចែកចាយយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ដែលបង្ហាញពីស្ពៃក្ដោប និងស្ពៃស្រួយរបស់ចិនទាំងនោះ ត្រូវបានគេជ្រលក់ចូលទៅក្នុងសារធាតុគីមីឧស្សាហកម្ម ហ្វ័រម៉ាល់ដេហាយ (Formaldehyde) ដើម្បីរក្សាទុកស្ពៃឱ្យនៅស្រស់បានយូរ ខណៈដែល សារធាតុគីមី ហ្វ័រម៉ាល់ដេហាយ នេះ គេប្រើប្រាស់វាដើម្បីរក្សាទុកសាកសព និងហាមឃាត់ដាច់ខាតក្នុងការប្រើប្រាស់លើចំណីអាហារ។
មន្ត្រីនៅខេត្តហឺប៉ីភាគឦសានប្រទេសចិនបានបញ្ជាក់ថា ពួកគេបានផ្ទៀងផ្ទាត់វីដេអូ គេបង្ហោះតាមបណ្ដាញសង្គមនោះ និងបានបញ្ជាក់ថា ស្ពៃក្ដោប និងស្ពៃស្រួយទាំងនោះ ពិតជាត្រូវបាន គេយកជ្រលក់ចូលក្នុងទឹកមានសាធារគីមីរក្សាទុកឱ្យនៅស្រស់ មុនពេលដឹកវាឡើងទៅលើឡានដឹកទំនិញ សម្រាប់ដឹកជញ្ជូនចេញ។
ក្រុមមន្ត្រីចិន កំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការភ័យស្លន់ស្លោ និងស្តារទំនុកចិត្តឡើងវិញ ដោយអនុវត្តការត្រួតពិនិត្យនៅនឹងកន្លែងនៅលើទីផ្សារនានាទូទាំងប្រទេស។
ទោះបីជានៅក្នុងរបាយការណ៍ពីសារព័ត៌មានអន្តរជាតិពុំបានលើកឡើងពីកម្ពុជាក្ដី ប៉ុន្ដែ តាមការអះអាងកន្លងមកពីអាជីវករលក់បន្លែនៅរាជធានីភ្នំពេញ ធ្លាប់បង្ហើបឱ្យខេមបូណូមីសដឹងថា បច្ចុប្បន្នផលិតផលកសិកម្មបន្លែផ្លែឈើរបស់ចិន ក៏មានហូរចូលមកលក់ច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ រួមទាំងប្រភេទស្ពៃក្ដោប ស្ពៃបូកគោនេះ ជាដើម។ បើតាមអាជីវករ ផលិតផលកសិកម្មពីប្រទេសចិនទាំងនោះ បាននាំចូលមកលក់នៅលើទីផ្សារកម្ពុជា តាមរយៈច្រកប្រទេសវៀតណាម៕
ដោយៈ សរ សុជាតិ