យ៉ាងណាមិញ ចិន បានអះអាងថា ខ្លួននឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន ប៉ុន្តែអ្នកវិភាគមើលឃើញថា ទីក្រុងប៉េកាំង កំពុងប្រឈមតុល្យភាពដ៏លំបាកនោះ គឺចិន ត្រូវការប្រាក់ដុល្លារ តែមិនចង់ឱ្យក្រុងវ៉ាស៊ីនតោនកាន់កាប់ ប៊ូតុង បញ្ជាសេដ្ឋកិច្ចរបស់ខ្លួនជាដាច់ខាត។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន CNBC និង ANN នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានថា ក្រុមហ៊ុន និង ធនាគារដែលជួយអ៊ីរ៉ង់ គេចវេសពីទណ្ឌកម្ម អាចនឹងត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាម៉េរិក។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) ក៏បានព្រមានដែរថា ធនាគារចិន ដែលជាប់ពាក់ព័ន្ធនឹងការបំប្លែងចំណូលពីការលក់ប្រេងរបស់អ៊ីរ៉ង់ អាចក្លាយជាគោលដៅទណ្ឌកម្ម។ តែយ៉ាងណា ចិន បានច្រានចោលការគំរាមនេះ ដោយហៅទណ្ឌកម្មជាឯកតោភាគីរបស់អាម៉េរិកថា ខុសច្បាប់ និងព្រមានថា សម្ពាធសេដ្ឋកិច្ចបែបនេះអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអស្ថិរភាព។
មុនផ្ទុះសង្គ្រាម ចិន បានប្រមូលទិញប្រេងប្រមាណ៩០% នៃប្រេងនាំចេញរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់។ ទណ្ឌកម្មថ្មីរបស់អាម៉េរិក ក៏បានកំណត់គោលដៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលមានមូលដ្ឋាននៅចិនផងដែរ។ ជាមួយគ្នានេះ ចិន កំពុងកសាងផ្លូវហិរញ្ញវត្ថុដើម្បីជំនួស តាមរយៈការពង្រីកប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន CIPS និងបង្កើនកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយប្រទេសដទៃ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រាក់ដុល្លារអាមេរិក។
តែយ៉ាងណា ប៉ុន្តែប្រាក់ដុល្លារអាម៉េរិកនៅតែជាកម្លាំងស្នូលនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដោយគ្របដណ្ដប់ជាងពាក់កណ្តាលនៃការទូទាត់ទូទាំងពិភពលោក ខណៈប្រាក់យន់ចិនគ្របដណ្ដប់ត្រឹមប្រមាណ ៣,១%ប៉ុណ្ណោះ ដូច្នេះទីក្រុងប៉េកាំង ទំនងជាមិនអាចបោះបង់ប្រព័ន្ធប្រាក់ដុល្លារអាមេរិកភ្លាមៗ ឬប្រឈមមុខដោយផ្ទាល់ជាមួយក្រុងវ៉ាស៊ីនតោននោះឡើយ។ ផ្ទុយទៅវិញចិនកំពុងរក្សាទំនាក់ទំនងជាមួយប្រព័ន្ធប្រាក់ដុល្លារ ទន្ទឹមនឹងការកសាងផែនការបម្រុង ដើម្បីការពារខ្លួនពីទណ្ឌកម្មនាពេលអនាគត។ យ៉ាងណាក៏ដោយ គេរំពឹងថាលោក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងជួបគ្នាឆាប់ៗខាងមុខនេះ៕
ដោយ: តែម សុខុម